ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន អមដំណើរ​ដោយ​សហការី បាន​អញ្ជើញ​មក​ដាំដំឡូង​មី​នៅ​កសិដ្ធាន​ផលិត​ពូជ​ដំណាំ​តំបន់​ដី​ខ្ពស់​ចម្ការលើ​ក្នុង​ឃុំបុសខ្មុរ ស្រុក​ចម្ការលើ​ខេត្ត​កំពង់ចាម​


កំពង់ចាម ៖​នៅ​រសៀល​ថ្ងៃ​ដដែល ចេញពី​កម្មវិធី​ប្រារព្វ​ខួប ៦៨​ឆ្នាំ​ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម​រដ្ឋមន្ត្រី អមដំណើរ​ដោយ​សហការី​បាន​អញ្ជើញ​មក​ដាំដំឡូង​មី​នៅ​កសិដ្ឋាន​ផលិត​ពូជ​ដំណាំ​តំបន់​ដី​ខ្ពស់​ចម្ការលើ និង​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី បុគ្គលិក និង​កម្មករ​ដែល​បម្រើ ការ​ក្នុង​កសិដ្ឋាន​នេះ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ចម្កា​លើ ក្នុង​ឃុំ​បុសខ្មុរ ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម​។ សកម្មភាព​នេះ​មាន​គោល បំណង​ចង់​បង្ហាញ​ដល់​ប្រជា កសិករ ម្ចាស់​ចម្ការ និង​ក្រុម​ហ៊ុម​ដែល​ដាំដំឡូង​មី​ឲ្យ​យកចិត្តទុកដាក់​អំពី​ពូជ​ព្រោះថា​បើ​មាន​ការជ្រើសរើស​ពូជ​បាន​ល្អ​នោះ​វា​នឹង​ផ្តល់​ប្រយោជន៍​សំខាន់​ពីរ​យ៉ាង​គឺ ទី​១. ពូជ​ល្អ​ទិន្នផល​កើនឡើង និង​ទី​២.​ពូជ​ល្អ​គឺ​មានន័យថា​គ្មាន​ជំងឺឆ្លង ហើយ​ក៏​ចង់​ជំរុញ និង​គាំទ្រ​ឲ្យ​អគ្គនាយកដ្ឋាន​កសិកម្ម​ផលិត​ពូជ​ដំឡូង​មី​មាន​គុណភាព មាន​ផលិតភាព​ផលិតកម្ម​ខ្ពស់ និង​គ្មាន​ជំងឺឆ្លង​ដើម្បី​ផ្សព្វផ្សាយ​ពូជ​នេះ​ជូន​ប្រជា​កសិករ​នៅ​ជុំវិញ​តំបន់​នេះ​យក​ទៅ​ធ្វើ​ការដាំដុះ និង​បន្ត​ពង្រីក​ពូជ​ដំឡូង​មី​ឲ្យបាន​ទូលំទូលាយ​ទូទាំង​ប្រទេស​ឲ្យ​បាន​គ្រប់គ្រាន់ ឈាន​ទៅ​កាត់បន្ថយ​បរិមាណ​នាំចូល និង​ជា​ពិសេស​កាត់បន្ថយ​ហា​នី​ភ័យ​នៃ​ជំងឺឆ្លង​ដំឡូង​មី​ម៉ូ​សា​អ៊ិច​។

​លោក​ខាន់ សំបាន ប្រធាន​នាយកដ្ឋាន​ដំណាំ​កសិឧស្សាហកម្ម​បាន​រាយ​ការណ៍​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ជ្រាបថា​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​សហការ​ជាមួយ​វិទ្យាស្ថាន​អភិវឌ្ឍន៍​ដំឡូង​មី​ថៃ (Thai Tapioca Development Institute, TTDI) ចុះ MoU នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩ ដើម្បី​ធ្វើ​ការសិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ដំឡូង​មី​ដែល​ធន់​នឹង​ជំងឺ​វីរុស​ម៉ូ​សា​អ៊ិច និង​វិធានការ​បង្ការ​និង​ទប់ស្កាត់​ជំងឺ​នេះ​។ បច្ចុប្បន្ន ដំណាំ​ដំឡូង​មី​កំពុងតែ​ទទួលរង​នូវ​ការ​រាតត្បាត​នៃ​ជំងឺ​វីរុស​ម៉ូ​សា​អ៊ិច ដែល​ជា​ជំងឺ​មួយ​ដ៏​កាច​សាហាវ និង​បង្ក​ហា​នី​ភ័យ​ខ្ពស់​ដល់​ផលិតកម្ម​ដំឡូង​មី​រហូតដល់ ៨០%​។ ជំងឺ​នេះ​បាន​ឆ្លង​រាលដាល​ទៅ​លើ​ដំណាំ​ដំឡូង​មី​ក្នុង​ខេត្ត​ចំនួន ១២​ខេត្ត រួម មាន​ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ ពោធិ៍សាត់ បាត់ ដំបង ព្រះវិហារ កំពង់ធំ បន្ទាយ មានជ័យ ឧត្តរមានជ័យ កំពង់ចាម និង​ខេត្ត​ស្ទឹងត្រែង​។ លោក​បាន​បញ្ជាក់បន្ថែម​ថា​ជំងឺ​នេះ​គ្មាន​ថ្នាំ​ការពារ ព្យាបាល​ទេ ប៉ុន្តែ​អ្វី​ដែល​យើង​អាច​គ្រប់គ្រង និង​ទប់ស្កាត់​គឺ​ការអនុវត្ត​ប្រព័ន្ធ​ជីវ​សុ វត្ថិ​ភាព ការប្រើប្រាស់​ពូជ​មាន​គុណភាព​ល្អ មាន​ប្រភព​ច្បាស់លាស់​។ ដោយ​យល់ឃើញ​ពី​គ្រោះ មហន្តរាយ​នៃ​ជំងឺ​នេះ កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានស្នើ​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សុំឲ្យ​សមត្ថកិច្ច​នៃ​ក្រសួង​ទាំង​២ ជួយ​អន្តរាគមន៍​នៅតាម​បណ្តា​ច្រកទ្វារ​អន្តរជាតិ​ដើម្បី​បង្កើន​ការត្រួតពិនិត្យ រឹតបន្តឹង​ការ នាំចូល​ពូជ​ដំឡូង​មី​ពី​បរទេស​ខុសច្បាប់ គ្មាន​លិខិតអនុញ្ញាត និង​គ្មាន​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ​។ ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​ជំងឺ​នេះ​ឲ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ទិញ​ពូជ​ដំឡូង​មី​ប្រភេទ​ពូជ​៨១ និង​ពូជ​៨៩ ចំនួន​៦​ម៉ឺន​ដើម មកពី​ប្រទេស​ថៃ ជា​ប្រភេទ​ពូជ​ដំឡូង​មី​ដែល​គ្មាន​ជំងឺ និង​បាន​ដាំ​លើ​ផ្ទៃដី​ប្រមាណ ០៦​ហ​ត សម្រាប់​សាក​ពិសោធន៍​អំពី​គុណភាព និង​ភាព​បន្សាំ​ទៅនឹង​ជំងឺ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ដាំ​បន្ត​។ ក្រៅពីនេះ តាមរយ​:​កិច្ចសហប្រតិបត្តិការ TTDI អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ទទួល​ដើម​ពូជ​ដំឡូង​មី​ស្អាត​គ្មាន​ជំងឺ​ពី TTDI នូវ​ពូជ KU 50 ចំនួន ២៥.០០០​ដើម ត្រូវជា ១.២៥០​បាច់ សម្រាប់​ធ្វើ​ការដាំដុះ​ពង្រីក​ពូជ​នៅ​កសិដ្ឋាន​ផលិត​ពូជ​ដំណាំ​តំបន់​ដី​ខ្ពស់​ចម្ការលើ ហើយ​នឹង​ចែក​ជូន​ដើម​ពូជ​ដំឡូង​មី​ទាំង​នេះ​ដល់​កសិករ​ដាំ​ដុះ​បន្ត​នៅ​រដូវ​ក្រោយ​។​

​ដោយ​យល់ឃើញ​ពី​សក្តានុពល​ទីផ្សារ​នៃ​ដំណាំ​កសិឧស្សាហកម្ម (​ដំឡូង​មី​) របស់​កម្ពុជា ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​សហការ​ជាមួយនឹង​អង្គការ CIAT, FAO និង CAVAC ដាក់ចេញ​នូវ​វិធានការ​ទប់ស្កាត់ និង​លុបបំបាត់​ជំងឺឆ្លង​រាតត្បាត​ម៉ូ​សា​អ៊ិច នេះ ដែល​វិធានការ​សំខាន់ៗ​ទាំងនោះ​រួមមាន​៖
-​ត្រួតពិនិត្យ SPS ទៅលើ​ពូជ​ដំឡូង​មី​នាំចូល និង​ការ​ចល័ត​ពូជ

-​ជ្រើសរើស​ពូជ​ដែល​ធន់​នឹង​ជំងឺ​នេះ​មក​ដាំ ពូជ​ដែល​យក​មក​ដាំ​ជា​ពូជ​មាន​សុខភាព​ល្អ និង​មាន​ប្រភព​ច្បាស់​លាស់​។ មិន​ត្រូវ​រក្សា​ពូជ​ពី​ចម្ការ​ដែលមាន​ជំងឺ​នេះ​មក​ដាំ នៅ​រដូវ​ក្រោយ​ឡើយ

-​ចុះ​ពិនិត្យ​ចម្ការ​ដំឡូង​មី​ជាប្រចាំ បើសិន​ឃើញ​រោគសញ្ញា​ជំងឺ​នេះ ត្រូវ​ដក​យក​ដើម​ដែល​មាន​ជំងឺ​ទៅ​ដុតចោល និង​ចាត់វិធានការ​កម្ចាត់​រុយ​ស​ដែល​ជា​ភ្នាក់ងារ​ចម្លងជំងឺ​

-​ត្រូវ​រៀបចំ​ដី​ឲ្យបាន​ស្អាត​ល្អ​មុនពេល​ដាំ និង​ត្រូវ​ប្រើប្រាស់​ជី​ឲ្យ​ត្រឹមត្រូវ​តាម​បច្ចេកទេស​

-​ក្រោយពេល​ប្រមូល​ផល ត្រូវ​សម្អាត​កាកសំណល់​ដំឡូង និង​ស្មៅ​ចង្រៃយក​ទៅ​ដុតចោល ហាល​ដី​មួយ​រយៈពេល​ខ្លី ដើម្បី​កាត់បន្ថយ​ការចម្លង​វីរុស សម្រាប់​ការដាំដុះ​នៅ​រដូវ​ក្រោយ​

-​ក្នុងករណី​មាន​ការបំផ្លាញ​ធ្ងន់ធ្ងរ​ពី​ជំងឺ គួរ​ដាំ​ដំណាំ​ផ្សេង​ជំនួស​នៅ​រដូវ​បន្ទាប់​

-​ជូនដំណឹង​ទៅ​ការិយាល័យ​កសិកម្ម​ស្រុក ប្រសិនបើ​សង្ស័យ​ថា​ចម្ការ​ដំឡូង​របស់​អ្នក​ឆ្លង​ជំងឺ​។​

​មានមតិ​សំណេះសំណាល​ជាមួយ​មន្ត្រី បុគ្គលិក កម្មករ​កសិដ្ឋាន ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សាកសួរ​សុខទុក្ខ លើកទឹកចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការលះបង់​គ្រប់បែប​យ៉ាង​របស់​បង​ប្អូន​ក្នុង​ការបំពេញ​ការងារ​ជូន​រដ្ឋ សិក្សា​រៀនសូត្រ ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​ចំណេះដឹង​ជូន​កសិករ​បន្ត ដើម្បី​ធ្វើ​ការអភិវឌ្ឍ​ដំណាំ​តំបន់​ដី​ខ្ពស់​។ ទន្ទឹម​នោះ លោក​សូមឲ្យ​បងប្អូន​មើលថែរក្សា​កសិដ្ឋាន​ដែល​ជា​សម្បត្តិ​រដ្ឋ​ឲ្យ​បាន​គង់វង្ស និង​ត្រូវ​ទាញយក​ប្រយោជន៍​ពី​សក្តានុពល​ដី​កសិដ្ឋាន ៕