ព្រះមហាក្សត្រ ចាត់ទុកវេទិកា APPF ជាបណ្តុះយន្តការដោះស្រាយបញ្ហាប្រឈមក្នុងសង្គម


សៀមរាប៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្ស​​ត្រ នៃព្រះរាជាណាចក្រកម្ពុជា បានទុកវេទិកាវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) ជាបណ្តុះ​​យន្ត​​ការដោះស្រាយបញ្ហាប្រឈមក្នុងសង្គម សំដៅបម្រើផលប្រយោជន៍​​ប្រជាជាតិ​​ពិតប្រា​​កដ។

ព្រះរាជសារ របស់អង្គព្រះមហាក្សត្រ ក្នុងឱកាសកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃ APPF បាន​បញ្ជាក់​ថា ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយស និងមានមោទនភាព ក្នុងការរៀបចំវេទិកាដ៏​​មាន​សារៈ​សំខាន់នេះឡើង ដើម្បីពិភាក្សាគ្នាអំពីបញ្ហាអន្តរជាតិទាំងឡាយ ដែលកំពុងកើត​​ឡើង​នាពេលបច្ចុប្បន្ននេះ ក៏ដូចជាចូលរួមចែករំលែកនូវការព្រួយបារម្ភ និងទស្សនៈវិស័យ​​រួមទាំងអស់គ្នា ក្នុងគោលបំណងស្វែងរកនូវដំណោះស្រាយរួមនានាចំពោះបញ្ហា និងការ​​ប្រឈមទាំងនោះ ដែលកំពុងកើតមាននៅក្នុងសតវត្សរ៍ទី២១ ក្រោមប្រធានបទ «ការពង្រឹង​ភាពជាដៃគូរសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព»។

ព្រះអង្គ មានព្រះបន្ទូលថា «យើងទាំងអស់គ្នាកំពុងឈានចូលយុគ្គសម័យថ្មីមួយ នៃវិស័យទំនាក់ទំនងអន្តរជាតិ តាមរយៈការវិវត្តន៍នៃសណ្តាប់ធ្នាប់ពិភពលោក ដែលកំពុងប្រឈមមុខនូវបញ្ហាស្មុគ្រស្មាញ និងប្រទាក់ក្រឡាគ្នាជាច្រើន។ គ្មានប្រទេសណាមួយ មិនថាប្រទេសនោះមានអំណាចយ៉ាងណាក៏ដោយ អាចដោះស្រាយបញ្ហាសកលតែម្នាក់ឯងបានទេ។ យើងចាំបាច់បង្កើតកិច្ចសន្ទនាគ្នា និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយនូវបញ្ហាមួយចំនួនដូចជា ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ ភាពក្រីក្រ និងវិសមភាព ជាដើម»។

ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី បានបន្តថា វេទិកាAPPF នៅកម្ពុជានេះ ប្រព័ន្ធពហុភាគីនិយម និងប្រព័ន្ធមូលដ្ឋានច្បាប់អន្ដរជាតិ ក៏កំពុងទទួលរងនូវការគំរាមកំហែង ដែលបណ្តាលមកពីការកើនឡើងនូវឯកតោភាគីនិយម ការការពារនិយម ភាពជ្រុលនិយម ជាតិនិយម និងប្រជានិយមនៅតាមបណ្តាប្រទេសផ្សេងៗ នៅលើពិភពលោក។

ព្រះអង្គ បានបញ្ជាក់ថា «យើងត្រូវកសាងភាពជាដៃគូរអន្តរជាតិឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីឈានទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិនៅឆ្នាំ២០៣០ ខាងមុខនេះ។ ក្នុងន័យនេះ ព្រះរាជាណាចក្រកម្ពុជា ដែលជាសមាជិកដ៏សកម្មនៃសហគមន៍អន្តរជាតិ បានរៀបចំបញ្ចូលយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់ខ្លួនជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយធ្វើការប្តេជ្ញាចិត្តដើម្បីរួមចំណែកចំពោះកិច្ចខិតខំប្រឹងប្រែងអន្តរជាតិទាំងឡាយ ក្នុងការដោះស្រាយបញ្ហាជាសកលទាំងនេះ។ លើសពីនេះទៀត ព្រះរាជាណាចក្រកម្ពុជានឹងទទួលរៀបចំព្រឹត្តិការណ៍ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដើម្បីប្រើប្រាស់ភាពផ្សេងគ្នា នៃវប្បធម៌ និងលើកកម្ពស់កិច្ចសន្ទនា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។

វេទិកាAPPFនៅកម្ពុជានេះ មានសេចក្តីព្រាងសេចក្តីសម្រេចចំនួន៤៣ ដែលប្រទេស​​សមាជិកបញ្ជូនមក ដើម្បីសុំការអនុម័តក្នុងក្របខណ្ឌកិច្ច​​សហប្រតិបត្តិការរបស់សភា ដើម្បី​ជំរុញឲ្យមានសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភព​លោក៕