ទេសរដ្ឋមន្ត្រី ស៊ុ​ន ចាន់ថុល ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំគណៈកម្មាធិការដឹកជញ្ជូនផ្លូវគោកអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ


ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨១ របស់គណៈកម្មាធិការដឹកជញ្ជូនផ្លូវគោកអង្គការសហប្រជាជាតិលើកទី៨១ នៅវិមានការអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។

កិច្ចប្រជុំនេះធ្វើពីថ្ងៃទី១៩ ដល់២២ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានការចូលរួមពីរដ្ឋមន្រ្តីដឹកជញ្ជូន និងប្រធានគណៈប្រតិភូមកពីទី្វបអាហ្រ្វិក អាស៊ី អឺរ៉ុប និងមជ្ឈិមបូព៌ា និងអង្គការអន្តរជាតិពាក់ព័ន្ធនានាជាច្រើន។

នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ កិច្ចប្រជុំបានអនុម័តលើសេចក្តីសម្រេចស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការសុខដុមនីយកម្ម និងសមាហរណកម្ម នៅក្នុងយុគសម័យស្វ័យប្រវត្តិកម្មដឹកជញ្ជូន។

កិច្ចប្រជុំក៏បានអនុម័តផងដែរនូវយុទ្ធសាស្រ្តរបស់គណៈកម្មាធិការដឹកជញ្ជូនផ្លូវគោកអង្គការសហប្រជាជាតិឆ្នាំ២០៣០ ផែនការសកម្មភាព និងរបៀបរបបការងារកែសម្រួលរបស់គណៈកម្មាធិការ៕