មន្ត្រីទូត​ចិន​៖​ទំហំ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​ប្រទេស​ចិន​ឈរ​នៅ​លំដាប់​ធំជាង​គេ​នៅ​កម្ពុជា


ទីប្រឹក្សា​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​ ​នៃ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​អះ​​អាង​ថា​ ​ការ​វិនិយោគ​ផ្ទាល់​ពី​ប្រទេស​ចិន​ ​បាន​ចូលរួម​យ៉ាង​សំខាន់​ចំពោះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ​បើ​គិត​ចាប់ពី​ឆ្នាំ១៩៩៤​ ​មកទល់​នឹង​បច្ចុប្បន្ន​ទំហំ​នៃ​ការ​វិនិយោគ​ផ្ទាល់​របស់​ប្រទេស​ចិន​គឺ​ឈរ​នៅ​លំដាប់​លើ​គេ​ ​ក្នុងចំណោម​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​។​

​ទីប្រឹក្សា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ ​របស់​ស្ថានទូត​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា​ ​លោក ​លី​ ​អាន​ បាន​លើកឡើង​នៅក្នុង​វេទិកា​ពន្ធដារ​កម្ពុជា​-​ចិន​ ​២០១៩​ ​កាលពី​ថ្ងៃទី២៧​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩កន្លងមក​ថា​ ​វេទិកា​នេះ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ ​ស្រប​ពេល​ដែល​ការ​វិនិយោគ​ផ្ទាល់​ពី​ប្រទេស​ចិន​ ​បាន​ចូលរួម​យ៉ាង​សំខាន់​ ​ចំពោះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ​ព្រោះ​បើ​គិត​ចាប់ពី​ឆ្នាំ១៩៩៤​ ​មកទល់​នឹង​បច្ចុប្បន្ន​ទំហំ​នៃ​ការ​វិនិយោគ​ផ្ទាល់​របស់​ប្រទេស​ចិន​គឺ​ឈរ​នៅ​លំដាប់​លើ​គេ​ ​ក្នុងចំណោម​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​។​

​យោង​តាម​របាយការណ៍​របស់​រដ្ឋាភិបាល​បាន​ឲ្យដឹង​ថា​ ​ទុន​វិនិយោគ​ចិន​នៅ​កម្ពុជា​មាន​ទំហំ​ទឹកប្រាក់៦៨០០លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ២០១៨​ ​ហើយ​ចិន​បាន​វិនិយោគ​លើ​វិស័យ​សំ​ខាន់​ៗ​ជាច្រើន​នៅ​កម្ពុជា​ ​ដូចជា​ ​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​ ​វិស័យ​ថាមពល​ ​វិស័យ​គមនាគមន៍​ ​វិស័យ​ទេសចរណ៍​ ​និង​វិស័យ​ពាណិជ្ជកម្ម​ជាដើម​។​

​ប្រតិភូ​រាជរដ្ឋាភិបាល​ ​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ឯកឧត្តម​ ​គង់​ ​វិបុល​បាន​បញ្ជាក់ឲ្យដឹង​ផង​ដែរ​ថា​ ​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​វិធានការ​ដ៏​មុត​ស្រួច​មួយចំនួន​ក្នុង​នីតិកាល​ទី​ ​៦​ ​នៃ​រដ្ឋសភា​ ​ដើម្បី​ជួយ​លើកកម្ពស់​ភាព​ប្រកួតប្រជែង​ ​និង​ការ​កែ​លម្អ​បរិយាកាស​ធុរកិច្ច​ ​មាន​ជាអាទិ៍​មាន​ដូចជា​ ​កាត់បន្ថយ​ថ្លៃ​អគ្គិសនី​ចាប់ពី​ឆ្នាំ២០១៩សម្រាប់​អ្នកប្រើ​ប្រាស់​ ​ការ​បញ្ចប់​តួនាទី​អចិន្រ្តៃយ៍​របស់​អគ្គនាយក​ដ្ឋាន​កាំកុងត្រូល​ ​និង​កំពង់ផែ​លុបចោល​អង្គភាព​កម្ពុជា​ភ្នាក់ងារ​នាវាចរ​ ​(​កាំសាប​)​ ​ការ​កែសម្រួល​ការ​ផ្តល់​សេវា​សាធារណៈ​របស់​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​ ​និង​ការរៀបចំ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​វិនិយោគ​និង​ច្បាប់​ស្តី​ពី​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ព្រមទាំង​វិធានការ​នានា​ជាច្រើន​ទៀត​។

​ឯកឧត្តមបន្ត​ថា​ ​“​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ​ចង់​ឃើញ​សហគ្រាស​ចិន​ទាំងឡាយ​ ​ដែល​បាន​មក​វិនិយោគ​នៅ​កម្ពុជា​រីកចម្រើន​ ​លូតលាស់​ ​ធំធាត់​ ​មាន​ប្រាក់ចំណេញ​ ​និង​ប្រកាស​មាន​ប្រាក់ចំណេញ​បង់​ជូន​រដ្ឋ​ ​និង​ពិតជា​មិន​ចង់​ឃើញ​សហគ្រាស​ប្រកាស​ខាត​ ​បង់ពន្ធ​ខ្វះ​ ​មាន​បញ្ជី​គណនេយ្យ២ឬ៣នោះ​ទេ​”​។​

ឯកឧត្តម​បន្ត​ថា​ ​“​យើង​រំពឹង​ថា​នឹង​មិន​មានការ​កិបកេង​បន្លំ​ពន្ធ​ ​ហើយ​រង​ការកំណត់​ពន្ធ​ឡើងវិញ​ ​ទទួលរង​ពិន័យ​ ​ទោសទណ្ឌ​ ​ព្រមទាំង​ការប្រាក់​នោះ​ទេ​។​ ​បន្ថែម​ពីលើ​នេះ​ចាប់ពី​ខែមករា​ ​ឆ្នាំ២០១៩តទៅ​ ​ក្រុមហ៊ុន​សហគ្រាស​ចិន​ ​នឹង​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​ ​ផ្នែក​ពន្ធដារ​បន្ថែ​ ​មទៀ​ត​ ​តាមរយៈ​ការអនុវត្ត​កិច្ច​ព្រមព្រៀង​ ​នៃ​ការ​ចៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា​ ​(​DTA​)​ ​កម្ពុជា​-​ចិន​”​៕​