ឯកឧត្តម សាយ សំអាល់ បើកកិច្ចប្រជុំកំពូលយុវជនពិភពលោក ២០១៧


នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងបរិស្ថាន បានរៀបចំបើក កិច្ចប្រជុំកំពូលយុវជនពិភពលោក ២០១៧ (Global Youth Summit) ក្រោមប្រធានបទ «បរិស្ថានស្អាត គឺផ្តើមចេញពីយុវជន» ដោយមានកិច្ចសហការរវាងក្រសួងបរិស្ថាន ជាមួយមូលនិធិ Hemispheres ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ ដោយមានការចូលរួមពីយុវជនមកពី៨ប្រទេស នៃសមាជិកអាស៊ាន រួមទាំងប្រទេសអូស្រ្តាលី និងចិន។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍អ្នកដឹកនាំជាយុវជន និងជួយជំរុញការរកដំណោះ ស្រាយប្រកបដោយភាពច្នៃប្រឌិតសម្រាប់បរិស្ថាន និងសុខមាលភាពសង្គម។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ការជួបជុំរវាងយុជនកម្ពុជា និងយុវជនដែលមកពី បណ្តាប្រទេស សមាជិកអាស៊ាននេះ គឺជាឱកាសដ៏ល្អមួយដើម្បី ផ្លាស់ប្តូរនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ក៏ដូចជាការចូលរួមនៅក្នុងការលើកកម្ពស់ការអប់ទាក់ទងវិស័យបរិស្ថាន ផ្សព្វផ្សាយពីវប្បធម៌ សក្តានុពលពីប្រទេសមួយទៅប្រទេសមួយ និងដំណើរការសកម្មភាពអភិវឌ្ឍន៍សង្គម និងបរិស្ថានអោយមាននិរន្តរភាពផងដែរ។
កិច្ចប្រជុំកំពូលយុវជនពិភពលោក (Global Youth Summit) គឺជាកម្មវិធីសកលសម្រាប់យុវជន ដែលមានអាយុចន្លោះពី១១ ដល់២១ឆ្នាំ ជួបជុំគ្នាដើម្បីរៀបចំបណ្តាញ ពិភាក្សា និងផ្តួចផ្តើមគំនិតច្នៃប្រឌិត សម្រាប់ដំណោះស្រាយបញ្ហាប្រកបដោយនិរន្តរភាពក្នុងការការពារកុមារ ទឹកសាប និងបរិស្ថានធម្មជាតិពីការ បំផ្លិចបំផ្លាញ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលយុវជនពិភពលោក ២០១៧ (GYS)នេះ មានប្រធានបទរួមគឺ ការគ្រប់គ្រងសំណល់ ធ្វើយ៉ាងណាដើម្បីជម្រុញយុវជនឱ្យយល់ដឹងអំពីការបញ្ចេញកាបូនរបស់បួកគេ និង ផ្តួចផ្តើមរួមគ្នាដោះស្រាយបញ្ហាបរិស្ថាន ដែលកម្មវិធីនេះនឹងធ្វើឡើងចំនួនពីរលើក លើកទី១ ធ្វើនៅរាជធានី ភ្នំពេញ ចាប់ពីថ្ងៃទី១២-១៤ ខែមករា ឆ្នាំ២០១៧ និងលើកទី២ ធ្វើនៅខេត្ត សៀមរាប ចាប់ពីថ្ងៃទី១៣-១៥ ខែកក្កដា ឆ្នាំ២០១៧៕