ឯកឧត្តម សុខ ឥសាន បានថ្លែងថា ទ្វារបានបើកចំហរហើយ នៅឡើយរង់ចាំតែមនុស្សសុំចូលតែប៉ុណ្ណោះ


ភ្នំពេញ ៖ ព្រះមហាក្សត្រ បានឡាយព្រះហត្តលេខា ដាក់ឲ្យប្រើប្រាស់ច្បាប់ គណបក្សនយោបាយថ្មី ដើម្បីបើកផ្លូវឲ្យអតីតសមាជិក គណបក្សសង្រ្គោះជាតិ (CNRP) ទាំង១១៨រូប មានសិទ្ធិធ្វើនយោបាយឡើងវិញ ហើយអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានថ្លែងថា ទ្វារបានបើកចំហរហើយ នៅឡើយរង់ចាំតែមនុស្សសុំចូលតែប៉ុណ្ណោះ។

ឯកឧត្តម សុខ ឥសាន បានថ្លែងតាមរយៈតេឡេក្រាម នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ថា នីតិសម្បទាធ្វើនយោបាយឡើងវិញមានហើយ ដោយសារព្រះមហាក្សត្រ បានឡាយព្រះហស្ថលេខា លើព្រះរាជក្រមលើវិសោធនកម្មច្បាប់ “ស្តីពីគណបក្សនយោបាយ” បើកផ្លូវឲ្យមន្ត្រីអតីតបក្សប្រឆាំងដែលត្រូវតុលាការកំពូលព្យួរសិទ្ធិ ធ្វើនយោបាយកន្លងទៅ មានសិទ្ធិសុំយកនីតិសម្បទា ធ្វើនយោបាយឡើងវិញ ចាប់ពីថ្ងៃទី៨ មករា តទៅ ។

ឯកឧត្តមបន្តថា “ដូច្នេះទ្វារបានបើកចំហរហើយ នៅតែមនុស្សសុំចូលតែប៉ុណ្ណោះ ច្បាប់បើកចំហរមានហើយ នៅសល់តែឆន្ទៈ របស់សាមីជនជាអ្នកនយោបាយប៉ុណ្ណោះ តើមានសំណូមពរចង់ធ្វើនយោបាយឡើងវិញឬអត់?” ។

អ្នកនាំពាក្យបក្សកាន់អំណាចសង្កត់ធ្ងន់ថា បើជឿតាមទណ្ឌិតសម រង្ស៊ី អស់ស្រូវពូជ បើម្ចាស់ការលើខ្លួនឯង គឺមានផ្លូវដើរតទៅមុខទៀត ។

សូមបញ្ជាក់ថា បន្ទាប់ពីព្រះមហាក្សត្រចេញព្រះរាជក្រមឲ្យប្រើប្រាស់ជាផ្លូវការនូវច្បាប់គណបក្សនយោបាយ ដើម្បីបើកផ្លូវធ្វើនយោបាយ ដល់មន្ដ្រីគណបក្សប្រឆាំង លោក គង់ គាំ អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិ បានប្រកាសថា លោកព្រមទាំងកូនប្រុសឈ្មោះ គង់ បូរ៉ា នឹងដាក់លិខិតទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ស្អែកនេះ ៕