អភិបាលខណ្ឌឫស្សីកែវ ប្រាប់មន្ត្រីឲ្យដោះស្រាយរាល់ពាក្យបណ្ដឹងរបស់ពលរដ្ឋ ក្រៅពីការផ្ដល់សេវាសំខាន់ៗច្រើនទៀត


ឯកឧត្តម ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជំរុញឲ្យមន្ត្រី ដោះស្រាយរាល់ពាក្យបណ្ដឹង ដែលជាសេវាតម្រូវការសំខាន់មួយ ក្រៅពីការផ្ដល់សេវាផ្សេងៗជាច្រើនទៀត ក្នុងការយកចិត្តទុកដាក់អនុវត្តដោះស្រាយរួមគ្នា ឲ្យមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ ដើម្បីឆ្លើយតបតាមផែនការដាក់ចេញពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ការជំរុញរបស់ឯកឧត្តម ជា ពិសី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារសេសសល់ ដែលដាក់ចេញអនុវត្តដោយរដ្ឋបាលខណ្ឌក្នុងមួយសប្ដាហ៍ម្ដង និងដាក់ផែនការសប្ដាហ៍ថ្មីបន្ថែមទៀត មានរបៀបវារៈជាច្រើន ដើម្បីបន្តអនុវត្ត ដោយមានការចូលរួមពីអស់លោក-លោកស្រី អភិបាលរងខណ្ឌ ទទួលបន្ទុកនីមួយៗ លោកនាយក នាយករងរដ្ឋបាលខណ្ឌ និងប្រធាន អនុប្រធានការិយាល័យជំនាញមួយចំនួនទៀត នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។

ឯកឧត្តម ជា ពិសី បានគូសបញ្ជាក់ថា ក្រៅពីដាក់ផែនការថ្មីបន្ថែម លើផែនការចាស់មួយចំនួន ក្នុងមួយសប្ដាហ៍ម្ដង ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព លើការផ្ដល់សេវាប្រមូលសំរាម, ការបង្ក្រាបល្បែងស៉ីសង, រៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដាផ្សារ, ការអភិវឌ្ឍន៍ប្រឡាយអូរវែង, និងការងារត្រៀមរៀបចំពិធី ប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខណ្ឌ អាណិត្តទី៣ នោះគឺរាល់ពាក្យបណ្ដឹងទាំងឡាយ ដែលជាសេវាតម្រូវការសំខាន់មួយត្រូវរួមគ្នាដោះស្រាយ ជូនប្រជាពលរដ្ឋ ដើម្បីឆ្លើយតបតាមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា៕