ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យនាយកអង្គការលេខាធិការដ្ឋានបណ្តាញអាស៊ីប៉ាស៊ីហ្វិកសម្រាប់ការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព (APFNet) និងក្រុមការងារចូលជួបសម្តែងការគួរសម


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យឯកឧត្តម Zhao Shucong នាយកអង្គការលេខាធិការដ្ឋានបណ្តាញអាស៊ីប៉ាស៊ីហ្វិកសម្រាប់ការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព (APFNet) ដែលមានស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនិងវិស័យព្រៃឈើ។

ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវកិច្ចស្វាគមន៍ ចំពោះឯកឧត្តម Zhao Shucong និងសហការីដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ស្របពេលដែលប្រទេសទាំងពីរបាននិងកំពុង ពង្រឹងនិងពង្រីកចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការពេញលេញ គ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ស្របតាមគោលនយោបាយខ្សែក្រវ៉ាត់ និងផ្លូវ។ តាមរយ:ឯកឧត្តម ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួង ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលចិន និងជាពិសេសអង្គការ ដែលបាននិងកំពុងជួយឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់លើគម្រោងអភិវឌ្ឍវិស័យព្រៃឈើកម្ពុជា។ ក្នុងទិសដៅស្តារ គ្រប់គ្រង និងអភិវឌ្ឍព្រៃឈើជាតិឡើងវិញ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ក្រសួងដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការ បានកំណត់យកទិសដៅទាំងនោះជាអាទិភាព និងកំពុងខិតខំប្រឹងប្រែងជំរុញជាខ្លាំង ដោយបានយកអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍” មកអនុវត្ត។

ឆ្លៀតយកឱកាសនេះ ឯកឧត្តម Zhao Shucong បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបពីគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពរបស់គម្រោងដែលអង្គការបានជួយគាំទ្រ និងពិនិត្យលទ្ធភាពជាក់ស្តែងដើម្បីផ្តល់ការគាំទ្រសម្រាប់គម្រោងថ្មីៗបន្ថែមទៀត។ តាមរយ:សមិទ្ធផលដែលរដ្ឋបាលព្រៃឈើសម្រេចបាន ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះក្រសួង ក៏ដូចជារដ្ឋបានព្រៃឈើដែលបានជួយសហការអនុវត្តគម្រោងសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់។ ពាក់ព័ន្ធគម្រោងដែលកំពុងអនុវត្ត ឯកឧត្តមបានបញ្ជាក់ថា អង្គការ APFNet នឹងពិនិត្យលទ្ធភាពក្នុងការបន្តការគាំទ្រជំហានទីពីរ ព្រោះឯកឧត្តមយល់ឃើញថាគម្រោងបានបំពេញតួនាទីយ៉ាងសំខាន់ក្នុងគ្រប់គ្រង ស្ថារ និងអភិវឌ្ឍន៍ធនធានព្រៃឈើកម្ពុជាឡើងវិញយ៉ាងមានប្រសិទ្ធភាព។ មួយវិញទៀត ភាគីទាំងពីរនឹងរួមគ្នាបង្កើតមជ្ឈមណ្ឌលមួយក្នុងគោលបំណងបង្កាត់ពូជឈើសំខាន់ៗ និងមានតម្លៃនៅកម្ពុជា ដោយគម្រោងនេះមានថវិកាឧបត្ថមប្រមាណជា ៥,៥លានដុល្លារសហរដ្ឋអាមេរិក ហើយគ្រោងនឹងអនុវត្តក្នុងឆ្នាំ២០២០ ខាងមុខនេះ។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ APFNet បានចាប់ផ្តើមតាំងពីឆ្នាំ ២០០៨ ហើយគម្រោងគាំទ្រមានចំនួន ៤ ដែលមានថវិកាសរុបជាង ៧,៨លានដុល្លារសហរដ្ឋអាមេរិក មានជាអាទិ៍÷

ទី១. ស្តីពី “មុខងារចម្រុះនៃការងារស្តារព្រៃឈើ និងការគ្រប់គ្រងតំបន់ព្រៃឈើរិចរឹលនៅកម្ពុជា”
ទី២. គម្រោងស្តីពី “ការរៀបចំផែនការគ្រប់គ្រងព្រៃឈើនៅតំបន់ទីជម្រាលស្ទឹងព្រែកត្នោតផ្អែកលើផែនទេសភាព”
ទី៣. គម្រោងស្តីពី “ការធ្វើសមាហរ័ណកម្មនៃការធ្វើផែនការគ្រប់គ្រងប្រព័ន្អេកូឡូស៊ីព្រៃឈើ និងគម្រោងបង្ហាញនៅមហាអនុតំបន់មេគង្គ”
ទី៤. គម្រោងស្តីពី “ការបង្កើតមជ្ឈមណ្ឌលបង្កាត់ពូជឈើមានតម្លៃនៅកម្ពុជា”

ក្នុងនោះ គម្រោងទី១ និង២ ត្រូវបានបញ្ចប់ដោយជោគជ័យ។ ចំពោះគម្រោងទី៣ កំពុងអនុវត្ត និងទី៤ នឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២០ ខាងមុខនេះ។