ឧបនាយករដ្ឋមន្ត្រី ហោ​ ណាំហុង៖ កម្ពុជាស្វាគមន៍អ្នកវិនិយោគទាំងអស់ ដែលមានបំណងរកស៊ី ដោយស្មោះត្រង់ជាមួយកម្ពុជា


ឧបនាយករដ្ឋមន្ត្រី ហោ​ ណាំហុង បានលើកឡើងថា ប្រទេសកម្ពុជាស្វាគមន៍រាល់បរទេសទាំងអស់ ដែលមានបំណងចង់មកវិនិយោគនៅកម្ពុជា ដោយភាពស្មោះត្រង់ ក៏ប៉ុន្តែកម្ពុជា បានផ្តល់អាទិភាពខ្ពស់ ជាពិសេសដល់អ្នកវិនិយោគចិន ព្រោះប្រទេសចិនជាមិត្ត និងជាដៃគូរមួយដែលគួរឱ្យទុកចិត្ត និងផ្តល់ភាពកក់ក្តៅបំផុត។

ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលលោក បានអញ្ជើញជាតំណាងរបស់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីទទួលជួប និងពិភាក្សាការងារជាមួយអ្នកវិយោគិនចិននៅវិមានសន្តិភាព។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងយ៉ាងដូច្នេះ៖ «ហើយកម្ពុជាយើងបានផ្តល់ការស្វាគន៍ ដល់អ្នកវិនិយោគបរទេសទាំងអស់ ប៉ុន្តែកម្ពុជាផ្តល់អាទិភាពខ្ពស់ជាពិសេសទៅប្រទេសចិន ដោយសារប្រទេសចិន ជាប្រទសមិត្តភាព មិត្តរបស់កម្ពុជាមួយ ដែលគួរឱ្យទុកចិត្តយ៉ាងកក់ក្តៅបំផុត»។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្តថា ប្រទេសកម្ពុជា និងចិន មិនមែនមានទំនាក់ទំនងធម្មតាទៅលើវិស័យទុរកិច្ច និងទុរកិច្ចនោះទេ ប៉ុន្តែគឺជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ នៅក្នុងឆ្នាំ២០១៧ មានការផ្តាស់ប្តូរដំណើរទស្សនកិច្ចជាផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន និងដំណើរទស្សនកិច្ចរបស់លោក លី ខឺជាំង នាយករដ្ឋមន្ត្រី នៃសាធារណៈរដ្ឋប្រជាមានិតចិន មកកាន់កម្ពុជាផងដែរ។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា ទន្ទឹមនឹងនេះ «ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» ក៏បានពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែខ្លាំងឡើងថែមទៀត ដូចជា ការកសាងអាកាសយានដ្ឋានថ្មី នៅខេត្តសៀមរាប និងផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ជាដើម។ ជាពិសេសទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន មានទិដ្ឋភាពធំធេងណាស់ដូចជា៖ ទ្វេរភាគី ខ្សែក្រវ៉ាត់ និងផ្លូវ មេគង្គ-ឡានចាង និងអាស៊ាន-ចិន។

សូមជម្រាបថា រយៈពេល៧ខែដើមឆ្នាំ២០១៨នេះ វិនិយោគចិននៅកម្ពុជា មានចំនួន២.៨ប៊ីលានដុល្លារ។ ក្នុងឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មចិន-កម្ពុជា មាន៥,៨០០លានដុល្លារ ហើយនៅឆ្នាំ២០២០ នឹងកើនឡើងដល់ ៦ប៊ីលានដុល្លារ។ ទន្ទឹមនឹងនេះ គំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ» របស់ប្រធានាធបិតីចិន ស៊ី ជីនពីង មានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជាដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម​វិនិយោគទុន ការផ្លាស់ប្តូរប្រជាជន។ល៕