ក្រសួងឧស្សាហកម្ម សហការជាមួយ UNESCAP រៀបចំពិគ្រោះយោបល់​​អំពីការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច-មធ្យម និងសិប្បកម្ម​


ក្រសួងឧស្សាហកម្ម និងសិប្បកម្ម​ សហការជាមួយ គណៈកម្មាការ​សេដ្ឋកិច្ច ​និង​សង្គម ​របស់​អង្គការសហប្រជាជាតិ ​សម្រាប់​តំបន់​អាស៊ី ​និង​ប៉ាស៊ីហ្វិក (UNESCAP) នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ជាមួយភាគីពាក់ព័ន្ធ អំពីការទទួលបានហិរញ្ញប្បទានសម្រាប់ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម នៅកម្ពុជា។

ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម​ គឹម ទូច​ រដ្ឋលេខាធិការ​ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោកស្រី Tientip Subhanij ប្រធានផ្នែកហិរញ្ញប្បទាន សម្រាប់ផ្នែកអភិវឌ្ឍន៍ នៃអង្គការ UNESCAP ព្រមទាំងមានការចូលរួមពី​តំណាងក្រសួង ស្ថាប័ន វិស័យឯកជន និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម​ គឹម ទូច បានលើកឡើងថា សិក្ខាសាលាថ្ងៃនេះ ជាវេទិកាដ៏មានសារសំខាន់មួយ ក្នុងការផ្តល់នូវបច្ចុប្បន្នភាព ព័ត៌មាន ក៏ដូចជាគោលនយោបាយថ្មីៗ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអនុវត្តបន្តនូវការងារជំរុញលើកទឹកចឹ​ត្ត ដល់វិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៅ​កម្ពុជា។

ឯកឧត្តមបន្ថែមថា អ្នកដែលចូលរួមនៅថ្ងៃនេះ ក៏នឹងបាន​ស្តាប់អំពីលទ្ធផល នៃកាសិក្សាអំពីលទ្ធភាពទទួលបានហិរញ្ញប្បទាន របស់សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៅកម្ពុជា ព្រមទាំងការផ្តល់នូវធាតុចូល​ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឲ្យលទ្ធផលនៃការសិក្សានេះ ទទួលបានភាពសុក្រិតច្បាស់លាស់ ធ្វើជាមូលដ្ឋានក្នុងការកំណត់ នូវសុចនាករថ្មីមួយ ក្នុងគោលបំណងបង្កលទ្ធភាពងាយស្រួល ដល់សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ឲ្យមានលទ្ធភាពទទួលបាននូវហិរញ្ញប្បទាន។​

រដ្ឋលេខាធិការរូបនេះ អះអាងថា ទោះបីជាមានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលក្តី ក្រសួងឧស្សាហកម្ម នៅបន្ដស្នើសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម​ខ្លួនឯងផ្ទាល់ ត្រូវខិតខំប្រឹងប្រែងពង្រឹង និងអភិវឌ្ឍន៍ខ្លួនបន្ថែមព្រមទាំងព្យាយាមរកនូវបច្ចេកទេស បច្ចេកវិទ្យា គ្រឿងចក្រ គ្រឿងម៉ាស៊ីនថ្មីៗ ក្នុងផលិតកម្ម មានលក្ខណៈទំនើប ដើម្បីបង្កើនភាពប្រកួតប្រជែងឈ្នះរបស់ខ្លួនលើទីផ្សារក្នុងស្រុក និងក្រៅស្រុក និងស្របតាមបរិបទឧស្សាហកម្ម​៤.០ និងទប់ស្កាត់អតិផរណាក្នុងស្រុក ព្រមទាំងកាត់បន្ថយឱនភាពពាណិជ្ជកម្ម។​

ជាមួយគ្នានេះ ឯកឧត្តម ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏បានឲ្យដឹងដែរថា បច្ចុប្បន្ននៅកម្ពុជា សហគ្រាសធុនតូច និងមធ្យម មានជាង៥០ម៉ឺន លើគ្រប់វិស័យទាំងអស់ ដូច្នេះបញ្ហាប្រឈមដំបូងគេនោះ គឺលទ្ធភាពនៃការទទួលបានហិរញ្ញប្បទាន មានលក្ខណៈពិបាកនៅឡើយ ដោយហេតុថា ការប្រាក់ខ្ពស់ និងទំហំអាជីវកម្មតូច ក៏ដូចជាកង្វះនូវទំនុកចិត្តជាដើម ពីស្ថាប័នផ្ដល់នូវហិរញ្ញវត្ថុ។

ប៉ុន្ដែទោះជាយ៉ាងណា ប្រធាននាយកដ្ឋានរូបនេះបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែខិតខំរកដំណោះស្រាយក្នុងលក្ខខណ្ឌសមស្របណាមួយ ដើម្បីឲ្យវិស័យសហគ្រាសធុនតូច និងមធ្យម ងាយនឹងទទួលបាន​ហិរញ្ញប្បទាន ហើយមានលក្ខខណ្ឌល្អ ដូច្នេះទើបថ្ងៃនេះក្រសួងឧស្សាហកម្ម សហការជាមួយ UNESCAP រៀបចំសិក្ខាសាលាមួយសម្រាប់ជួយដល់ពួកគាត់​ ដើម្បីរកដំណោះស្រាយរួមគ្នាលើបញ្ហានេះ៕