ក្រុមហ៊ុន​អាកាស​ចរ​ណ៍​ឥណ្ឌូ​នេ​ស៊ី​បើក​ជើងហោះហើរ​ត្រង់​មក​កម្ពុជា​នៅ​​ឆមាស​ទី២ឆ្នាំនេះ


ក្រុមហ៊ុន​អាកាស​ចរ​ណ៍​ឥណ្ឌូ​នេ​ស៊ី​ ​Citilink​ ​នឹង​បើក​ជើងហោះហើរ​ត្រង់​ឥណ្ឌូ​នេ​ស៊ី​ ​មកកាន់​កម្ពុជា​នៅក្នុង​ឆមាស​ទី២​ ​ឆ្នាំ២០១៩នេះ​ ​ដែល​ការ​ហោះ​ត្រង់នេះ​នឹង​ជ​ម្រុ​ញ​ពាណិជ្ជកម្ម​ ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​។​

​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ ​លោក​ស៊ូ​ឌី​រ៉ា​ម៉ាន់​ ​ហាស់​សេង​ ​ឯកអគ្គ​រដ្ឋ​ទូ​ត​ឥណ្ឌូ​នេ​ស៊ី​ប្រចាំ​នៅ​កម្ពុជា​ ​នា​ព្រឹក​ថ្ងៃទី៧​ ​ខែកុម្ភៈ​នេះ​ ​ឯកឧត្តម ​ថោង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ​បាន​មានប្រសាសន៍​ថា​ ​ប្រទេស​ទាំងពីរ​កម្ពុជា​ ​ឥណ្ឌូ​នេ​ស៊ី​ ​បាន​ខកខាន​បើក​ជើងហោះហើរ​យូរណាស់​មក​ហើយ​ ​ហើយ​តាមរយៈ​ការសម្រេច​ចិត្ត​ ​បើក​ជើងហោះហើរ​ត្រង់​កម្ពុជា​ ​ឥណ្ឌូ​នេ​ស៊ី​ ​បាន​ធ្វើឡើង​ខណៈ​លំហូរ​ភ្ញៀវ​ទេសចរ​ទៅមក​កម្ពុជា​ ​ឥណ្ឌូ​នេ​ស៊ី​មាន​កំណើន​ឡើង​ប្រមាណ១១ភាគរយ​។​

​ឯកឧត្តម​បន្ត​ថា​ ​“​កាលពី​ឆ្នាំ២០១៨​ ​ទំហំ​ភ្ញៀវ​ទេសចរ​រវាង​កម្ពុ​ជា​ឥណ្ឌូ​នេ​ស៊ី​ ​គឺ​មាន​ប្រមាណ​តែ៥៥,០០០នាក់​បាន​មក​ទស្សនា​កម្ពុជា​”​។ឯកឧត្តម​បន្ត​ថា​ ​“​បច្ចុប្បន្ន​នៅក្នុង​បណ្តា​ប្រទេស​ទាំង១០សមាជិក​អាស៊ាន​ ​គឺ​មានតែ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​និង​ប្រទេស​ប្រ៊ុយណេ​ ​ដែល​មិនទាន់​មាន​ជើងហោះហើរ​ត្រង់​មកកាន់​កម្ពុជា​”​។​ ​

​ឯកអគ្គ​រដ្ឋ​ទូ​ត​ឥណ្ឌូ​នេ​ស៊ី​ប្រចាំ​នៅ​កម្ពុជា​ ​លោក​ស៊ូ​ឌី​រ៉ា​ម៉ាន់​ ​ហាស​សេង​ ​បាន​មានប្រសាសន៍​ថា​ ​ការ​បើក​ជើងហោះហើរ​នេះ​ ​គឺ​ស្ថាន​ទូ​ត​ឥណ្ឌូ​នេ​ស៊ី​មានបំណង​ចង់​យក​ថ្ងៃ​រំលឹក​ខួប​លើក​ទី៦០​ ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុ​ជា​ឥណ្ឌូ​នេ​ស៊ី​ ​ឆ្នាំ២០១៩នេះ​ ​ធ្វើជា​ថ្ងៃ​បើក​ជើងហោះហើរ​ត្រង់​ជាលើកដំបូង​រវាង​កម្ពុ​ជា​ឥណ្ឌូ​នេ​ស៊ី​។​

​លោក​ធួន​ ​ស៊ី​ណា​នប្រ​ធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​បាន​មានប្រសាសន៍​ស្វាគមន៍​ចំពោះ​ដំណឹងល្អ​នេះ​ ​ដោយ​លោក​បាន​មានប្រសាសន៍​ថា​ ​ការ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​កាន់តែ​ច្រើន​ ​ហោះ​ត្រង់​មក​កម្ពុជា​កាន់តែ​ល្អ​ ​ដែល​វា​នឹង​ជួយ​ជំរុញ​ទេសចរណ៍​ ​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត​។​
​លោក​បន្ត​ថា​ ​“​សម្រាប់​ខ្ញុំ​ស្វាគមន៍​ទាំងអស់​ឲ្យតែ​មានការ​ហោះហើរ​ត្រង់​ ​គឺ​សុទ្ឋ​តែ​នាំផល​ប្រយោជន៍​ដល់​ប្រទេស​របស់​យើង​ ​ហេតុនេះ​ហោះ​មកកាន់​តែ​ច្រើន​កាលណា​កាន់តែ​ល្អ​កាលនោះ​”​៕​