ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្រុងពិលីរៀបចំពិធីប្រកួតកីឡា កងយោធពលខេមរភូមិន្ទ


ភ្នំពេញ ថ្ងៃទី០៥ ខែមករាឆ្នាំ២០១៧​–ពិធីក្រុងពិលីរៀបចំពិធីប្រកួតកីឡាកងយោធពលខេមរភូមិន្ទ បានចាប់ផ្តើមក្រោមអធិបតីភាពឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រធានគណ:កម្មការរៀបចំកីឡា​កងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះនៅកោះពេជ្ររាជធានីភ្នំពេញ។

គណៈកម្មការរៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០១៧ បានឱ្យដឹងថាការប្រកួតកីឡា​កងយោធពលខេមរភូមិន្ទឆ្នាំ២០១៧(ការប្រកួតកីឡាកងទ័ព) គឺជាព្រឹត្តិការណ៍ធំមួយដែលត្រូវបានរៀបចំឡើង​ក្នុងគោលបំណងសំខាន់ៗ រម្លឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិ ៧ មករា ១៩៧៩ – ៧ មករា ២០១៧ និង ប្រមូលមូលនិធិដើម្បីគាំទ្រសកម្មភាពសមាគមអតីតយុទ្ធជនកម្ពុជា។ លើសពីនេះព្រឹត្តិការណ៍នេះនឹងបង្ហាញ ដល់សាធារណជន និងមហាជន ឈ្វេងយល់ និងយល់ដឹងបន្ថែមទៀតអំពីតួនាទី និងភារកិច្ច​របស់កងទ័ព ក្នុងការចូលរួមថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិ។ បន្ថែមពីនេះទៀតបង្កលក្ខណៈ​ឱ្យមហាជន ចូលរួមកាន់តែជិតស្និទ្ធជាមួយនឹងកងទ័ព។

តាមកម្មវិធីដែលបានគ្រោងទុកនៅថ្ងៃទី០៦ និងថ្ងៃទី០៧ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៥រសៀល កម្មវិធីប្រគុំ​តន្រ្តីនិងតាំងពិព័រណ៍។​ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៦ព្រឹក កម្មវិធីកីឡាកងយោធពល ខេមរភូមិន្ទ ឆ្នាំ២០១៧ ជាផ្លូវការចាប់ផ្តើម។ នៅថ្ងៃដដែលវេលាម៉ោង៥និង៣០នាទីរសៀល កម្មវិធីប្រគុំតន្រ្តី និងតាំងពិព័រណ៍៕