ក្រសួងបរិស្ថាន និង ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព បង្ហាញផែនការយុទ្ធសាស្រ្ត ចំនួន៣ ដើម្បីគុណភាពបរិស្ថាន និង និរន្តរភាពបរិស្ថានសម្រាប់ជាផលប្រយោជន៍ដល់ប្រជាជនកម្ពុជា


ក្រសួងបរិស្ថាន និង ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព បានបង្ហញផែនការយុទ្ធសាស្ត្រចំនួន៣ ដើម្បី ធានាថា កេរ្តិ៍តំណែល ធនធានធម្មជាតិរបស់កម្ពុជា ត្រូវបានការពារ និង អភិរក្ស សម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជា នេះបើតាម ឯកឧត្តម រ័ត្ន វីរៈ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ដែលបានថ្លែងឲ្យដឹង នៅក្នុងសិក្ខាសាលា ស្តីពី ការរៀបចំគម្រោង LDCF GEF “CamAdapt” ភាពធន់ទ្រាំ និង ការបន្ស៉ាំ ការប្រែប្រួលអាកាសធាតុ នៃសហគមន៍ ពឹងអាស្រ័យលើធនធានជលផល តាមតំបន់ឆ្នេរ នៃប្រទេសកម្ពុជា នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨។
ផែនការជាអាទិភាពនោះរួមមានទី ១/ ផែនការយុទ្ធសាស្ត្រស្តីពី ការប្រែប្រួលអាកាសធាតុ សម្រាប់កម្ពុជា ២០១៤-២០២៣ ។ ២/ ផែនការយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងបរិស្ថាន។ និង ទី៣/ ផែនការសន្ស៉ាំថ្នាក់ជាតិ ក្របខណ្ឌផ្តល់ហិរញ្ញប្បទាន និង ផែនការអនុវត្តន៍។
ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពូជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ចាប្រមាញ និង នេសាទ បញ្ជាក់ថា សិក្ខាសាលានេះ ធ្វើឡើងដើម្បី រៀបចំគម្រោង បង្ហាញអំពីគោលបំណងរបស់គម្រោង ដល់ដៃគូនានា និង ផ្តល់ឱកាស ដល់អ្នកពាក់ព័ន្ធទាំងអស់ ជួបពិភាក្សា និង ស្វែងរកចំណុចរួមគ្នា ដើម្បីប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ។
ឯកឧត្តម អេង ជាសាន បន្តថា ពលរដ្ឋកម្ពុជាប្រមាណ១៥លាននាក់ គឺបរិភោគសាច់ត្រីជាអាហារ មិនតិចជាង ៥០គីឡូក្រាមទេក្នុងម្នាក់ ក្នុង១ឆ្នាំ ដូច្នេះគឺទាមទារឲ្យមានការគ្រប់គ្រង និង អភិរក្សធនធានវារីជាតិឲ្យបានប្រសើរ ដើម្បីធានាសន្តិសុខស្បៀង និង អាហាររូបត្ថម្ភដល់មនុស្សគ្រប់ជំនាន់​។ ការអភិវឌ្ឍលើផ្នែកឧស្សាហកម្ម នគរូបនីយកម្ម ការកើនឡើង នៃការសាងសង់ទំនប់វារីអគ្គនី ពិសេស ការប្រែប្រួលអាកាសធាតុ ជាកត្តាប៉ះពាល់ ដល់ធនធានជលផល ទាំងទឹកសាប និង ទឹកប្រៃ។ ឯកឧត្តម ក៏បានបង្ហាញទឡ្ហីករណ៍ ជាច្រើន ក្នុងការដាក់បញ្ចូលការបន្ស៉ាំ ទៅនឹងការប្រែប្រួលអាកាសធាតុ ទៅក្នុងគោលនយោបាយ និង យុទ្ធសាស្រ្ត អភិវឌ្ឍវិស័យ ជលផលឆ្នាំ២០១៥-២០២៥។
តំណាងអង្គការស្បៀង និង កសិកម្ម និង សហប្រជាជាតិ ប្រចាំកម្ពុជា (FAO) គឺលោក Alexandre HUYNH បញ្ជាក់ថា អង្គការ (FAO) នៅតែបន្តរួមសហការជួយគាំទ្រ ដល់ក្រសួងបរិស្ថាន ដល់ក្រកសិកម្មរុក្ខាប្រមាញ់ និង នេសាទ និង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវបេសកកម្ម និង អាទិភាពរបស់ខ្លួន។
ឯកឧត្តម រ័ត្ន វីរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ បង្កើនសមត្ថភាព ដើម្បីឆ្លើយតបនឹងផលប៉ះពាល់ ពីការប្រែប្រួលអាសកាសធាតុ និង អនុវត្តតាមផែនការយុទ្ធសាស្ត្រ ដែលត្រូវបានក្រសួង និង ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព ដាក់ចេញ ។ យ៉ាងណាមិញអាទិភាពទាំងនេះ មិនត្រឹមតែមានសារៈសំខាន់ក្នុងការជួយកាត់បន្ថយ និង ទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និង វិសមភាព របស់ពលរដ្ឋកម្ពុជានោះទេ វាថែមទាំងរួមចំណែក ដល់ការអភិវឌ្ឍន៍ និង គាំពារធនធានមនុស្ស ឲ្យកាន់តែទូលំទូលាយ និង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
សូមបញ្ជាក់ថា សិក្ខាសាលា ស្តីពីការរៀបចំគម្រោង ការបន្ស៉ាំ និង ភាពធន់នឹងអាកាសធាតុ ក្នុងសហគមន៍ ដែលពឹងផ្អែកលើធនធានជលផល តាមតំបន់សមុទ្រ នៃប្រទេសកម្ពុជា ត្រូវបានសហការរៀបចំឡើងដោយ រដ្ឋបាលជលផល ក្រសួងបរិស្ថាន និង អង្គការស្បៀង និង កសិកម្ម នៃសហប្រជាជាតិ (FAO)៕