ដូចការគ្រោងទុក ក្រុមហ៊ុនអាកាសចរណ៍ថៃ អ៊ែរវ៉េ បានចាប់ផ្តើមបើកជើងហោះហើរត្រង់ជាលើកដំបូងរបស់ខ្លួនមកកាន់មកកាន់ព្រលានយន្តហោះអន្តរជាតិ (កងកេង) ខេត្តព្រះសីហនុ នៅថ្ងៃនេះ។
យោងតាមរបាយការណ៍របស់ប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវកញ្ញារីទ្ធ នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩ នេះថា នៅរសៀលថ្ងៃទី ០១ កក្កដា ឆ្នាំ ២០១៩នេះ នៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ (កងកេង) មានបើកអោយដំណើរការជើងហោះហើរត្រង់ពីប្រទេសថៃ មកកាន់ខេត្តព្រះសីហនុ ដែលជាការបើកការហោះហើរត្រង់ជាលើកដំបូងពីព្រលានយន្តហោះ ដនមឿង នៃព្រះរាជាណាចក្រថៃ មកកាន់ព្រលានយន្តហោះអន្តរជាតិ (កងកេង) ខេត្តព្រះសីហនុ ។
របាយការណ៍នេះបន្តថា បច្ចុប្បន្ននេះនៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ បានទទួលជើងហោះហើរក្នុងមួយថ្ងៃចំនួន ៣០ ជើងហោះហើរ ក្នុងនោះជើងហោះហើរអន្តរជាតិចំនួន ២៥ជើង និងជើងហោះហើរក្នុងស្រុកចំនួន ៥ ជើង ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះស៊ីហនុ លោក តាំង សុចិត្រគ្រឹះស្នា ធ្លាប់បានឲ្យដឹងកន្លងមកនេះថា នាពេលបច្ចុប្បន្ននេះមានក្រុមហ៊ុនអាកាសចរណ៍ចំនួន១១ កំពុងប្រតិបត្តិការហោះហើរត្រង់ទៅកាន់ខេត្តព្រះស៊ីហនុ។
ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ គឺមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន៦ និងក្រុមហ៊ុនក្រៅស្រុកចំនួន៥ ដែលកំពុងប្រតិបត្តិការហោះមកពីបណ្តាប្រទេសមួយចំនួន រួមមាន ប្រទេសវៀតណាម ម៉ាឡេស៊ី និងច្រើនជាងគេងមកពី ព ១៥ ខេត្តក្រុងរបស់ប្រទេសចិន។
លោកបន្តថា ចំនួនអាកាសចរណ៍នេះបានកើនឡើងជាបន្តបន្ទាប់សម្រា់នេះ ខណៈឆ្នាំមុនមានត្រឹមតែក្រុមហ៊ុនចំនួន ៨ ប៉ុណ្ណោះ បានហោះហើរត្រង់មកកាន់ព្រលាននេះ។ លោក សុចិត្រគ្រឹះស្នា បានបន្តថា ក្នុងមួយសប្តាហ៍ ការហោះ ហើរត្រង់មកកាន់ខេត្តព្រះសីហនុនេះ មានចំនួនជាង១០០លើក ដោយចំនួននេះមិនទាន់រាប់បញ្ចូលការហោះជាលក្ខណៈជួលនៅឡើយទេ។
លោកបញ្ជាក់ថា ការហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airway មកកាន់ខេត្តព្រះសីហនុ ព្រោះក្រុមហ៊ុនមួយនេះមើលឃើញពីតម្រូវការ និងការកើនឡើងសេដ្ឋកិច្ចសង្គម និងទេសចរណ៍ធ្វើដំណើរមកកាន់ខេត្តមួយនេះ។
ជាមួយគ្នានោះ ក៏មានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិផ្សេងទៀត ក៏កំពុងពិចារណារគហោះហើរត្រង់ មកកាន់ខេត្តជាប់មាត់សមុទ្រមួយនេះដែរ ខណៈ ដែលព្រលានយន្តហោះនេះកំពុងត្រៀមពង្រីកប្រវែងផ្លូវរត់បន្ថែមទៀត ដើម្បីទទួលយន្តហោះធុនធំៗ និងទទួលភ្ញៀវទេសចរណ៍អោយបានកាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខនេះ។
លោកពេជ្រ សុប៉ុនតារាប្រធានផ្នែកបង្កើនជើងហោះហើរនៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាធ្លាប់បានថ្លែងកន្លងមកដែរថា ព្រលានយន្តហោះក្រុងព្រះសីហនុ នឹងចាប់ផ្តើមពង្រីកនៅកំឡុងត្រីមាសទី១ឆ្នាំ២០១៩ខាងមុខ ដែលក្រោយពេលពង្រីកព្រលាននេះ នឹងមានទំហំប៉ុនគ្នានឹងព្រលានយន្តហោះអន្តរជាតិភ្នំពេញសព្វថ្ងៃនេះ។
លោកបន្តថា បច្ចុប្បន្នព្រលានយន្តហោះនេះមានប្រវែងផ្លូវរត់ដូចគ្នា នឹងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ប៉ុន្តែក្រោយពេលពង្រីកចប់ ព្រលាននេះនឹងអាចទទួលការចុះចតយន្តហោះ ដែលអាចផ្ទុកអ្នកដំនើរបានជាង៤០០នាក់។លោកបន្តថា “តាមការរំពឹងទុកយើងរំពឹងថាព្រលានយន្តហោះកងកេង នឹងទទួលបានធអ្នកដំណើរប្រមាណ៧០ម៉ឺននាក់នៅដំណាច់ឆ្នាំនេះ”៕