ក្រសួងមហាផ្ទៃ បង្គាប់ឱ្យអភិបាលរាជធានី-ខេត្ត សហការឱ្យជិតស្និទ្ធជាមួយ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ពេលចុះបំពេញបេសកកម្ម


សម្តេចក្រឡាហោម​ ស ខេង ឧបនាយករដ្ឋន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញលិខិតមួយ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ ដោយបង្គាប់ឱ្យ រដ្ឋបាលរាជធានី-ខេត្ត ទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវសហការឱ្យបានជិតស្និទ្ធ ដើម្បីសម្រួលដល់ការបំពេញបេសកកម្ម របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

លិខិតរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ផ្អែកតាមភារកិច្ចរបស់ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដែលបានចែងក្នុងមាត្រា១០ ចំណុចទី៣ នៃព្រះរាជក្រឹត្យ ដូចមានចុះក្នុងយោងខាងលើ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្តល់យោបល់ អាចតាមដានដំណើរការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ និងផ្តល់អនុសាសន៍កែលម្អភាពអសកម្ម និងភាពមិនប្រក្រតី។

សម្តេចក្រឡាហោម បានបញ្ជាក់ថា «ក្នុងស្មារតីនេះ ដើម្បីជួយសម្រួលដល់ការអនុវត្តភារកិច្ចរបស់ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ខ្ញុំសូមស្នើ ឯកឧត្តម លោកជំទាវ ផ្តល់កិច្ចសហការឲ្យបានជិតស្និទ្ធដល់ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ក្នុងការចុះបំពេញបេសកកម្មការងារនៅតាមរាជធានី-ខេត្ត ឲ្យដំណើការទៅដោយរលូនស្របតាមកម្មវិធីដែលបានគ្រោងទុក និងទទួលបានលទ្ធផលល្អប្រសើរ»។

សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានឡើង កាលពីខែកញ្ញា ឆ្នាំ២០១៨ ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី០៦ នៃរដ្ឋសភានេះ ដើម្បីផ្តល់ឱកាសដល់គណបក្សនយោបាយក្រៅរដ្ឋសភាទាំងនោះ ចូលរួមបម្រើជាតិ៕

ខាងក្រោមនេះជាលិខិតរបស់សម្តេចក្រឡាហោម ស ខេង៖