សម្ដេចតេជោសម្រេចកាត់ដីចេញពីក្របខ័ណ្ឌដីចម្ការកៅស៊ូរដ្ឋជូនប្រជាពលរដ្ឋ ចំនួន១២៦០គ្រួសារ


ខេត្តរតនគិរី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦–សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចកាត់ដីចេញពីក្របខ័ណ្ឌចម្ការកៅស៊ូរបស់រដ្ឋ ជូនប្រជាពលរដ្ឋចំនួន១២៦០គ្រួសារ នៅខេត្តរតនគិរី ដើម្បីឱ្យបងប្អូនមានសិទ្ធិកាន់កាប់ស្របច្បាប់។
តាមបណ្ដាញហ្វេសប៊ុករបស់សម្ដេចបានឱ្យដឹងថា មុននឹងចាប់ផ្ដើមកិច្ចប្រជុំសំណេះ       សំណាល ជាមួយមន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ សង្កាត់ និងកងកម្លាំងប្រដាប់អាវុធខេត្តរតនគិរី នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចកាត់ដីនៅសង្កាត់កាចាញ ក្រុងបានលុង ដែលមានភូមិចំនួន៥ គឺភូមិលេខ១ ភូមិលេខ២ ភូមិលេខ៣ ភូមិលេខ៤ និងភូមិលេខ៥ ដែលមាន ប្រជាពលរដ្ឋចំនួន ១២៦០ គ្រួសារ គឺកាត់ចេញពីក្របខ័ណ្ឌដីចម្ការកៅស៊ូរបស់រដ្ឋ ហើយប្រគល់ ទៅឱ្យប្រជាពលរដ្ឋទៅតាមទំហំដីជាក់ស្ដែង ដែលប្រជាពលរដ្ឋបានកាន់កាប់រស់ នៅជាយូរឆ្នាំមកហើយ។
ក្រសួងដែនដី និងអាជ្ញាធរខេត្តនឹងរៀបចំប្លង់កម្មសិទ្ធិដីស្របច្បាប់ ជូនប្រជាពលរដ្ឋ ឱ្យមានសិទ្ធិកាន់កាប់ រស់នៅ និងអភិវឌ្ឍន៍លំនៅឋានឱ្យបានល្អសមរម្យ។
ជានិច្ចកាលសម្ដេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ដោះស្រាយបញ្ហាផ្សេងៗដែល ជាកង្វល់ជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទូទាំងប្រទេស។
នៅក្នុងពិធីសំណេះសំណាលនេះផងដែរ ឯកឧត្ដម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានឱ្យដឹងតាមរយៈរបាយការណ៍ថា នៅឆ្នាំ២០១៦នេះ ស្រូវរដូវវស្សាអនុវត្តន៍បានលើផ្ទៃដីសរុប ចំនួន៨.៧៣៥ហិកតា លើផែនការ២៦.០០០ហិកតា ក្នុងនោះស្រូវចម្ការធ្វើបានចំនួន៧.៩៦០ហិកតា ស្នើនឹង៦៧,៩១ភាគរយ និងស្រូវពង្រោះចំនួន៧៧៥ហិកតា ដំណាំកៅស៊ូសរុប ចំនួន៦៩.៣៤១ហិកតា ក្នុងនោះមានកៅស៊ូលក្ខណៈឯកជន និងគ្រួសារ ចំនួន៣៧.៨៦៣ហិកតា ផ្ទៃដីជាជ័របាន ចំនួន៦.៦៧០ហិកតា។ កៅស៊ូក្រុមហ៊ុន និងដីសម្បទានសេដ្ឋកិច្ចមានចំនួន ៣១.៤៧៧ហិកតា កំពុងជាជ័រចំនួន៦.៦៧០ហិកតា។
ដំណាំដូងប្រេងសរុបចំនួន១២.៤៤៩ហិកតា ផ្ទៃដីដាំស្វាយចន្ទីសរុបបានចំនួន ១៩.១៤៦ហិកតា ដំណាំម្រេចដាំបានចំនួន៧៧១ហិកតា ដំណាំរួមផ្សំរយៈពេលខ្លីសរុប ចំនួន១៤៦៦៣ហិកតា ក្នុងនោះមាន ពោត ៦០៧ហិកតា ដំឡូងជ្វា១៥ហិកតា ដំឡូងមី១៣.៤២៣ហិកតា សណ្ដែកបាយ៣០៨ហិកតា អំពៅ២៤ហិកតាល្ង៥ហិកតា និងសណ្ដែកដី២៥១ហិកតា។
ចំពោះវិស័យទេសចរណ៍ឆ្នាំ២០១៥កន្លងទៅ ខេត្តទទួលបានភ្ញៀវទេសចរសរុបចំនួន១៤៦.៥៧០នាក់ មានការកើនឡើង០,៨៣ភាគរយ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១៣២.០៦០នាក់ ភ្ញៀវទេសចរ អន្តរជាតិ មានចំនួន១៤.៥១០នាក់។ ក្នុងខេត្តមានសេវាស្នាក់នៅសរុប៥០កន្លែង ស្នើនឹង១.០៨៩បន្ទប់ ក្នុងនោះសណ្ឋាគារមានចំនួន១៤កន្លែង ស្មើនឹង៤៤៨បន្ទប់ និងផ្ទះសំណាក់មានចំនួន៣៦កន្លែង ស្មើនឹង៥៤១បន្ទប់។
ភោជនីយដ្ឋានសរុបចំនួន១៤កន្លែង អាហារដ្ឋានចំនួន២៤កន្លែង កន្លែងលក់វត្ថុអនុស្សាវរីយ៍១៩កន្លែង ដែលក្នុងនោះមាន ប្រភេទត្បូង១០កន្លែង ឈើ៥កន្លែង និងប្រាក់៤កន្លែង។
ខេត្តមានរមណីយដ្ឋានទេសចរណ៍ចំនួន១៤កន្លែង ក្នុងនោះរមណីយដ្ឋានធម្មជាតិចំនួន១២កន្លែង និងរមណីយដ្ឋានវប្បធម៌ធម្មជាតិ មានចំនួន២កន្លែង។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្ដីរីករាយដែលបានវិលត្រឡប់ មកកាន់ខេត្តរតនគិរី ជាថ្មីម្ដងទៀត បន្ទាប់ពីលើកមុន សម្ដេចបានមកក្នុងពេលចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។
សម្ដេចតេជោបន្តថា សម្ដេចបានសង្កេតឃើញអំពីការរីកលូតលាស់ បើប្រៀបធៀបកាលពីថ្ងៃ ៧មករាឆ្នាំ១៩៨២ ដែលទីក្រុងបានលុងជាទីរួមខេត្តរតនគិរី ត្រូវបានរើពីលំផាត់មក ហើយពេលនោះ សម្ដេចក៏បានមកចូលរួមបុណ្យ៧មករា ដែលមានឯកឧត្ដម សីយ កែវ ឯកឧត្តម ប៊ូ ថង ទទួលនៅទីនេះ ហើយស្ថានភាពនេះ គឺវាដាច់គ្នាស្រឡះឆ្ងាយណាស់។
សម្ដេចបន្ថែមថា កាលពីពេលនោះ គ្មានផ្ទះសំណាក់ គ្មានផ្លូវងាយស្រួលនោះទេ ប៉ុន្តែពេលនោះ ខេត្តរតនគិរីមានចំណុចពិសេសមួយនៅត្រង់ថា ខេត្តដែលមានវារីអគ្គិសនីប្រើមុនគេ។
គួរបញ្ជាក់ដែរថា ក្នុងដំណើរពិនិត្យមើលសមិទ្ធផលពាក់កណ្ដាលអាណត្តិ និងដោះស្រាយបញ្ហាប្រឈម នានានៅខេត្តរតនគិរី សម្ដេតេជោនាយករដ្ឋមន្ត្រីបានផ្ដើនូវការសាងសង់អាគារសិក្សាជាច្រើនខ្នងផងដែរ មុននឹងបន្តដំណើរមកកាន់ខេត្តស្ទឹងត្រែង៕

14368805_1099816393400190_929259852507461700_n