ទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ ដឹកនាំគណៈប្រតិភូដែលជាមន្ត្រីជាន់ខ្ពស់សមាគមអតីតយុទ្ធជនកម្ពុជា ចូលរួមមហាសន្និបាតលើកទី១៨ នៃសហព័ន្ធអតីតយុទ្ធជនអាស៊ាន ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១១-១៣ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។
នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយកដ្ឋានយោធាសេវាក្រសួងការពារជាតិ និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានមុនពេលចេញដំណើរថា ដើម្បីចូលរួមមហាសន្និបាតនេះ សមាគមអតីតយុទ្ធជនកម្ពុជា បានត្រៀមឯកសារជាច្រើនអំពីលទ្ធផល នៃការខិតខំប្រឹងប្រែងរបស់សមាគម ក្នុងការជួយកាត់បន្ថយភាពក្រីក្ររបស់អតីតយុទ្ធជន ដូចជាការជួយកសាងផ្ទះ ផ្ដល់ដី និងបង្កើតជាតំបន់អភិវឌ្ឍន៍ មជ្ឈមណ្ឌលពិការជាដើម ដើម្បីយកទៅផ្សព្វផ្សាយនៅក្នុងមហាសន្និបាត។
បើតាមនាយឧត្តសេនីយ៍ មាស សារ៉ន នៅឆ្នាំ២០១៩ខាងមុខនេះ កម្ពុជា នឹងត្រូវជាម្ចាស់ផ្ទះ នៃមហាសន្និបាតនេះ ក្រោមអធិបតីភាពអគ្គលេខាធិការអាស៊ាន។ លោកថានេះជា ជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា ជាពិសេសសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន។
សូមជម្រាបថា សហព័ន្ធអតីតយុទ្ធជនអាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨០ ហើយបច្ចុប្បន្នមានសមាជិកចំនួន១០ប្រទេស ដូចជាព្រុយណេដារ៉ូសាឡឹម, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សឹង្ហបុរី, ថៃ, និងវៀតណាម។
សហព័ន្ធនេះបង្កើតឡើង ដើម្បីធ្វើសកម្មភាពផ្សព្វផ្សាយលើកកម្ពស់ប្រណិតភាពជីវិត ផលប៉ះពាល់នៃអាយុកាល និងផលប៉ះពាល់ដោយសារសង្គ្រាមមកលើសុខភាព និងសង្គមកិច្ចចំពោះជនរងគ្រោះដោយសារសង្គ្រាម និងផ្សព្វផ្សាយឲ្យបានយល់ដឹងស៊ីជម្រៅ ដល់បណ្ដាប្រជាជន ដើម្បីសម្រេចកិច្ចសហប្រតិបត្តិការឈានទៅរកភាពសុខដុមរមនា យុត្តិធម៌សង្គម និងសន្ដិភាព។
បន្ថែមពីនេះ ដើម្បីផ្សព្វផ្សាយឲ្យបានយល់ដឹងស៊ីជម្រៅជាសកលនូវ ទស្សនៈស្មារតី ការលើកសរសើរ និងអត្ថប្រយោជន៍នៃបណ្ដាប្រទេសក្នុងតំបន់ និងជំរុញការពារភាពស្របច្បាប់ នៃអត្ថប្រយោជន៍អតីតយុទ្ធជនដោយសារសង្គ្រាម និងជនរគ្រោះដោយសារសង្គ្រាម ជាមួយនឹងការទទួលស្គាល់ផ្លូវច្បាប់ នៃសមាគមអតីតយុទ្ធជនបណ្ដាប្រទេសជាសមាជិកសហព័ន្ធ។
លើសពីនេះ ក៏ជំរុញការផ្លាស់ប្ដូរអតីតយុទ្ធជន និងជនរងគ្រោះដោយសារសង្គ្រាមក្នុងតំបន់ ដោយរៀបចំជាកម្មវិធីអភិវឌ្ឍន៍ សិក្ខាសាលា ការចែកចាយព័ត៌មានវិទ្យា និងសកម្មភាពដ៏ទៃទៀតដែលជាគុណប្រយោជន៍សម្រាប់សមាជិក ហើយសហព័ន្ធនឹងពង្រឹងវិសាលភាពនៃការលើកទឹកចិត្ត និងការចូលរួមពីថ្នាក់ដឹកនាំបណ្ដាប្រទេសជាសមាជិកនីមួយៗ ដើម្បីការពារសិទ្ធិរស់រានមានជីវិត សាមគ្គីភាព និងសុវត្ថិភាពផ្ទាល់ខ្លួន៕