ឯកឧត្តម ចាន់ សុីណាត បានទទួលជួបជាមួយនឹងគណៈប្រតិភូរអង្គការ UNESCO


ថ្ងៃចន្ទ ១៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០១៩ ដោយបានទទួលការអនុញាតពី ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីបច្ចេកទេស ក្រសួងធនធានទឹក និង ឧតុនិយម ឯកឧត្តមអនុរដ្ឋលេខាធិការ ចាន់ សុីណាត បានទទួលជួបជាមួយនឹងគណៈប្រតិភូរអង្គការ UNESCO ដែលមាន ៖
១. លោកសាស្រ្តាចារ្យបណ្ឌិត Shahbaz Khan នាយកអង្គការ UNESCO ប្រចាំតំបន់អាសុី និងប៉ាសុីហ្វិក ទីស្នាក់ការក្នុងក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេសុី ។
២. លោក Philippe Delanghe ជំនាញការជាន់ខ្ពស់របស់អង្គការ UNESCO ផ្នែកវប្បធម៌ និងផ្នែកប្រាសាទ ។
៣. លោក Sardar Umar Alam ប្រធានស្ថានតំណាងអង្គការ UNESCO ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ចាន់ សុីណាត បានជម្រាបជូនគណៈប្រតិភូអង្គការ UNESCO អំពីតួនាទីភារៈកិច្ចរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានកំណត់ដោយច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណចក្រកម្ពុជា ជាអ្នកដឹកនាំបញ្ជា និងគ្រប់គ្រងវិស័យធនធានទឹកនៃប្រទេសកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមាននិរន្តរភាព។

ដោយសារសាកលលោកយើងទាំងមូល ហើយប្រទេសកម្ពុជាជាផ្នែក១ កំពុងជួបនឹងការឡើងកំដៅខ្លាំង និងជួបនឹងបាតុភូត Elnino ឯកឧត្តម លឹមគានហោ បានខិតខំដឹកនាំកិច្ចសហប្រតិបត្តិការបច្ចេកទេសទូលំទូលាយក្នុងក្របខ័ណ្ឌជាតិ តំបន់ និងជាមួយនឹងពិភពលោក លើវិស័យធនធានទឹក ដូចជា ជាមួយនឹង ADB WB វិទ្យាស្ថានទឹករបស់ប្រទេស Holland UNESCO HIE European Space Agency UNDP ប្រទេសជប៉ុន និងប្រទេសកូរ៉េ ។

ដែលក្រសួងធនធានទឹក និងឧតុនិយម និង ADB នឹងធ្វើការបង្កើតនូវមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យទឹក ទំនើប១ ដើម្បីពិនិត្យ ស្រាវជ្រាវ ធ្វើការកត់ត្រា ធ្វើការវាយតម្លៃសភាពការទឹក និងឧតុនិយម ធ្វើសន្ទស្សន៏ និងព្យាករណ៏ក្នុងនិយាមអន្តរជាតិ ធ្វើការតាមដាន និងរាយការណ៏អំពីសភាពការជំនន់ និងគ្រោះរាំងស្ងួត តាមដានអំពីល្អាង និងបរិមាណទឹកក្រោមដី ធ្វើការគណនា និងកំណត់មូលហេតុ ធ្វើការសិក្សា និងស្រាវជ្រាវ លើ Water Accounting។ មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យទឹករបស់ក្រសួងធនធានទឹក និងឧតុនិយម នឹងប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៏ទំនើបចុងក្រោយបំផុតដើម្បីបំពាក់ ដែលធានាយ៉ាងណាឲ្យលទ្ធផលការងារបានប្រព្រឹត្តទៅដោយរលូន និងមានស័ក្តិសិទ្ធិភាព។

ជាកិច្ចឆ្លើយតបនឹងឯកឧត្តមអនុរដ្ឋលេខាធិការ លោកសាស្រ្តាចារ្យ បណ្ឌិត Shahbaz Khan បានបញ្ជាក់ថា លោកសូមស្វាគមន៏លើកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួងធនធានទឹក និងឧតុនិយម លើវិស័យធនធានទឹក ជាពិសេសជាមួយនឹងគ្រប់កម្មវិធីកំពុងតែដំណើរការ និងលោកផ្តោតជាងគេ លើមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យវិស័យធនធានទឹករបស់ប្រទេសកម្ពុជា។ លោកនឹងដឹកនាំ UNESCO ប្រចាំតំបន់ ហើយនឹងធ្វើការណែនាំដល់ស្ថានតំណាង UNESCO ប្រចាំប្រទេសកម្ពុជាលើកិច្ចសហប្រតិបតិ្តការបណ្តុះបណ្តាលរយៈពេលខ្លី រយៈពេលមធ្យម និងថ្នាក់អនុបណ្ឌិតលើជំនាញដូចតទៅ ៖

១. ការវាស់វែងធា និងបរិមាណទឹកក្នុងអាងទន្លេ Rating Curves ដោយប្រើឧបករណ៏ ADCPs និង Current Metering។

២. Hydrometers and AWSs, and Doppler Radar លើគ្រប់និយាមទាំងអស់។

៣. Computer Writers, Remote Sensing and Satalizez, Computer Modelling and Calculating។

៤. ការគ្រប់គ្រង ការព្យាករណ៏ និងដាក់ផែនកាដើម្បីបញ្ជៀសគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។

៥. សិក្សាតាមដានអំពីបរិមាណទឹកក្រោមដី និងល្អាងរបស់វា ធ្វើផែនការប្រើប្រាស់ឲ្យបានសមស្រប ។

ចំណែកលោក Philippe Delanghe បានស្នើឲ្យក្រសួងធនធានទឹក និងឧតុនិយម ធ្វើការគាំទ្រដល់កម្មវិធីសហប្រតិបត្តិការរវាង UNESCO និងរដ្ឋាភិបាលលើការងារអភិរក្សតំបន់បឹងទន្លេសាប។ ហើយកិច្ចការនេះ ឯកឧត្តមអនុរដ្ឋេខាធិការ បានឲ្យ UNESCO ធ្វើលិខិតស្នើមក ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីពិនិត្យ និងសំរេច ។

ជាចុងក្រោយ លោក Sardar Umar Alarm ប្រធានស្ថានតំណាង UNESCO ប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា លោកនឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការណ៏ជាមួយនឹងក្រសួងធនធានទឹក និងឧតុនិយម លើវិស័យធនធានទឹក ហើយនឹងធ្វើតាមការណែនាំរបស់លោកសាស្រ្តាចារបណ្ឌិត Shahbaz Khan ប្រធាន UNESCO ជាប្រចាំ។

នៅថ្ងៃទី ១៣ ខែកុម្ភៈខាងមុខនេះ លោក Philippe Delanghe នឹងអញ្ជើញចូលប្រជុំ ថ្នាក់រដ្ឋមន្រ្តីក្រោមអធិបតីរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីឆ្លងផែនការការងាររយៈពេលវែង ២០១៩-២០៣៣ លើការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត និងវិស័យធនធានទឹករបស់ព្រះរាជាណាចក្រកម្ពុជា ។