មន្រ្ដីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ កម្ពុជាត្រៀមខ្លួនរួចរាល់ ដើម្បីអនុវត្តន៍កិច្ចសម្រួលពាណិជ្ជ​កម្មឆ្លងកាត់ព្រំដែនដោយគ្មានក្រដាសស្នាម


មន្រ្ដីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បី​អនុវត្តន៍កិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ដោយគ្មានក្រដាសស្នាម តាមរយៈការ ចូលជាសមាជិកសន្ធិសញ្ញាអង្គការសហប្រជាជាតិ ស្តីពីប្រតិបត្តិការនៅតំបន់ អាស៊ីប៉ាស៊ីហ្វិក, ការបង្កើតគណៈកម្មាធិការបញ្ជរជាតិតែមួយ និងការប្រើប្រាស់ច្បាប់ស្តីពីពាណិជ្ជកម្ម អេឡិច​ត្រូនិក ដែលបច្ចុប្បន្នកំពុងរង់ចាំរដ្ឋសភាជាតិធ្វើការអនុម័ត ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ការលើកឡើងនេះ  ក្នុងឱកាសអញ្ជើញ បើកសិក្ខាសាលាពិគ្រោះយោបល់​លើកិច្ច សម្រួល​ពាណិជ្ជកម្មឆ្លងព្រំដែន ដោយគ្មានក្រដាសស្នាមនៅកម្ពុជា នៅសណ្ឋាគារសាន់វេ នៅ​ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា មន្ត្រី​អន្តរក្រសួង តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។ នេះបើយោងតាមការ​ផ្សាយរបស់​ក្រសួងពាណិជ្ជកម្ម។

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជបានគូសបញ្ជាក់ពីសក្តានុពល និងសារៈសំខាន់នៃកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ដោយគ្មានក្រដាសស្នាម សម្រាប់​បម្រើការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា និងការជំរុញប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាពនៃលំហូរពាណិជ្ជកម្មនៅតាមប្រទេសក្នុងតំបន់ ដើម្បីបង្កើតភាពសុខដុមនីយ​កម្ម​សម្រាប់ពិភពលោក ក្នុងរយៈពេលយូរអង្វែង។ លោកជំទាវរដ្ឋលេខាធិការបានលើកឡើង អំពី​ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញពាណិជ្ជកម្មឆ្លងកាត់ព្រំដែន តាមរយៈ​ការ​កែសម្រួលនីតិវិធីរដ្ឋបាល, ការធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្ន័យគយ ASYCUDA, ការ​ដាក់ចេញនូវកំណែទម្រង់ និងវិធានការសម្រួលពាណិជ្ជកម្មដ៏មុតស្រួច ការធ្វើបច្ចុប្បន្នភាព និង​ដាក់ឱ្យដំណើរការយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម (CTIS) ឆ្នាំ២០១៩-២០២៣ និង ការចងក្រងច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក ជាដើម។

លោកជំទាវក៏បានអំពាវនាវឱ្យដៃគូអភិវឌ្ឍន៍ និងមន្ត្រីអន្តរក្រសួង ប្រើប្រាស់វេទិកា​ថ្ងៃនេះ ធ្វើការត្រួតពិនិត្យ និងពិភាក្សាឱ្យបានផុសផុល ទៅលើរបាយការណ៍សិក្សា​ចងក្រង​ឡើង​ដោយអង្គការ UNESCAP ស្តីពីសេចក្តីព្រាងសកម្មភាពសម្រាប់ពាណិជ្ជកម្មឆ្លងព្រំដែន ដោយគ្មានក្រដាសស្នាមនៅកម្ពុជា ដើម្បីបង្កើតជាផែនការអាទិភាពក្នុងរយៈពេលខ្លី សំដៅ កៀរ​គរ​ប្រភពធនធាន ជាពិសេសជំនួយសម្រាប់ពាណិជ្ជកម្ម (Aid-for-trade) សម្រាប់គាំទ្រ ការអនុវត្តនាពេលអនាគត។

គួររម្លឹកដែរថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ កម្ពុជាបានចុះហត្ថលេខាលើ​ក្របខ័ណ្ឌកិច្ចព្រមព្រៀង លើកិច្ចសម្រួលពាណិជ្ជកម្មឆ្លងព្រំដែន ដោយគ្មានក្រដាសស្នាមនៅ​អាស៊ីប៉ាស៊ីហ្វិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ ប្រកបដោយប្រសិទ្ធ​ភាព និងតម្លាភាព ព្រមទាំងធានាបាននូវការគោរពបទដ្ឋានគតិយុត្ត ដែលនឹងផ្តល់អត្ថ​ប្រយោជន៍រយៈពេលវែងដល់ប្រទេសក្នុងតំបន់៕