រាជធានីត្រៀមស្លាកសញ្ញាចរាចរណ៍ ៥ពាន់ បន្ថែម


Traf Sign 15 01 16 3 copy

     សាលា​រាជ​ធានី​ភ្នំពេញ បាន​ត្រៀម​ស្លាក​សញ្ញា​ចរាចរណ៍​ចំនួន ៥ពាន់​ស្លាក ថែម​ទៀត ក្នុង​ការ​ដាក់​ពង្រាយ​តាម​ដង​ផ្លូវ ។ ការ​ត្រៀម​ដាក់​ពង្រាយ​ស្លាក​សញ្ញា​ទាំង ៥ពាន់​នេះ គឺ​នៅ​ទន្ទឹម​នឹង​ការ​រិះ​គន់​ថា រាជ​ធានី​ភ្នំពេញ ដែល​បាន​កសាង​ផ្លូវ​ថ្មីៗ​មួយ​ចំនួន​រួច​ហើយ នៅ​មិន​ទាន់​បាន​ដាក់​ស្លាក​សញ្ញា​ដើម្បី​ការ​ងាយ​ធ្វើ​ចរាចរណ៍​ដល់​អ្នក​ដំណើរ​ឡើយ ។

     ការ​ត្រៀម​ពង្រាយ​ស្លាក​សញ្ញា​ចរាចរណ៍​នេះ គឺនៅ​ទន្ទឹម​នឹង​គម្រោង​បំពាក់​កាមេរ៉ា​សុវត្តិភាព​ថ្មី​ចំនួន ៦០០​គ្រឿង ទៀត តាម​ដង​ផ្លូវ​ក្នុង​រាជ​ធានី​ផង​ដែរ ។

សាលា​រាជ​ធានី នៅ​ជា​មួយ​នឹង​គម្រោង​បំពាក់​ស្លាក​សញ្ញា និង​ការ​បំពាក់​កាមេរ៉ា​ថ្មី កំពុង​តែ​ព្យាយាម​កាយ​ប្រឡាយ​បើក​មុខ​ទឹក ដើម្បី​នាំទឹក​ចេញ​ក្រៅ​ក្រុង​ថែម​ទៀត ។ រាជ​ធានី​ភ្នំពេញ ក្រៅ​ពី​ការ​រិះ​គន់​អំពី​ខ្វះ​សញ្ញា ក៏រង​នឹង​ការ​រអ៊ូរ​ទាំ​ពីប្រជា​ពលរដ្ឋ​ថា ជា​ក្រុង​ដែល​ងាយ​រង​ការ​លិច​ទឹក​ថែម​ទៀត ។

     អភិបាល​រាជ​ធានី​ភ្នំពេញ ឯកឧត្តម ប៉ា សុជាតិ​វង្ស បាន​ថ្លែង​ថា កិច្ច​ប្រឹង​ប្រែង​កាយ​ប្រឡាយ​បើក​មុខ​ទឹក​នេះ នឹង​អាច​កាត់​បន្ថយ​ការ​លិច​លង់​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង បាន​ពី ៧០ ទៅ ៨០% នៃ​តំបន់​ដែល​ធ្លាប់​លិច​កន្លង​មក​ផង​ដែរ ។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា កាល​ពី​ឆ្នាំ ២០១៥ កន្លង​មក រាជ​ធានី​បាន​ស្ថាប​នា​ប្រពន្ធ័​លូ និង​ផ្លូវ​ទាំង​តូច​ទាំង​ធំ បាន​ប្រវែង ១១៧​គីឡូ​ម៉ែត្រ ក្នុង​ប្រវែង​សរុប​ជាង ៦០០​គីឡូ​ម៉ែត្រ ហើយ ។ លោក​បាន​បន្ត​ថា សាលា​រាជ​ធានី​ភ្នំពេញ កំពុង​ខិតខំ​ស្តារ​ប្រឡាយ ចាប់​ពីផ្លូវ​ទំនប់​៧០ ដល់​ទំនប់​កប់​ស្រូវ ដើម្បី​ទាញ​ទឹក​ចេញ​ពី​កណ្តាល​រាជ​ធានី​… ហើយ​នៅ​សប្តាហ៏​ក្រោយ សាលា​រាជ​ធានី នឹង​ដំណើរ​ការ​លើក​ទំនប់​ ២​ជាន់ ធ្វើ​ជា​អាង​ចំរោះ​ទឹក ដែល​ការពារ​មិន​ឲ្យ​ប៉ះ​ពាល់​លើ​ផ្នែក​បរិស្ថាន​ដល់​ប្រជា​ពលរដ្ឋ​តាម​បណ្តា​សង្កាត់ ដែល​នៅ​ជាប់​ និង​អាស្រ័យ​ផល​ពី​បឹង​កប់​ស្រូវ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ឡើយ ។

     គួរ​រំលឹក​ថា រាជ​ធានី​ភ្នំពេញ​បច្ចុប្បន្ន មាន​ទំហំ​ជិត ៦៨០​គីឡូ​ម៉ែត្រ​ក្រឡា និង​មាន​ប្រជា​ជន​រស់​នៅ​ប្រមាណ​ជាង ២លាន​នាក់​ផង​ដែរ ។