បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន៖ គាំទ្រពេញលើការលើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស


រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៨ ក្រោមប្រធានបទ “ការលើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស” ដើម្បីជំរុញលើកទឹកចិត្តស្ត្រីឱ្យរឹងមាំ បង្កើនសមត្ថភាព ចូលរួមយ៉ាងសកម្មក្នុងការងារសង្គម។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ នាថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅវិទ្យាស្ថានជាតិអប់រំ។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតបានគាំទ្រលើប្រធានបទខាងលើ ព្រមទាំងមានប្រសាសន៍ថា “សមភាពយេនឌ័រ ការលើកកម្ពស់ស្ត្រី និងកុមារ និងការផ្ដល់សេវាគាំពារសង្គមដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ជាកត្តាចាំបាច់ដើម្បីធានាបាននូវដំណើរការសង្គមប្រកបដោយសុខដុមរមនា”៕