ជប៉ុនផ្តល់ប្រាក់ជិត៩០ម៉ឺនដុល្លារជួយសង់លំនៅដ្ឋានជូនពលពលរដ្ឋដែលរងគ្រោះធម្មជាតិ


រដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានផ្តល់ទឹកប្រាក់៨៨២,០០០ ដុល្លារអាមេរិក ម៉ឺនដុល្លារដែលជាជំនួយឥតសំណង ក្នុងការជួយសាងសង់លំនៅដ្ឋានជូនពលពលរដ្ឋដែលរងគ្រោះធម្មជាតិ សម្រាប់“គម្រោងគាំទ្រការរស់នៅក្នុងបរិស្ថានឲ្យប្រសើរឡើង និងកសាងសមត្ថភាពសម្រា ប់ការពារគ្រោះមហន្តរាយនៅកម្ពុជា”។

យោងតាមសេចត្តីប្រកាសព័ត៌មានរបស់ស្ថានជប៉ុនប្រចាំនៅកម្ពុជា ចេញផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ ២០១៩ នេះ បានឲ្យដឹងថា “នៅប្រទេសកម្ពុជា តាមរយៈកិច្ចសហការជាមួយ UN-Habitat យើងអាចមើលឃើញនូវកិច្ចខិតខំប្រឹងប្រែងជាវិជ្ជមាន របស់រាជ រដ្ឋាភិបាលកម្ពុជា ទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។  កាលពីខែកញ្ញា ឆ្នាំ 2018 រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ”យុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី”4″ ដែលកំពុងផ្តោតទៅលើការធានានិរន្តរភាពបរិស្ថាននិងប្រតិកម្មទុកជាមុនចំពោះការប្រែប្រួលអាកាសធាតុ”។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថា “យើងជឿជាក់ថាជំនួយនេះ នឹងរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយផលប៉ះពាល់ដែលកិច្ចការទាំងពីរនេះគឺចាំបាច់ណាស់សម្រាប់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា”។

លោក សុខ វណ្ណា ប្រធានកម្មវិធីអង្គការសហប្រជាជាតិ សម្រាប់លំនៅឋានមនុស្សជាតិប្រចាំកម្ពុជាឲ្យដឹងថា ការផ្ដល់ជំនួយនេះ ធ្វើឡើងសម្រាប់គម្រោងមានរយៈពេល ជិតមួយឆ្នាំ ដែលចាប់ផ្ដើមពីខែ ឧសភាឆ្នាំ២០១៩ដល់ខែ មីនា ឆ្នាំ២០២០ ដោយក្រុមការងារនឹងចុះសិក្សា ក៏ដូចជា ពិភាក្សាជាមួយប្រជាជនរងគ្រោះខូចខាតលំនៅឋាន ដោយសារទឹកជំនន់កន្លងមកនេះ ដើម្បីឯកភាពគ្នាសាងសង់ជួសជុលជាថ្មី  និងដឹងពីលទ្ធភាពថវិកាប្រជាជនដែលពួកគាត់មានមួយចំនួន។

លោកបន្តថា “ក្រៅពីការសាងសង់ជួសជុលផ្ទះខូចខាតដោយទឹកជំនន់ គម្រោងនេះ ក៏នឹងប្រើប្រាស់ដើម្បីការកសាងសមត្ថភាពដល់ប្រជាជន ក្នុងខេត្តត្បូងឃ្មុំ អោយមានចំណេះដឹងក្នុងការជម្លៀសដើម្បីជៀសផុតពីគ្រោះថ្នាក់”។លោកបន្តថា “ទឹកជំនន់ក្នុងឆ្នាំ ២០១៨កន្លងទៅ បានបង្ករផលប៉ះពាល់ជាច្រើន ដល់បណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ក្នុងនោះរួមមាន ខេត្តត្បូងឃ្មុំ ស្ទឹងត្រែង ក្រចេះ កំពង់ចាម និងខេត្តព្រៃវែងដែលរងការប៉ះពាល់ខ្លាំង”។

លិខិតប្តូរសារអំពីជំនួយឥតសំណងសម្រាប់ “គម្រោងគាំទ្រការរស់នៅក្នុងបរិស្ថានឲ្យប្រសើរឡើង និងកសាងសមត្ថភាព សម្រាប់ការពារគ្រោះមហន្តរាយនៅកម្ពុជា” នេះ ត្រូវបានចុះហត្ថលេខាដោយ លោកហូរីណូអ៊ុជិឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងលោក សុខ វណ្ណា ប្រធានកម្មវិធីអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិ ប្រចាំកម្ពុជាកាលពីថ្ងៃទី៦ ខែមីនា ក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់៕