ចិនប្រកាសគាំទ្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០


លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បានថ្លែងថា ចិនតែងតែគាំទ្រជានិច្ចចំពោះតួនាទីរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំផ្សេងៗ រួមទាំងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២០ផងដែរ។

ការប្រកាសគាំទ្ររបស់លោកនាយករដ្ឋមន្ត្រីចិន បានធ្វើឡើងក្នុងពេលរូបលោកអញ្ជើញជួបសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងប្រ៊ុសហ្សែល ប្រទេសប៊ែលហ្ស៊ិក ទីដែលមេដឹកនាំប្រទេសទាំងពីរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១២។

ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញលោកនាយករដ្ឋមន្ត្រីចិន ចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលធ្វើនៅកម្ពុជានាឆ្នាំ២០២០ផងដែរ។

ដើម្បីបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏សំខាន់មួយនេះសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានស្វែងរកការគាំទ្រជាច្រើនពីបណ្តាប្រទេសនៅតំបន់អាស៊ី និងនៅអឺរ៉ុប ហើយប្រទេសទាំងនោះក៏បានបង្ហាញការឯកភាពផងដែរ។ សេចក្តីសម្រេចផ្តល់ឲ្យកម្ពុជាធ្វើជាម្ចាស់នៅកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០ នឹងត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី១២ នៅប្រទេសប៊ែលហ្ស៊ិក ដែលធ្វើឡើងនៅថ្ងៃទី១៩ ខែតុលានេះ។

សូមបញ្ជាក់ថា អាស៊ី-អឺរ៉ុប (ASEM) គឺជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ី និងតំបន់អឺរ៉ុបជាមួយការផ្ដោតសំខាន់លើសសរស្តម្ភចំនួន៣ រួមមាននយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ ASEM តំណាងឱ្យ ៥០ភាគរយ នៃ GDP របស់ពិភពលោក ព្រមទាំងស្មើនឹង ៦០ភាគរយនៃចំនួនប្រជាជនពិភពលោក និង ៦០ភាគរយ នៃពាណិជ្ជកម្មពិភពលោក។

កិច្ចប្រជុំ ASEM លើកដំបូងត្រូវបានធ្វើឡើងកាលពីខែមីនា ឆ្នាំ១៩៩៦ ក្នុងទីក្រុងបាងកក ប្រទេសថៃ។ បច្ចុប្បន្ន ASEM មានដៃគូចំនួន៥៣ ក្នុងនោះមាននៅ តំបន់អាស៊ី Asia ២១ប្រទេស រួមទាំងសមាជិកអាស៊ានទាំង ១០ប្រទេស។ ប្រទេសក្នុងតំបន់អឺរ៉ុប ចំនួន ៣០ប្រទេស ក្នុងនោះ ២៨ប្រទេសជាសមាជិកសហភាពអឺរ៉ុប និងប្រទេសមិនមែនជាសមាជិកសហភាពអឺរ៉ុបចំនួន ២ទៀត គឺន័រវែស និងស្វីស។ វេទិកានេះ ក៏មានការអញ្ជើញចូលរួមពី លេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុបផងដែរ។

សម្រាប់កម្ពុជា បានក្លាយជាសមាជិកនៃវេទិកានេះក្នុងកិច្ចប្រជុំកំពូល ASEM លើកទី៥ រៀបចំឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០០៤។ ការទទួលបានឱកាសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏សំខាន់នេះ គឺជាកិត្តិយសមួយរបស់កម្ពុជា និងជាឱកាសក្នុងការពង្រីកកិច្ចសហប្រតិបត្តិការកាន់តែប្រសើរជាមួយប្រទេសជាសមាជិករហូតដល់៥០ប្រទេសនោះ។

សូមញ្ជាក់ថា ក្នុងជំនួបទៅទីក្រុងប៊្រុសសែលនេះ សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង ក៏បានជជែកផ្លាស់ប្តូរមតិជុំវិញកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី បញ្ហាតំបន់និងអន្តរជាតិ ពិសេសលើទំនាក់ទំនងចិន-អាស៊ានផងដែរ។ ក្នុងនោះប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានពិភាក្សាពីការនាំអង្ករពីកម្ពុជាទៅកាន់ប្រទេសចិន ដែលកន្លងមកចិនបានផ្តល់កូតានាំចេញអង្ករពីកម្ពុជាទៅកាន់ប្រទេសចិនចំនួន ៣០ម៉ឺនតោន។

លោកនាយករដ្ឋមន្ត្រីចិន បានគូសបញ្ជាក់ថា ចិននឹងបន្តគាំទ្រដល់ការនាំចូលផលិតផលពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន៕