សម្ដេចតេជោស្វាគមន៍ការផ្ដល់ប្រព័ន្ធអ៊ីនធឺណែតល្បឿនលឿននៅកម្ពុជា


ភ្នំពេញ ថ្ងៃទី០៩ ខែធ្នូ​ ឆ្នាំ២០១៦ –សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ចំពោះការផ្ដល់ប្រព័ន្ធអ៊ីនធឺណែតល្បឿនលឿនរបស់ក្រុមហ៊ុន Huawei នៅកម្ពុ​ជា​ ដែលសម្ដេចបានចាត់ទុកថានេះគឺជាការរួមចំណែកក្នុងការអនុវត្តគោល​នយោ​បា​យ​រ​បស់  រា​ជ​​រដ្ឋាភិបាល ក៏ដូចជាការប្រើប្រាស់របស់ប្រជាពលរដ្ឋលើគ្រប់វិស័យ ក្នុងការប្រកួតប្រជែង​ឱ្យ​ទទួលបាន ជោគជ័យ។
ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានថ្លែងដូច្នេះប្រាប់អ្នក​យក​ពត៌​មាន បន្ទាប់ពីសម្ដេច តេជោនាយករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យ លោក Sun Fuyou ប្រធានទទួល​បន្ទុក​តំបន់អាស៊ីអាគ្នេយ៍របស់ក្រុម ហ៊ុនHuawei ចូលជួបសម្ដែងការគួរសមនារសៀលថ្ងៃទី០៨ ខែ​ធ្នូ ឆ្នាំ២០១៦ នៅវិមានសន្តិភាព។
លោក Sun បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ពាក់ព័ន្ធនិងការខ្វះខាត​អណ្ដូង​ទឹកចំនួន៥០អណ្ដូង ដែលជាតម្រូវការរបស់ព្រះរាជាណាចក្រកម្ពុជា ហើយបាន​ពិភា​ក្សា​គ្នានាពេលកន្លងមកនោះ បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងតែធ្វើការជាមួយក្រសួង​អភិវឌ្ឍន៍ជន​បទ ដែលនៅខែមករាឆ្នាំ២០១៧ខាងមុខនេះ អណ្ដូងទឹក ចំនួន៥០ នឹងចាប់ផ្ដើមជីកជូនដល់​ប្រជា​ពលរដ្ឋ​ប្រើប្រាស់។ លោកបានបន្តថា ចំពោះបច្ចុប្បន្នភាពរបស់ សិស្សចំនួន១១នាក់​ដែល​កំពុង​តែ​ទទួល​ការបណ្ដុះបណ្ដាល នៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន ជុំវិញបញ្ហា IT ហើយ​សិស្សជំនាន់ទី២ និងទី៣ នឹងត្រូវជ្រើសរើសដោយក្រុមហ៊ុន និងដោយ ស.ស.យ.ក ដើម្បីទៅបណ្ដុះបណ្ដាលជាបន្តទៀតនៅឆ្នាំ២០១៧ និង២០១៨ខាងមុខនេះ។លោកក៏បាន​ជម្រា​​ប​ជូនសម្ដេច តេជោផងដែរ អំពីបញ្ហាការប្រើប្រាស់អ៊ីនធឺណែតល្បឿនលឿននៅ​ព្រះរាជា​ណា​ចក្រកម្ពុជា ដែលជាការចាំ បាច់ដើម្បីជំរុញ ទាំងកំណើនសេដ្ឋកិច្ច ចំណេះដឹង និងអ្វី​ផ្សេង​ៗទៀត​ដើម្បីដោះស្រាយបញ្ហាសង្គមផងដែរ។ជាមួយគ្នានោះលោកក៏បានជូនសម្ដេច នូវ​ប្រព័ន្ធអ៊ីនធឺណែតល្បឿនលឿនចំនួន ១០០០កំប្លេ ដែលមាន ទឹកប្រាក់ស្មើនឹង ៤លានដុល្លារ​ ​អាម៉េរិក។ ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ជូនចំពោះ​ការឆ្លើយ​តប ទាំងការផ្ដល់នូវការជីកអណ្ដូង ការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យ IT និង ការ​ផ្ដល់​ជូននូវប្រព័ន្ធអ៊ីនធឺណែតល្បឿនលឿនចំនួន ១០០០កំប្លេ ហើយក៏បានស្នើសុំ​ឱ្យប្រគល់​ជូន ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីធ្វើការពិនិត្យថាតើប្រព័ន្ធ​អ៊ីនធឺណែតល្បឿនលឿនទាំង ១០០០កំប្លេនោះ ត្រូវដាក់នៅទីណាខ្លះ។​សម្ដេចបាន​មានប្រសា​ស​ន៍​​ថា កម្ពុជាមិនត្រឹមតែចង់បានរដ្ឋាភិបាល អេឡិចត្រូនិកនេះទេ គឺចង់បានទាំងប្រជាជន​អេឡិច​ត្រូនិក ហើយដើម្បីធ្វើឱ្យបានការងារនេះ គឺត្រូវធ្វើយ៉ាង ណា យើងត្រូវមានប្រព័ន្ធអ៊ីន​ធឺណែត​ល្បឿនលឿន ដូច្នេះស្នើឱ្យក្រុមហ៊ុន Huawei ពិភាក្សាបន្ត ជាមួយរដ្ឋមន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​ និងទូរគមនាគមន៍ ធ្វើយ៉ាងណាឱ្យកម្ពុជាមានអ៊ីនធឺណែតល្បឿនលឿន ដើម្បី​ជា​ការជំរុញ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាជំរុញឱ្យប្រជាពលរដ្ឋកម្ពុជា​ដែល​​​​​កំពុងតែប្រើប្រាស់ អ៊ីនធឺណែតច្រើន មានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែង​ក្នុង​វិស័​យ​​សេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗ ទៀត៕