សម្តេចពិជ័យសេនា ទៀ បាញ់ ប្រាប់ក្រុមប្រឆាំងជ្រុលនិយមថា «បើមិនជួយចូកជួយចែវ សូមកុំយកជើងរាទឹក»


សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ បានប្រកាសប្រាប់ដល់ក្រុមប្រឆាំងជ្រុលនិយមថា «បើមិនជួយចូកជួយចែវ សូមកុំយកជើងរាទឹក»។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា៖ «បើមិនបានចូលរួមជួយសង្គ្រោះប្រទេសជាតិ ក្នុងគ្រាសង្គ្រាម សូមកុំរំខានដល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋក្នុងគ្រាសន្តិភាព ដូចពាក្យចាស់ពោលថា “បើមិនជួយចូកជួយចែវ សូមកុំយកជើងរាទឹក”។

សម្តេចបានបង្ហាញ ក្តីសង្ឃឹមថា ជនជ្រុលនិយមមួយក្តាប់តូច អាចនឹងយល់អំពីតម្លៃនៃសន្តិភាព និងការអភិវឌ្ឍដែលយើងទទួលបានយ៉ាងលំបាក ហើយបញ្ឈប់នូវរាល់សកម្មភាពរំខានដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។

ការប្រកាសរបស់សម្តេចពិជ័យសេនា បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំងជ្រុលនិយម ដែលដឹកនាំដោយ លោក សម រង្ស៉ី បានបំផុសបំផុល ឱ្យប្រជាពលរដ្ឋប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ និងបង្ហាញពីចេតនា ក្នុងការបំផ្លាញសន្តិភាពដែលកម្ពុជា។

ទណ្ឌិត សម រង្ស៉ី បានប្រកាសអំពីកាលបរិច្ឆេទត្រឡប់មកកាន់ប្រទេសកម្ពុជា ជាថ្មីម្តងទៀតដោយបញ្ជាក់ថា លោក និងថ្នាក់ដឹកនាំ អតីតគណបក្សសង្រ្គោះជាតិ ដែលនៅក្រៅប្រទេស នឹងត្រឡប់មកប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដែលចំនឹងថ្ងៃបុណ្យឯករាជ្យជាតិ។ លោកបានអះអាងថា ការវិលត្រឡប់របស់ លោកខាងមុខនេះ មិនមែនដើម្បីឱ្យរាជរដ្ឋាភិបាលចាប់ខ្លួននោះទេ ប៉ុន្តែជាការវិលត្រឡប់ដើម្បីចាប់ខ្លួនប្រមុខរាជរដ្ឋាភិបាល។

ទោះជាយ៉ាងណា ពាក់ព័ន្ធនឹងការប្រកាសវិលត្រឡប់របស់ លោក សម រង្ស៉ីនេះ ទោះបីជាពិត ឬមិនពិតក៏ដោយ ក៏សមត្ថកិច្ចបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ខ្លួនទណ្ឌិតរូបនេះ មកផ្តន្ទាទោស ខណៈដែលសមត្ថកិច្ចមានដីកាជាច្រើនពីតុលាការ បង្គាប់ឱ្យចាប់ខ្លួន លោក សម រង្ស៉ី។

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ធ្លាប់បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ឱ្យដឹងថា តាមច្បាប់សមត្ថកិច្ចអាចចាប់ខ្លួនទណ្ឌិត សម រង្ស៉ី បានបើទោះជាទណ្ឌិតនេះ វិលមកក្នុងថ្ងៃឈប់សម្រាក ៩វិច្ឆិកា ក៏ដោយ៕