មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែង និងថាមពល៖ ការផ្សព្វផ្សាយពីការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដល់សាធារណជនពិតជា ផ្ដល់សារៈសំខាន់ក្នុងការលើកកម្ពស់ការចូលរួម និងគាំទ្រ


លោកជំទាវ ប៉ែន ឆដា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ ​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ការផ្សព្វផ្សាយគឺជាយុទ្ធសាស្រ្ដគន្លឹះក្នុងការ បញ្ជ្រាបពុទ្ធិដល់ថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងសាធារណៈជន ឲ្យយល់ដឹងពីសារៈសំខាន់, គុណតម្លៃ និងភាពចាំបាច់ បន្ទាន់នៃការងារកែទម្រង់ ក្នុងទិសដៅ ក្នុងទិសដៅលើកម្ពស់ការចូលរួម និងការគាំទ្រពីបណ្ដាតួអង្គពាក់ព័ន្ធនានា ពិសេសសាធារណៈជនទូទៅ។

ការលើកឡើងបែបនេះ របស់លោកជំទាវ ប៉ែន ឆដា នេះធ្វើឡើងក្នុងកម្មវិធី «សិក្ខាសាលាផ្សព្វផ្សាយកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កិច្ចលទ្ធកម្ម និងនីតិវិធីគ្រប់គ្រងសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្រោមកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣» ដែលកម្មវិធីនេះរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោកជំទាវថ្លែងឲ្យដឹងថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលដៅបង្កើនការយល់ដឹង, ការគាំទ្រ និងការចូលរួមយ៉ាងសកម្ម ពីមន្រ្តីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិក្នុងកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣នេះ ព្រមទាំងលើកកម្ពស់ ការកសាងសមត្ថភាពដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ឱ្យស្វែងយល់កាន់តែស៊ីជម្រៅ លើការអនុវត្តនីតិវិធីលទ្ធកម្មក្នុងថវិកាកម្មវិធី និងនិតិវិធីក្នុងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យរដ្ឋ។

លោកជំទាវបញ្ជាក់ទៀតថា ក្នុងស្មារតីនេះការយល់ដឹង និងការរួមចំណែក របស់មន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគឺមាន សារសំខាន់ខ្លាំងណាស់ សម្រាប់ធានាបាននូវប្រសិទ្ធភាព និងស័ក្កសិទ្ធភាពការងារ ដែលនាំមកនូវចីរភាពនៃ ការអភិវឌ្ឍប្រទេសជាតិ។

លោកជំទាវបន្ដថា ពាក់ព័ន្ធនឹងរឿងនេះជារឿយៗ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំ ការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ តែងតែប្រៀបធៀបការអនុវត្តកម្មវិធី កែទម្រង់នេះទៅនឹងការជួសជុលផ្ទះ ក្នុងខណៈពេលដែល មានមនុស្សកំពុងតែរស់នៅក្នុងផ្ទះនោះទាមទារ ឱ្យមានការប្រយ័ត្នប្រយែងខ្ពស់បំផុត ដើម្បីកុំឲ្យប៉ះពាល់ ដល់ការរស់នៅរបស់មនុស្ស។

ក្នុងនោះលោកជំទាវបានជម្រាបជូន អំពីសាវដាសង្ខេបនៃ កម្មវិធីកែទម្រង់ការគ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជាជាហូរហែរផងដែរ។

សូមជម្រាបថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តដោយ សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០០៤៕