មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានឲ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើលិខិតជាផ្លូវការទៅ ឯកឧត្តម ង្វៀន តាន់យ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អំពីការឈប់ជួលដីឲ្យប្រជាពលរដ្ឋវៀតណាម ឈប់ធ្វើស្រែចំការនៅតាមព្រំដែនរវាងប្រទេសទាំងពីរ ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៥ បានចេញសារាចរស្តីពីការហាមប្រជាពលរដ្ឋខ្មែរមិនឲ្យលក់ ឬជួលដីឲ្យទៅប្រជាពលរដ្ឋវៀតណាម ឡាវ និងថៃ ។ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើលិខិតទៅ លោកនាយករដ្ឋមន្ត្រីវៀតណាម អំពីការឈប់ឲ្យជនជាតិវៀតណាមជួលដីនៅតាមបណ្តោយព្រំដែន ។
ការចេញសារាចរនេះ គឺដោយសារតែការជួលដីទៅឲ្យប្រជាពលរដ្ឋប្រទេសជិតខាង ពុំមានឯកសារត្រឹមត្រូវតាមផ្លូវច្បាប់ឡើយ ដែលជាហេតុធ្វើឲ្យម្ចាស់ដីជាជនជាតិខ្មែរ បាត់បង់នូវផលប្រយោជន៍ នៅពេលមានវិវាទកើតមានឡើង ។