ឯកឧត្តម ស៊ុន ចាន់ថុល ជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរ និងបុគ្គលិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ


ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ –កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋាន ជួសជុល ពង្រីកផ្លូវជាតិ និងផ្លូវក្រុងព្រះសីហនុ និងជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ និងកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ។
នៅក្នុងកិច្ចសំណេះសំណាល ឯកឧត្តមបានមានប្រសាសន៍អំពីកំណែទម្រង់ ដែលបានធ្វើ និងកំពុងបន្ត នៅក្រសួងសាធារណការ និងដឹកជញ្ជូន ពាក់ព័ន្ធនឹងការធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ការប្រឡង និងចេញប័ណ្ណបើកបរតាមប្រព័ន្ធអនឡាញ និងការជូនដំណឹងឱ្យប្រជាពលរដ្ឋ យកយានយន្តមក ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានទាន់ពេលវេលា។
ឯកឧត្តមបាន មានប្រសាសន៍បន្ថែមទៀតថា កិច្ចការនេះនឹងលុបបំបាត់អំពើពុករលួយ និងការរត់ការផ្សេងៗ។ ជាមួយគ្នានេះដែរ ក្រសួងបានដាក់ឱ្យដំណើរការមណ្ឌលប្តូរ និងពន្យារប័ណ្ណបើកបរនៅផ្សារទំនើប AEON Mall ដែលចំណាយពេលវេលាសរុបត្រឹមតែ១៥ ទៅ២០នាទីដើម្បីទទួលបានប័ណ្ណបើកបរ។ មណ្ឌលនេះផ្តល់សេវា ៧ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពីម៉ោង០៩ព្រឹក ដល់១០យប់។ ក្រសួងក៏កំពុងរៀបចំនីតិវិធីដើម្បីដាក់លក់លេខ ពិសេស ដើម្បីបង្កើនចំណូលថវិកាជាតិផងដែរ។ ទន្ទឹមនឹងនេះ ក្រសួងបានធ្វើការបង្កើតក្រុមការងារដើម្បីត្រួត ពិនិត្យ និងចុះចាប់យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដើម្បីចាប់ និងកាត់ទ្រុងរថយន្តកែច្នៃទាំងនោះ ដែលមានក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់ក្រោមជាតិ ដែលមានសមាសភាពចូលរួម ពីសមត្ថកិច្ច ចម្រុះ បាននិងកំពុងចុះធ្វើបេសកកម្ម ចាប់តាំងពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ មក។
ដោយឡែកពាក់ព័ន្ធនឹងវិស័យសាធារណការ ក្រសួងកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះការជួសជុលថែទាំផ្លូវ ថ្នល់សាធារណៈ ដែលកន្លងមកសារព័ត៌មានបានចុះផ្សាយនាពេលកន្លងមក។ជាក់ស្តែងក្រុមការងារក្រសួង បាននិងកំពុងពង្រឹងការត្រួតពិនិត្យគុណភាព និងបច្ចេកទេស នៃការសាងសង់របស់ក្រុមហ៊ុន បើមិនត្រឹមត្រូវ តាមកិច្ចសន្យានោះក្រសួងនឹងមិនទទួលយកជាដាច់ខាត។
ក្រុមការងារជំនាញក៏កំពុងដើរត្រួតពិនិត្យ គុណភាពដោយយកឧបករណ៍វាស់កម្លាំងទ្ររបស់ផ្លូវដែលបាន សាងសង់រួច ខួងយកស្រទាប់ដីមកពិសោធន៍គុណភាពជាដើម ដើម្បីរកវិធានការទប់ស្កាត់ មុនពេលមាន ការខូចខាតធ្ងន់ធ្ងរ។ ថ្នាក់ដឹកនាំក្រសួងក៏បានចុះពិនិត្យផ្ទាល់ជាគំរូ និងបានណែនាំឱ្យមន្ត្រីជំនាញ និងមន្ទីរ ចុះពិនិត្យដោយផ្ទាល់ផងដែរដើម្បីដឹងពីស្ថានភាពពិតប្រាកដ បាញ់គំនូសពណ៌ស សម្គាល់កន្លែងខូចខាត មានសំបុកមាន់ ដើម្បីធ្វើការជួសជុលកែលម្អ។ លើសពីនេះទៀត ក្រសួងបានត្រៀមរ៉ឺម៉ក ដែលមានបំពាក់ ដោយសម្ភារគ្រប់គ្រាន់៦៥គ្រឿង ដើម្បីដាក់ដំណើរការ ជួសជុលគ្រលុកសំបុកមាន់ភ្លាមៗ ចាប់ពីខែវិចិ្ឆកានេះ តទៅ និងរ៉ឺម៉ក ២០០គ្រឿងផ្សេងទៀតផងដែរ ដើម្បីបម្រើកិច្ចការងារនេះ ដើម្បីឆ្លើយតបទៅនឹងទំហំនៃតម្រូវ ការជួសជុល។
ឯកឧត្តម បានគូសបញ្ជាក់បន្ថែមទៀតថា ទាំងនេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាមក្រសួង ដើម្បីជួយសម្រួលកាត់បន្ថយ ទុក្ខលំបាក និងធ្វើឱ្យមានភាពប្រសើរឡើងដល់ជីវភាព រស់នៅប្រចាំថ្ងៃរបស់ បងប្អូនប្រជាពលរដ្ឋ និងបានថ្លែងអំណរគុណដល់កំពង់ផែស្វយ័តដែលតែងតែយកចិត្តទុកដាក់ចូលរួមចំណែក យ៉ាងសកម្មក្នុងការផ្តល់សេវាល្អ និងការអភិវឌ្ឍវិស័យសេវាសាធារណៈ និងការកសាងក្នុងវិស័យហេដ្ឋារចនា សម្ព័ន្ធកម្ពុជា និងបានអំពាវនាវឱ្យមន្ត្រី និងបុគ្គលិកទាំងអស់គ្នាចេះសាមគ្គីឱ្យដូចក្រុមគ្រួសារតែមួយ ក្រោម ដំបូលតែមួយរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន៕