រយៈពេល៦ឆ្នាំ​ ស៊ុយអែត​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​ ១២៥លាន​ដុល្លារ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម​កម្ពុជា


គិត​ត្រឹម​រយៈពេល៦ឆ្នាំ​ គឺ​ចាប់ពី​ឆ្នាំ​ ២០១៤​-២០១៩​ រដ្ឋាភិបាល​នៃ​ប្រទេស​ស៊ុយអែត​ បាន​ផ្តល់​ហិរញ្ញ​វប្ប​ទាន​ឥត​សំណង​ប្រមាណ១២០០លា​នក្រោន​ ស្មើនឹង​ ១២៥លាន​ដុល្លារ​សហ​រដ្ឋា​អាមេ​រិក​សម្រាប់​ ដើម្បី​ចូ​លរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម​កម្ពុជា​។

លោក​ ឈៀង​ យ៉ា​ណា​រ៉ា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ អគ្គលេខាធិការ​គណៈកម្មាធិការ​និ​តិ​សម្បទា​ និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង​លោកស្រី​ Maria​ Sargen​ ឯកអគ្គ​រាជទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា​ នៅ​ថ្ងៃទី២៥​ខែ​មិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ បាន​បន្ត​ពិភាក្សា​អំពី​ដំណើរការ​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី​របស់​ស៊ុយអែត​ស្តី​ពី​ កិច្ច​សហប្រតិបត្តិ​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ជាមួយ​កម្ពុជា​ សម្រាប់​ឆ្នាំ២០២០​-២០២៤​ ក៏ដូចជា​ពិភាក្សា​ និង​ផ្លាស់​ប្តូរ​យោបល់​លើ​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​កម្ពុជា​-ស៊ុយអែត​នា​ពេល​អនាគត​។

យុទ្ធសាស្ត្រ​ថ្មី​ស្តី​ពី​ កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​អន្តរជាតិ​ជាមួយ​កម្ពុជា​ ឆ្នាំ​ ២០២០​-២០២៤​ នឹង​បន្ត​អនុវត្ត​ និង​ពង្រឹង​បន្ថែម​ទៅលើ​ភាព​ជោគជ័យ​ និង​សមិទ្ធផល​នានា​ដែល​សម្រេច​បាន​ដោយ​យុទ្ធសាស្ត្រ​ឆ្នាំ​ ២០១៤​-២០១៩​ ។ ដើម្បី​មាន​​ផែនការ​ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​រាជរដ្ឋាភិបាល​ រួមមាន​៖ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី៤​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​ ២០១៩​-២០២៣​ ក្របខណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ ប្រកបដោយ​ចីរភាព​កម្ពុជា​ឆ្នាំ២០១៦​-២០៣០​ និង​យុទ្ធសាស្ត្រ​តាម​វិស័យ​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​នេះ​ នឹង​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួង​ និង​ស្ថាប័ន​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ភាគី​ពាក់ព័ន្ធ​ ដើម្បី​ប្រមូល​ធាតុ​ចូល​ និង​អនុសាសន៍​បន្ថែម​។

ជាមួយគ្នា​នេះ​យុទ្ធសាស្ត្រ​ថ្មីនេះ​ នឹង​ចូលរួម​ចំណែក​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​ និង​ភាពជា​​ដៃគូ​ ឆ្នាំ​ ២០១៩​-២០២៣​ ដែល​ផ្តោត​សំខាន់​លើ​ការ​ពង្រឹង​ភាពជា​ម្ចាស់​របស់​រាជរដ្ឋាភិបាល​ និង​ការជំរុញ​ភាពជា​ដៃគូ​ប្រកប​ដោយ​បរិ​យា​ប័ន្ន និង​លទ្ធផល​ក្នុង​កិច្ច​អភិវឌ្ឍន៍​នៅ​កម្ពុជា​។

ការរៀបចំ​យុទ្ធសាស្ត្រ​សម្រាប់​រយៈពេល៥ឆ្នាំ​ ២០២០​-២០២៤​ នា​ពេលនេះ​ គឺជា​សក្ខីភាព​ នៃ​ការ​ប្តេជ្ញា​បន្ត​គាំទ្រ​របស់​រាជរដ្ឋាភិបាល​ស៊ុយអែត​ ក្នុង​ដំណើរការ​នៃ​កិច្ច​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏ដូចជា​ឆ្លុះបញ្ចាំង​ពី​កិច្ច​សហប្រតិបត្តិ​ការ​ និង​ភាពជា​ដៃគូ​ដ៏​ល្អ​ប្រសើរ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ស៊ុយអែត​៕