កិច្ចប្រជុំដោះស្រាយបញ្ហាពាក់ព័ន្ធការជីកបារាយណ៍របស់គម្រោងអភិវឌ្ឍន៍របស់សម្តេចសង្ឃរាជ


ដោយមានការចុះផ្សាយនៅតាមសារព័ត៌មានបណ្តាញសង្គមនាពេលកន្លងមកនោះ ពាក់ព័ន្ធនឹងការជីកយកដីធ្វើអាជីកម្ម ពីតំបន់គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលវប្បធម៌ សន្តិភាព របស់សម្តេចព្រះអគ្គមហាសង្ឃរាជធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាប បានបើកកិច្ចប្រជុំដោះស្រាយ ក្រោមការដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូល រួមពីអស់លោក ជាអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរពាក់ព័ន្ធ ទីចាត់ការអន្តរវិស័យសាលាខេត្ត និង អាជ្ញាធរក្រុង លោកចៅសង្កាត់ តំណាងក្រុមហ៊ុនផងដែរ ។

ឆ្លងតាមការលើកឡើងរបស់ថ្នាក់ដឹកនាំមន្ទីរធនធានទឹក និង ឧតុនិយមខេត្ត បរិស្ថានខេត្ត មន្ទីរទេសចរណ៍ខេត្ត មន្ទីរ កសិកម្មខេត្ត និង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ ណិង សុរិយោដីខេត្ត បានធ្វើការបញ្ជាក់អំពីជីវប្រវត្តិ អំពីអាងទឹក ទំនប់ទឹកជ្រាវ ដែលមានទំហំផ្ទៃដី ២៨៨,៦០៣ហិកតា ដែលស្តុក ទឹកស្រោចស្រពបានលើផ្ទៃដីស្រែប្រាំងបានជាង៣០០ហិកតា ។ ម៉្យាងទៀតផ្ទៃដីគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលវប្បធម៌ សន្តិភាព របស់សម្តេចព្រះអគ្គមហាសង្ឃរាជធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស គឺបានជួយដល់ការដំកល់ទឹកស្តុកនៅទ្វេរដងឡើង ថែមទៀត ព្រមទាំងធ្វើការអភិវឌ្ឍន៍ វត្តអារាម ទីសក្ការៈ មន្ទីរទេព្យ បណ្ណាល័យ សាលារៀន សារៈមន្ទីរ អគារស្នាក់នៅ ធ្វើជា សួនច្បារ ដើមី្បបម្រើនូវផលប្រយោជន៍ដល់សាធារណជន ហើយដីនេះមិនអាចកែប្រែស្ថានភាពដី ពីដីសាធារណៈរបស់រដ្ឋ ទៅជាដីឯកជនរបស់រដ្ឋទេ។

ក្នុងនោះដែរមន្ទីរធនធានទឹកក៏បានឲ្យដឹងថា ដីផ្ទៃអាងនេះត្រូវបានសហគមន៍ជ្រាវ បានស្នើសុំ ធ្វើការជីកស្តារបាតអាង ដោយបានសុំច្បាប់ពីអនុញ្ញាត នៅឆ្នាំ២០១៥ ទើបតែពេលនេះទើបអនុវត្ត ស្របទៅនឹងគម្រោង អភិវឌ្ឍន៍មជ្ឈមណ្ឌលវប្បធម៌ សន្តិភាព របស់សម្តេចព្រះអគ្គមហាសង្ឃរាជធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ហើយក៏ត្រូវបាន រងការរឹះគុណពីសារព័ត៌មានបណ្តាញសង្គមទៀតផង ។ ម៉្យាងទៀត ចំពោះគម្រោងនេះគឺត្រូវបានប្រគល់សិទ្ធិឲ្យទៅក្រុមហ៊ុន បរិសុទ្ធ ប្រផីធី មេនេចម៉ិន ដើមី្បអភិវឌ្ឍ គម្រោងមជ្ឈមណ្ឌលវប្បធម៌សន្តិភាពនេះ ។ ក្នុងការជីក ដឹកជញ្ជូនដីចេញពីតំបន់ អភិវឌ្ឍន៍នេះ ក៏ពុំមានច្បាប់អនុញ្ញាតនៅឡើយ តែបើធ្វើការដឹកជញ្ជូននៅក្នុងតំបន់អភិវឌ្ឍន៍ គឺត្រូវពឹងផ្អែកទៅលើច្បាប់ដែល រាជរដ្ឋាភិបាលបានអនុញ្ញាត នៅក្នុងតំបន់ផ្ទៃអាងទឹកនេះ ទោះបីតំបន់ផ្ទៃអាងនេះ ស្ថិតនៅក្នុងតំបន់២ របស់អាជ្ញាធរបឹងទន្លេ សាប គឺមិនបានប៉ះពាល់ដល់តំបន់ព្រៃលិចទឹក សម្រាប់ត្រីពងកូន និង សត្វស្លាបរស់នៅឡើយ ។

ក្នុងនោះដែរតំណាងអនុវត្តគម្រោង ក៏បានលើកឡើង អំពីគម្រោងផែនការ របស់គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលវប្បធម៌ សន្តិភាព របស់សម្តេចព្រះអគ្គមហាសង្ឃរាជធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបម្រើនូវផលប្រយោជន៍ជាសាធារណៈ ព្រមទាំងជាតំបន់អេកូទេសចរណ៍ និង កសិទេសចរណ៍ ដើមី្បទាក់ទាញ ដល់ភ្ញៀវជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត សំខាន់លើផ្នែកសាសនា ។ លោកបានបន្តទៀតថា គម្រោងនេះក៏បានកំពុង ស្វែងរកនូវដៃគូអភិវឌ្ឍន៍ ដោយគម្រោងនេះត្រូវចំណាយទុនប្រមាណ ៤០លានដុល្លា ។

បន្ទាប់ពីការស្តាប់នូវរាល់ខ្លឹមសារ អត្ថន័យក្នុងកិច្ចពិភាក្សា និង សេចក្តីរាយការរបស់ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ និង តំណាងក្រុមហ៊ុនរួចមក មានប្រសាសន៍នោះដែរឯកឧត្តម ទៀ សីហា ក៏បានលើកនូវចំណុចសំខាន់ៗមួយចំនួន ដើមី្បបណ្តាមន្ទីរ អង្គភាព ត្រូវធ្វើការត្រួតពិនិត្យឡើងវិញ និង ធ្វើកិច្ចសហការជាមួយក្រុមហ៊ុន ដោយការអនុវត្តនាពេលកន្លងមក គឺ ពុំមានច្បាប់អនុញ្ញាតិនៅឡើយ ដោយឈរលើគោលការណ៍អនុញ្ញាតអភិវឌ្ឍន៍លើផ្ទៃដីទំហំ ២៨៨,៦០៣ហិកតា ដែលរាជ រដ្ឋាភិបាលបានអនុញ្ញាត តាមរយៈលិខិតលេខ ៩៤៩ សជណ ចុះថ្ងៃទី២០ សីហា ឆ្នាំ២០១៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី អនុញ្ញាតថ្វាយចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដើមី្បធ្វើការអភិវឌ្ឍន៍។ក្នុងនោះឯកឧត្តម ក៏បានគូសបញ្ជាក់ថា គម្រោមអភិវឌ្ឍន៍នេះ មានស្ថានភាពធំធេងណាល់ ដែលត្រូវប្រើប្រាស់ទុនជាច្រើន ។

ដូច្នេះដើមី្បធ្វើការ ងារនេះឲ្យស្របទៅនឹងច្បាប់ ក្រុមហ៊ុន ត្រូវធ្វើការសហការជាមួយមន្ទីរ ស្ថាប័នពាក់ព័ន្ធ រៀបចំនូវរាល់ឯកសារ ដោយធ្វើការ លំអិតទៅតាមគម្រោង ដោយទីតាំងនេះគឺមានអត្ថន័យ និង អត្ថប្រយោជន៍ដ៏ធំធេងរបស់សម្តេចព្រះអគ្គមហាសង្ឃរាជធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្រាប់ទៅពេលអនាគត ។ ម៉្យាងទៀតគម្រោងនេះ បានដំណើរការទៅបានប្រកបដោយជោគ ជ័យនោះ គឺជាកិត្តិយសសម្រាប់ខេត្តប្រវត្តិសាស្ត្រសៀមរាប ក្នុងវិស័យព្រះពុទ្ធសាសនា និង ទេសចរណ៍ទៀតផង ។ ក្នុងនោះ ឯកឧត្តមក៏បានធ្វើឲ្យធ្វើការពិនិត្យឡើងវិញផងដែរ រាល់ផលប៉ះពាល់របស់ប្រជាពលរដ្ឋ ព្រមទាំងសុំឲ្យក្រុមហ៊ុនធ្វើការស្មើសុំ ទៅក្រសួងធម្មការ និង សាសនា ក្នុងការរៀបចំលើគម្រោងនេះ ។

ក្នុងនោះដែរអង្គប្រជុំក៏បានធ្វើការពិភាក្សា និង ដោះស្រាយ ពីបញ្ហានៅតំបន់ទេសចរណ៍បឹងពៀរាំង រវាងសហគមន៍នេសាទចុងឃ្នាស និង សហគមន៍ជ្រាវ ដែលជាអ្នកអភិរក្សថែរក្សា បឹងពៀរាំង ដែលជាជម្រកត្រីពូជ និង ទីកន្លែងសត្វស្លាបគ្រប់ប្រភេទរកចំណី និង ស្នាក់នៅ ព្រមទាំងបានបម្រើដល់ភ្ញៀវ ទេសចរណ៍ និង បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងសហគមន៍ជ្រាវទៀតផង ៕