ទូរទស្សន៍អប្សរា និងក្រុមហ៊ុនសោម៉ាចុះកិច្ចព្រមព្រៀងជាមួយទីភ្នាក់ងារផ្សព្វផ្សាយ អប់រំកូរ៉េ បង្កើតស្ថានីយទូរទស្សន៍អប់រំថ្មី


ភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦–នៅទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ មានពិធីចុះហត្ថ លេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតស្ថានីយទូរទស្សន៍អប់រំថ្មីនៅកម្ពុជា រវាងទីភ្នាក់ងារ ផ្សព្វផ្សាយអប់រំនៃសាធារណរដ្ឋកូរ៉េ ជាមួយស្ថានីយទូរទស្សន៍អប្សរា និងក្រុមហ៊ុនសោម៉ា ក្រោមអធិបតីភាពឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និង ឯកឧត្តម ឆយ សុងជូន ប្រធានគណៈកម្មការគមនាគមន៍កូរ៉េ។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ដលេខាដោយ លោក វូ ចុងប៊ុន (Woo jong bun) ប្រធានទីភ្នាក់ងារ ផ្សព្វផ្សាយការអប់រំកូរ៉េ EBS (Koren Education Broadcastin System), លោក សុខ ពុទ្ធិវុធ នាយកគ្រប់គ្រងក្រុមហ៊ុនសោម៉ាគ្រូប និង លោក រ៉ីម ចូសាន (Rim Geo San ) នាយកគ្រប់គ្រង់ទូរទស្សន៍អប្សរា។
លោក វូ ចុងប៊ុន បានមានប្រសាសន៍ថា ទីភ្នាក់ងារ EBS គឺជាទូរទស្សន៍ តែមួយគត់នៅក្នុងប្រទេសកូរ៉េ ក្នុងការផ្សព្វផ្សាយនូវចំណេះដឹងអំពីការអប់រំ ដោយមានការ បង្រៀនតាមកញ្ចក់ទូរទស្សន៍ដល់ សិស្សានុសិស្ស កូរ៉េ ដែលមានបទពិសោធន៍ជាង ២០ ឆ្នាំមកហើយ។
ការអប់រំតាមកញ្ចក់ទូរទស្សន៍គឺជាវិធីងាយស្រួលមួយ ដែលផ្តល់នូវការ អប់រំកម្រិតខ្ពស់។ យើងនឹងជួយដល់ទូរទស្សន៍កម្ពុជាឱ្យទទួលបាននូវការចាប់អារម្មណ៍ ពីមហាជននិងប្រជាជន។
ឯកឧត្តម ឆយ សុងជូន ប្រធានគណៈកម្មការគមនាគមន៍កូរ៉េ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខានៅថ្ងៃនេះបានផ្តល់គុណតម្លៃដ៏ខ្ពស់ក្នុងការ ផ្លាស់ប្តូរនូវវប្បធ៍ម និងការអប់រំ រវាងប្រទេសទាំងពីរកម្ពុជាកូរ៉េ។ ឯកឧត្តម បានបន្តថា EBS ជាទូរទស្សន៍តែមួយគត់របស់ប្រទេសកូរ៉េ ដែលបានបង្រៀនគណិតវិទ្យា ដល់សិស្ស និង លើកស្ទួយនូវចំណេះដឹងសម្រាប់កិច្ចអភិវឌ្ឍន៏ ប្រទេសកូរ៉េ។ នៅក្នុងប្រទេសកូរ៉េ EBS ត្រូវបានក្លាយជាទូរទស្សន៍មួយដ៏ពេញនិយមសម្រាប់យុវវ័យ។
គណៈកម្មការគមនាគមន៍ កូរ៉េគាំទ្រ ចំពោះកិច្ចព្រមព្រៀងនេះ ហើយនិងខិតខំជួយធ្វើឱ្យកម្មវិធីនេះទទួល បានជោគជ័យ នៅកម្ពុជា។
ការបង្កើតស្ថានីយទូរទស្សន៍អបរំថ្មី គឺក្នុងគោលបំណងចូលរួមចំណែក ក្នុងការពង្រឹង និងអភិវឌ្ឍន៍ វិស័យអប់រំនៅកម្ពុជា និង ប្រព័ន្ធផ្សព្វផ្សាយឱ្យកាន់ តែមានប្រសិទ្ធភាពតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ទំនើបៗនិងខ្លឹមសារអប់រំល្អៗ។
តាមរយៈការបង្កើតស្ថានីយទូរទស្សន៍ថ្មីនេះ នឹងចូលរួមក្នុងការបង្កើនការងារដល់ ប្រជាពលរដ្ឋក្នុងស្រុក ក៏ដូចជាការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស នៅកម្ពុជាផងដែរ។
ម្យ៉ាងវិញទៀតគឺចូលរួមចំណែក កាត់បន្ថយគម្លាត នៃលទ្ធភាពក្នុងការទទួលព័ត៌មាន និងចំណេះដឹង របស់ប្រជាពលរដ្ឋដែលមានជីវភាពនៅមានកម្រិតនៅឡើយ។
ឯកឧត្តម តឹករ៉េត សំរេច បានបង្ហាញចំណាប់អារម្មណ៍ថា កិច្ចព្រមព្រៀង រួមគ្នានៅពេលនេះនិងពង្រឹងនូវ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េ។
ឯកឧត្តមសង្ឃឹមថា ការចុះកិច្ចព្រមព្រៀងនេះនិងធ្វើឱ្យទូរទស្សន៍អប្សរាមានការឈានឡើង និងទទួលបានប្រជាប្រិយភាព ក្លាយជាទូរទស្សន៍ឈានមុខគេនៅកម្ពុជា៕