រដ្ឋមន្ត្រី អ៊ិត សំហេង៖ ដោយគិតត្រឹមឆ្នាំ២០១៦ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានទទួលសំណុំរឿងវិវាទជាង ២,៦៥០ ហើយទទួលបានអត្រាជោគជ័យចំនួន ៧៥%


(ភ្នំពេញ)៖ ក្នុងពិធីបើកកិច្ចប្រជុំសម្រេចលើអនាគត និងដើម្បីបញ្ចៀសវិបត្តិហិរញ្ញវត្ថុនៃក្រុមប្រឹក្សាអាជ្ញាកណ្ដាល នៅសណ្ឋាគារសាន់វ៉េ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងភាពជាដៃគូក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការងារជាមួយគ្នាយ៉ាងជិតស្និទ្ធ អស់រយៈពេលជាង១៥ឆ្នាំមកហើយ ដើម្បីឆ្ពោះទៅរកប្រព័ន្ធទំនាក់ទំនងវិជ្ជាជីវៈមួយល្អប្រសើរ សម្រាប់ទាំងនិយោជក និងកម្មករនិយោជិត។ កិច្ចសហការនេះ បានសម្រេចនូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ រួមទាំងការដោះស្រាយវិវាទការងារ ដោយគិតត្រឹមឆ្នាំ២០១៦ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានទទួលសំណុំរឿងវិវាទជាង ២,៦៥០ ដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយកម្មករនិយោជិតជាង ១លាននាក់ ហើយទទួលបានអត្រាជោគជ័យចំនួន ៧៥% ក្នុងចំណោមសំណុំរឿងវិវាទដែលបានដោះស្រាយទាំងអស់ តាមរយៈការផ្សះផ្សា និងមជ្ឈត្តកម្មដែលចំណាយពេលជាមធ្យម១៧ថ្ងៃ។

តាមរយៈការដោះស្រាយវិវាទការងារនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល សិទ្ធិរបស់កម្មករនិយោជិតនឹងត្រូវបានលើកកម្ពស់ស្របតាមបទបញ្ញត្តិច្បាប់ស្តីពីការងារ។ ការពង្រឹងការអនុវត្តច្បាប់ស្តីពី សហជីពកាន់តែធានាបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈថែមទៀត គឺទី១.ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត ទី២.ធានានូវសិទ្ធិសេរីភាពនៃអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងនិយោជក ទី៣.ជំរុញឱ្យមានសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ទី៤.រួមចំណែកក្នុងការបង្កើត ការងារសមរម្យ និងទី៥.បង្កើនផលិតភាពដើម្បីអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត។

ឯកឧត្តមបានមានប្រសាសន៍ថា ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈនាយកដ្ឋានវិវាទការងារក៏បានដើរតួយ៉ាងសំខាន់ ក្នុងការធានាភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ប្រកបដោយប្រសិទ្ធភាពផងដែរ តាមរយៈយន្តការផ្សះផ្សាវិវាទ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ រួមជាមួយនឹងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដូចជាប្រកាសស្តីពីនីតិវិធីនៃការដោះស្រាយវិវាទការងាររួម ប្រកាសស្តីពីនីតិវិធីនៃការដោះស្រាយវិវាទបុគ្គល ប្រកាសស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាល និងប្រកាសស្តីពីការតែងតាំងក្រុមប្រឹក្សាអាជ្ញាកណ្តាល ព្រមទាំងច្បាប់ស្តីពីសហជីព ដែលទើបនឹងត្រូវបានអនុម័ត និងប្រកាសឱ្យប្រើប្រាស់កាលពីខែឧសភា ឆ្នាំ២០១៦ កន្លងមក។

ជាមួយគ្នានេះដែរ ស្ថាប័នក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏បានទទួលការកោតសរសើរពីសំណាក់ភាគីពាក់ព័ន្ធជាច្រើន ថាជាស្ថាប័នមួយដែលបានផ្តល់យុត្តិធម៌ប្រកបដោយវិជ្ជាជីវៈ និងបានចូលរួមចំណែកជួយដល់ការធ្វើឱ្យប្រសើរឡើងនូវផលិតភាពការងារ កំណើនសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែងដែលជាប្រយោជន៍ ដល់កម្មករនិយោជិត និងនិយោជក។ លើសពីនេះទៅទៀត ក្រុមប្រឹក្សាអាជ្ញាកណ្តាល ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ក្នុងការដោះស្រាយវិវាទការងារ ព្រមទាំងទទួលបាននូវទំនុកចិត្ត និងការកោតសរសើរទាំងថ្នាក់ជាតិ និងអន្តរជាតិ។

ទន្ទឹមនឹងនេះដែរ ស្របតាមផែនការយុទ្ធសាស្រ្ត ២០១៤-២០១៨ ទាក់ទងនឹងនិរន្តភាពរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រសួងនឹងសហការឱ្យកាន់តែជិតស្និទ្ធ ជាមួយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីជួយដល់មូលនិធិក្នុងការអនុវត្តផែនការយុទ្ធសាស្រ្ត អំពីនិរន្តរភាពនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល សម្រាប់រយៈពេលមធ្យម និងរយៈពេលវែង ដើម្បីឱ្យស្ថាប័នមួយនេះអាចដំណើរការការងាររបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបនឹងតម្រូវការរបស់ភាគីពាក់ព័ន្ធជានិរន្តតទៅ៕