សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយជូនប្រធានគម្រោងបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន នៅខេត្តបាត់ដំបង ដែលរងគ្រោះដោយសារការផ្ទុះខ្សែសាកទូរស័ព្ទ


(បាត់ដំបង)៖ នៅថ្ងៃចន្ទ​ ទី​ ២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោក​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចុះសួរសុខទុក្ខ និង​នាំយកអំណោយមនុស្សធម៌ផ្តល់ជូនលោក សោម សុជាតិ ប្រធានគម្រោងបោសសម្អាតមីននិងជួយសង្គ្រោះជនពិការដោយសារមីនខេត្តបាត់ដំបង ដែលបានរងគ្រោះដោយសារការផ្ទុះខ្សែសាកទូរស័ព្ទ (ឆ្នាំងសាកទូរស័ព្ទ) ប្រភេទ IPhone បណ្តាលឱ្យពិការដៃម្ខាង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យពពីរក្រុងបាត់ដំបង។

ក្នុងឱកាសនោះ លោកប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីអាណិតអាសូរ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះលោក សោម សុជាតិ ដែលបានជួបឧបទ្ទវហេតុដ៏គួរឱ្យសោកសង្វេគនេះ និងសូមផ្តាំផ្ញើដល់ក្រុមគ្រួសារជនរងគ្រោះ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ទូរស័ព្ទ ជាពិសេស គួរជៀសវាងការប្រើប្រាស់ទូរស័ព្ទពេលកំពុងសាកថ្ម។

ដើម្បីជួយសម្រាលការលំបាកក្នុងពេលសម្រាកព្យាបាលរបស់ លោក សោម សុជាតិ ដែលធ្លាប់បានបូជាកម្លាំងកាយ-ចិត្ត អង់អាចក្លាហាន តស៊ូ ក្នុងការដោះមីនជួយសង្គ្រោះប្រជាពលរដ្ឋកន្លងមកនោះ កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានលើកទឹកចិត្តដោយឧបត្ថម្ភគ្រឿងបរិភោគ និងថវិកាមួយចំនួនផងដែរ។

ជាមួយគ្នានេះដែរ លោក សោម សុជាតិ និងភរិយា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងផលលំបាករបស់បងប្អូនប្រជាពលរដ្ឋប្រកបដោយទឹកចិត្តមនុស្សធម៌ ជាពិសេសមន្រ្តីស៊ីម៉ាក់ដូចរូបលោកផ្ទាល់។

សូមបញ្ជាក់ថា គ្រូពេទ្យប្រចាំការចំនួន​ ៨នាក់ ក្នុងម្នាក់ៗទទួលបានសារុង១និងថវិកាចំនួន ២ម៉ឺនរៀលផងដែរ៕