សិក្ខាកាម១២នាក់នៃអាជ្ញាធរជាតិអប្សរាបញ្ចប់វគ្គសិក្សាការពិសោធបែបវិទ្យាសាស្ត្រសម្រាប់កិច្ចការអភិរក្ស


វគ្គសិក្សាស្តីពីការពិសោធបែបវិទ្យាសាស្ត្រសម្រាប់កិច្ចអភិរក្ស ដែលបង្រៀនដោយអ្នកជំនាញអន្តរជាតិផ្នែកអភិរក្សបេតិកភណ្ឌនៃស្ថាប័នGIZ លោកស្រីបណ្ឌិត Federica Grifi ដល់សិក្ខាកាមចំនួន១២នាក់ មកពីក្រុមអភិរក្សថ្ម (SCU/GIZ) និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាអង្គរនិងបុរាណវិទ្យាបង្ការ បានបញ្ចប់នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។

លោកស្រីបណ្ឌិត Federica Grifi មានប្រសាសន៍ថា វគ្គសិក្សានេះបានចាប់ផ្តើមកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ មានរយៈពេល១៦០ម៉ោង។ គោលបំណងដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាតដែលមានលើបទពិសោធន៍ការងារកន្លងមក និងចង់ឱ្យអ្នកជំនាញចេះស្រាវជ្រាវ ស្វែងយល់បានច្បាស់អំពីដំណើរការនៃការប្រើប្រាស់ឧបករណ៍ពិសោធន៏ និងការអនុវត្តន៏ផ្ទាល់រកលទ្ធផលមុននឹងយកវាទៅធ្វើលើវត្ថុពិត។ បន្ថែមពីនោះក៏ដើម្បីឱ្យអ្នកសិក្សាចេះស្វែងយល់បន្ថែមអំពីដំណើរការទំនាក់ទំនងនៃការងារអភិរក្សថ្មនៅតាមប្រាសាទនានា។

លោក ឡុង ណារី មន្ត្រីជំនាញអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ដែលបានសិក្សាវគ្គនេះអស់រយៈពេល៦ខែមកហើយ បានចាប់អារម្មណ៍ថា វគ្គបណ្តុះបណ្ដាលនេះហាក់ខ្លីបន្តិចចំពោះពេលវេលារៀនសូត្រ ព្រោះមួយអាទិត្យយើងរៀនតែមួយថ្ងៃ ទើបតម្រូវឱ្យពួកយើងធ្វើការស្រាវជ្រាវឯកសារដោយខ្លួនឯងច្រើន។ លោកក៏រំពឹងថា ថ្ងៃអនាគតបើមានឱកាស ពួកយើងចង់ចូលរៀនវគ្គបណ្តុះបណ្ដាលបែបនេះទៀតជាមួយអ្នកជំនាញ ពិសេសពួកយើងចង់រៀនពីការងារនៅក្នុងបន្ទប់ពិសោធន៏ឱ្យបានច្រើនជាងនេះ។

តំណាងឱ្យអគ្គនាយកអាជ្ញាធរជាតិអប្សរានៅក្នុងពិធីបិទវគ្គ លោក អ៊ឹម សុខរិទ្ធី អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរបានលើកឡើងថា នេះជាឱកាសល្អសម្រាប់អ្នកជំនាញអាជ្ញាធរជាតិអប្សរាអភិវឌ្ឍសមត្ថភាពខ្លួនលើការងារប្រចាំថ្ងៃនិងមានគោលដៅវែងឆ្ងាយលើវិស័យបេតិកភណ្ឌ។ ការសិក្សានៅទីនេះ អាចនឹងល្អជាងបរទេសមួយចំនួន ព្រោះមានទាំងមន្ទីរពិសោធន៍និងការអនុវត្តនៅលើទីតាំងផ្ទាល់ រួមទាំងមានអ្នកជំនាញអន្តរជាតិជាច្រើនមកចែករំលែកចំណេះដឹងបន្ថែមជាញឹកញាប់។ លោកក៏សូមអរគុណដល់អ្នកស្រីបណ្ឌិតដែលបានចែករំលែកចំណេះដឹងដល់អ្នកជំនាញអាជ្ញាធរជាតិអប្សរាក្នុងការអភិវឌ្ឍសមត្ថភាពចំណេះដឹងបន្ថែមពីអ្វីដែលធ្លាប់មានទាំងទ្រឹស្តីនិងការអនុវត្តការពិសោធបែបវិទ្យាសាស្ត្រសម្រាប់កិច្ចការអភិរក្សកាន់តែច្បាស់លាស់៕