ឯកឧត្តម ងួន រតនៈ អញ្ជើញជាអធិបតីចែកកុំព្យូទ័រយួរដៃ៧១គ្រឿងដល់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងសុខាភិបាលក្នុងខេត្តបាត់ដំបង


រសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ខែសីហាឆ្នាំ២០១៨នេះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីចែកកុំព្យូទ័រយួរដៃចំនួន៧១គ្រឿងដល់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងសុខាភិបាលក្នុងខេត្តនៅបរិវេណសាលាខេត្តតបាត់ដំបង។

ពិធីចែកសម្ភារៈព័ត៌មានវិទ្យា(កុំព្យូទ័រ)នេះ ក៏មានការចូលរួមពី
ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព អភិបាលក្រុង ស្រុកទាំង១៤ ការិយាល័យអប់រំក្រុង ស្រុក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងអង្គភាពមួយចំនួនទៀត។

លោក ងួន យូរ ប្រធានមន្ទីរមុខងារសាធារណៈខេត្តបាត់ដំបងបានឲ្យដឹងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈដែលមានក្រសួងមុខងារសាធារណៈជាសេនាធិការ ដើម្បីកែលម្អការផ្តល់សេវាសាធារណៈ , ការអភិវឌ្ឍន៍ធនធានមនុស្ស និងការបង្កើនប្រាក់បៀវត្តរបស់មន្រ្តីរាជការស៊ីវិល។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រិត្យលេខ៥៤ អនក្រ បក ចុះថ្ងៃទី៣០ខែមេសាឆ្នាំ២០១៨ ស្តីពីការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលក្នុងគោលបំណងជំរុញនិងលើកកម្ពស់ប្រសិទ្ទភាពនិងគុណភាពនៃដំណើរការរបស់អង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យរួមមាន៖( វិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា សាលាមត្តេយ្យសិក្សា) និងវិស័យសុខាភិបាលមាន៖ ( មន្ទីរពេទ្តបង្អែករាជធានី ខេត្ត មន្ទីរពេទ្យបង្អែកក្រុង ស្រុកនិងមណ្ឌលសុខភាព) ឲ្យកាន់តែប្រសើរតាមរយៈការកំណត់ឲ្យមានការវាយតម្លៃនិងការទទួលខុសស្គាល់ អង្គភាពផ្តល់សេវាគំរូទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិតាមរយៈយន្តការការបង្កើតឲ្យមានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ក្រុង ស្រុក ខណ្ឌ គណៈកម្មការវាយតម្លៃអង្គផាពសេវាសាធារណៈថ្នាក់រាជធានីខេត្ត គណៈកម្មាធិការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ដែលជាគណកម្មការនីមួយៗមានតួនាទីនិងភារកិច្ចខុសៗគ្នាដូចមានលម្អិតខ្លឹមសារអនុក្រិត្យរបស់រាជរដ្ឋាភិបាលស្រាប់។