សម្ដេចតេជោ ហ៊ុន សែន នឹងបំពាក់មេដាយមាសជូនក្រុមប្រតិបត្តិការជួយសង្គ្រោះ ជនរងគ្រោះដោយសារការបាក់អគារនៅខេត្តព្រះសីហនុ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មាន​ប្រ​សា​ស​ន៍​ថា សម្ដេចនឹងបំពាក់មេដាយមាសជូនក្រុមប្រតិបត្តិការជួយសង្គ្រោះ​ជនរងគ្រោះក្នុង​ឧបទ្ទវ​ហេ​តុបាក់អគារកម្ពស់ ​៧​ជាន់ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះ​សី​ហ​នុ ខេត្តព្រះសីហនុ កា​​​ល​ពីវេលាទាបភ្លឺព្រឹ​កថ្ងៃ​ទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនោះ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅរាត្រីថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រីបាន សរសេរថា អាស្រ័យដោយក្តីអាណិតស្រឡាញ់ចំពោះជនរងគ្រោះ ស​ប្បុ​រ​សជននៅបន្តជួយ ឧបត្ថម្ភដែលធ្វើឱ្យចំនួនទឹកប្រាក់កើនឡើងពី ២.១៩៨.៤០០ ដុល្លារអាម៉េរិក ដល់ ២.៣៦៨.៤០០ដុល្លារអាម៉េរិក ។ ដោយដក៣០ម៉ឺនដុល្លារអាម៉េរិកចែកជូនអ្នកត្រូវរបួស ថវិកា នៅសល់សម្រាប់ចែកជូនក្រុម​គ្រួ​សា​រ​អ្ន​កស្លាប់កើនពីចំនួន ១.៨៩៨.៤០០ដុល្លារអាម៉េរិក ដល់ ២.០៦៨.៤០០ដុល្លារអាម៉េរិក ដែលធ្វើឱ្យគ្រួសារសពម្នាក់ៗទទួលបាន​កើ​ន​​ពី ៦៧.៨០០ដុល្លារ អាម៉េរិក ដល់ ៧៣.៨៧០ដុល្លារអាម៉េរិក។ យើងនៅតែបន្តទទួលជំនួយឧបត្ថម្ភនេះតទៅទៀត ដែល​ក្នុងឱ​កា​ស​នេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភដ៏ថ្លៃថ្លា នេះ។

សម្ដេច​បា​ន​​បន្តថា ឯកឧត្តម សេង ទៀង នឹងចាត់ចែងបញ្ជូនថវិកានេះទៅកាន់គ្រួសារ សព នៅ​ពេលបិទ​ប​ញ្ច​​ប់ការទទួលជំនួយតាមរយៈធនាគារ។ ខ្ញុំក៏សុំបញ្ជាក់ជូនផងដែរថា យប់ម៉ិញនេះនៅ​មុន​ម៉ោ​​​ង១២យប់ខ្ញុំបានឱ្យឯកឧត្តម សេង ទៀង យកថវិកាខ្ញុំទៅចែកជូន កម្លាំងចូលរួម​ប្រត្តិ​បត្តិការ​ចំ​នួ​​ន ​១.៤៨៧នាក់ក្នងនោះនារី៣៥នាក់ ដោយម្នាក់ៗជាបុរសទទួល បាន ១០០ដុល្លារអាម៉េរិក ​​ជានារីទទួល​បា​ន ​​២០០ដុល្លារអាម៉េរិក អស់ទឹកប្រាក់ ១៥២.២០០ ដុល្លារអាម៉េរិក។ ខ្ញុំនឹងបំពាក់មេដាយមាសជូន ក្រុមជួយសង្រ្គាះដើម្បី​ឆ្លើយ​ត​ប​​និងការខិតខំ របស់បងប្អូនទាំងអស់រាប់ទាំងផ្នែកឯកជនផងដែរ។ ថវិកាដែលទទួល​បានពី​ស​ប្បុ​​រសជនប្រើ ប្រាស់សម្រាប់តែអ្នកស្លាប់ និងរបួសប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីជូនដំណឹងអំពី​ប្រតិបត្តិកា​រ  រុ​ក​រ​កជនរងគ្រោះ ក្នុងឧបទ្ទវហេតុរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បាន​បិទ​បញ្ច​ប់​នៅវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីបើកប្រតិ​បត្តិ ការ​រុក​រក និងសង្រ្គោះអស់រយៈពេល២ថ្ងៃកន្លះ។ ​តុល្យការជនរងគ្រោះដែលក្រុមការងារបាន​ជួយ​ស​ង្រ្គោះយកចេញពីគំនរអគារបាក់បែក មានចំនួនសរុបចំនួន៥៤នាក់ ក្នុងនោះស្លាប់​ចំនួន​២៨​នា​ក់ ស្រី០៤នាក់ និងរងរបួសចំនួន២៦នាក់ ស្រី០២នាក់៕