សមាជិកព្រឹទ្ធសភានៃរដ្ឋ Pennsylvania បានចេញលិខិតអបអរសាទរ និងសាគមន៍ចំពោះវត្តមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញចូលរួមមហាសន្និបាត លើកទី៧៣ នៃអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
នៅក្នុងលិខិតរបស់លោក ស្សារីហ្វ ធី. ស្ត្រីត (Sharif T. Street) បានបង្ហាញយ៉ាងដូច្នេះថា «ក្នុងនាមសមាជិកព្រឹទ្ធសភា នៃរដ្ឋផេនស៊ីលវ៉ានី (Pennsylvania) សហរដ្ឋអាមេរិក យើងខ្ញុំសូមស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មកកាន់សហរដ្ឋអាមេរិក។ យើងសង្ឃឹមថា វត្តមានរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នឹងទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចេះត្រចង់ សម្រាប់វឌ្ឍនភាពរបស់ប្រទេស និងប្រជាពលរដ្ឋកម្ពុជាទាំងអស់»។
ខាងក្រោមជាខ្លឹមសារទាំងស្រុង (បកប្រែក្រៅផ្លូវការ)៖
ព្រឹទ្ធសភានៃរដ្ឋ Pennsylvania, សូមស្វាគមន៍វត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកាន់តំណែង យូរជាងគេក្នុងប្រវត្តិសាស្ត្រកម្ពុជា ក្នុងឱកាសដែលសម្ដេចអញ្ជើញមកចូលរួមមហាសន្និបាត លើកទី៧៣ នៃអង្គការសហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
សម្បត្តិបេតិកភណ្ឌរបស់ប្រទេសកម្ពុជា គឺជាផ្នែកដ៏សំខាន់មួយសម្រាប់សហរដ្ឋអាមេរិក និងទីក្រុងហ្វីឡាឌែលព្យា (Philadelphia) បន្ថែមពីលើវប្បធម៌ដ៏សម្បូរបែប និង ខុសប្លែកពីគេរបស់ទីក្រុងហ្វីឡាឌែលព្យា និងប្រជាជាតិអាមេរិកទាំងមូល។
ការរីកចម្រើននៃសកម្មភាពតស៊ូមតិ និងវឌ្ឍនភាពរបស់អង្គការវប្បធម៌កម្ពុជា នៅទីក្រុងហ្វីឡាឌែលព្យា អំឡុងពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ បានពង្រឹងសមាហរណកម្ម សេដ្ឋកិច្ច សង្គម និងការអប់រំ ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងបានពង្រីកការផ្សព្វផ្សាយវប្បធម៌របស់ប្រទេសដ៏អច្ឆរិយៈមួយនេះ ដែលត្រូវបាន ពិភពលោកស្គាល់ថា ជាប្រទេសដែលសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌយ៉ាងល្អវិចិត្រ រួមមានសម្បត្តិធម្មជាតិដ៏មានសក្តានុពល និងកេរតំណែលវប្បធម៌ អរិយធម៌ដែលច្នៃប្រឌិត ឡើងដោយបុព្វបុរស មានវិសាលភាពលាតសន្ធឹងចាប់ពីឈូងសមុទ្រថៃ រហូតដល់រាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលសិល្បៈដ៏ថ្លៃថ្លា ដូចមានដាក់តាំងបង្ហាញនៅផ្សារធំថ្មី។
ក្រៅពីនោះ មានស្ថាបត្យកម្មព្រះបរមរាជវាំងដ៏ល្អវិចិត្រ អមដោយពន្លឺលម្អភ្លឺចញ្ចាចចញ្ចែង និងស្ថាបត្យកម្មប្រាសាទអង្គរវត្តដ៏អច្ឆិរយៈ ដែលជាទីសក្ការៈដ៏ធំជាងគេលើពិភពលោក និងជាកេរតំណែងដ៏ធំធេងរបស់បុព្វបុរសខ្មែរ កាលពីសម័យមហានគរ។
ក្នុងនាមសមាជិកព្រឹទ្ធសភា នៃរដ្ឋផេនស៊ីលវ៉ានី (Pennsylvania) សហរដ្ឋអាមេរិក យើងខ្ញុំសូមស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មកកាន់សហរដ្ឋអាមេរិក។ យើងសង្ឃឹមថា វត្តមានរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នឹងទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចេះត្រចង់ សម្រាប់វឌ្ឍនភាពរបស់ប្រទេស និងប្រជាពលរដ្ឋកម្ពុជាទាំងអស់។
ពីខ្ញុំ ស្សារីហ្វ ធី. ស្ត្រីត (Sharif T. Street)