ឯកឧត្តម ចម ប្រសិទ្ធ ៖ ក្រុមហ៊ុនសហគ្រាសតូចធំនៅកម្ពុជា បានផ្ដល់ការងារធ្វើដល់ប្រជាជនធ្វើមិនតិចជាង៧៥ភាគរយ


ភ្នំពេញ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងថា ក្រុមហ៊ុនសហគ្រាសតូចធំរួមនឹងអាជីវកម្មគ្រប់ប្រភេទដែលកំពុងតែ ដំណើការនៅក្នុងប្រទេសកម្ពុជាមិនតិចជាង៧៥ភាគរយឡើយសម្រាប់ផ្ដល់ ការងារធ្វើរកកម្រៃបានសមរម្យ ក្នុងការចិញ្ចឹមជីវិត។

ឯកឧត្តម ទេសរដ្ឋមន្ត្រីថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មវិស័យសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ឯកឧត្តមទេសរដ្ឋមន្ត្រីហ៊ានអះអាងថា ក្រុមហ៊ុនសហគ្រាស និងអាជីវកម្ម ប្រមាណ ជាង៩៩.៨% ជាប្រភេទសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម (SMEH) ដែលបានចូលរួមផ្ដល់ការងារជូនប្រជាជនកម្ពុជាប្រមាណចន្លោះពី ៧០%ទៅ៨០% និងនាំមកនូវផលទុនជាតិសរុបចំនួន៥៨%។
ឯកឧត្តមថ្លែង បន្តថា សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មដើរតួដ៏សំខាន់ ក្នុងការជំរុញពិពិធកម្មសេដ្ឋកិច្ចជាតិ បង្កើតការងារ មុខជំនាញសហគ្រិន ការច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗសម្រាប់ការរក្សា និងធានាសេដ្ឋកិច្ចជាតិឲ្យមានកំណីនថេរក្នុងអត្រា៦-៧% ។
SMEH មានលក្ខណៈចម្រុះ និងសម្បូណ៌បែប ដែលភាគច្រើនក្នុងផ្នែកនេះរួមមានសហគ្រាសកែច្នៃម្ហូបអាហារ សហគ្រាសគាំទ្របម្រើដល់វិស័យទេសចរណ៍ កសិ-ឧស្សាហកម្ម និងសហគ្រាសកម្មន្តសាលកែច្នៃផលិតផលប្រើប្រាស់ទូទៅក្នុងជីវភាព ប្រចាំថ្ងៃរបស់ប្រជាជន។
កំណើនក្នុងផ្នែកSMEH រួមជាមួយភាពកាន់តែប្រសើរឡើង នៃគុណភាព និងភាពអនុលោមជាមួយទីផ្សារតំបន់ និងអន្តរជាតិ បានក្លាយជាសក្ដានុពលសេដ្ឋកិច្ចដ៏ធំរបស់កម្ពុជា នាពេលអនាគត។

ក្នុងន័យខាងលើនេះស.បញ្ជាក់ថា ៖ វិស័យ SMEH ពិតជាមានការទទួលខុសត្រូវធំធេងណាស់ ក្នុងការធ្វើឲ្យមានកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ នាំមកនូវកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុង ឆ្នាំ២០៣០។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងលើកឡើង និងជំរុញពីសារៈសំខាន់ នៃសេចក្ដីព្រាងគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍន៍វិស័យសហគ្រាសធុន តូច និងមធ្យម និងសិប្បកម្ម និងបានស្នើឲ្យសមាជិកអង្គប្រជុំ ពិភាក្សាឲ្យបានផុលផុស និងផ្ដល់ធាតុចូលឲ្យបានច្រើន ដើម្បីឲ្យសេចក្ដីព្រាងគោល នយោបាយជាតិនេះ បានដាក់ឆ្លងទៅរាជរដ្ឋាភិបាលក្នុងដើមអាណត្តិទី៦នេះ។

តាមការរាយការណ៍របស់ឯកឧត្ដម ឡាំ គឹមឡេង អគ្គនាយក នៃអគ្គនាយកដ្ឋានសហគ្រាស ធុនតូច និងមធ្យម និងសិប្បកម្ម បានបង្ហាញថា សេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម និងផែនការអនុវត្តរយៈពេល ២០១៨-២០២៣ មានមាតិកាចែក ចេញជា៨ ចំណុច គឺ -សេចក្ដីផ្ដើម-និយមន័យ -ចក្ខុវិស័យ-គោលបំណង និងគោលដៅ-យុទ្ធសាស្ត្រ ការតាមដាន និងវាយតម្លៃ-សេចក្ដីសន្និដ្ឋាន និង-ឧបសម្ពន្ធ៕