ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់បេសកកម្មរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ដែលបានដឹកនាំគណៈប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រឡប់មកដល់កម្ពុជាវិញហើយ ក្រោយបានបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម អស់រយៈពេល៦ថ្ងៃថ្មីៗនេះប្រកបដោយជោគជ័យសំខាន់ផ្នែកអធិការកិច្ចតែម្ដង។ នេះបើតាមមន្ត្រីជាន់ខ្ពស់របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចបញ្ជាក់ឲ្យដឹងនារសៀលថ្ងៃទី២២តុលានេះ។
ប្រភពបន្តថា ចំពោះវត្តមានរបស់ប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅលើទឹកដៃនៃប្រទេសវៀតណាមនាពេលនេះ បានផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការរវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាមួយអគ្គលេខាធិការដ្ឋានអធិការកិច្ច រដ្ឋាភិបាលវៀតណាម ពិសេស លើការពិនិត្យរបាយការណ៍ សមិទ្ធផលបានអនុវត្តន៍ដែលមាននៅក្នុងអនុសារណៈ បន្ទាប់ពីបានចុះហត្ថលេខាកាលពីឆ្នាំ២០០៥ កន្លងមក។
នៅក្នុងជំនួបទ្វេភាគីរវាងប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដឹកនាំដោយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាមួយ លោកឡេ មិញខាយ (H.E Mr Le Minh Khai) អគ្គអធិការ នៃអគ្គលេខាធិការដ្ឋានអធិការកិច្ច រដ្ឋាភិបាលវៀតណាម កាលពីរសៀលថ្ងៃទី១៥ ខែតុលា នៅរាជធានីហាណូយ ភាគីទាំងពីរបានរាយការណ៍ពីសមិទ្ធផលការងារ និងផ្លាស់ប្តូរបទពិសោធន៍ការងារទៅវិញទៅមក ដើម្បីជាគន្លឹះនៃការកសាងសមត្ថភាពមន្ត្រីក្រសួង លើផ្នែកអធិការកិច្ច ដូចជាការដោះស្រាយពាក្យបណ្តឹងតវ៉ា និងបណ្តឹងបរិហារ។ ជាមួយគ្នានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានស្នើសុំឲ្យភាគីវៀតណាម បន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត និងសុំជួយពង្រឹងសមត្ថភាព នៃវិទ្យាស្ថានជាតិអធិការកិច្ចកម្ពុជា ក្នុងផ្នែកបង្រៀន ស្រាវជ្រាវ និងបោះពុម្ពផ្សាយ និងផ្តល់គ្រូជំនាញដើម្បីទៅបង្រៀននៅវិទ្យាស្ថានជាតិអធិការកិច្ចកម្ពុជា រយៈពេលខ្លី និងរយៈពេលមធ្យម។
នៅក្នុងជំនួបដដែលនោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានអញ្ជើញ លោកឡេ មិញខាយ ដើម្បីដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលវេលាណាមួយដ៏សមស្របក្នុងឆ្នាំ ២០២០។
ជាការឆ្លើយតប លក ឡេ មិញខាយ បានថ្លែងអំណរគុណ ដល់ភាគីកម្ពុជា ដែលបានអញ្ជើញមក ទស្សនកិច្ចនៅលើទឹកដីនៃប្រទេសវៀតណាម និងកោតសរសើរដល់ប្រតិភូដែលបានបំពេញការងារប្រកបដោយជោគជ័យ និងលទ្ធផលគាប់ប្រសើរ។ ភាគីវៀតណាមសូមគាំទ្រទាំងស្រុងលើសំណើរបស់ភាគីកម្ពុជា។
ដោយឡែកថ្ងៃទី១៦ ខែតុលា ជាថ្ងៃទី៣ នៃដំណើរទស្សនកិច្ច គណៈប្រតិភូបានចូលជួបសម្តែងការគួរសមជាមួយ លោក ង្វៀន ស៊ុនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម។ ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងនូវការកោតសរសើរចំពោះជោគជ័យរបស់ រដ្ឋាភិបាលវៀតណាមដែលទទួលបាន ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងភ្លឺស្វាង របស់បក្សកុម្មុយនិស្តវៀតណាម។ លោកជំទាវកិត្តិសង្គហបណ្ឌិតបានរំលឹកពីទំនាក់ទំនងដ៏ល្អនៃប្រទេសទាំងពីរ ជាពិសេសការតស៊ូប្រយុទ្ធប្រឆាំងសត្រូវរួម និងបានរំដោះប្រទេស ទទួលបានឯករាជ្យ ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ កម្ពុជាបានចងចាំជានិច្ចនូវគុណូបការៈ ដ៏ថ្លៃថ្លាបំផុតរបស់វីរយុទ្ធជន យុទ្ធនារី នៃកងទ័ព និងប្រជាជនវៀតណាមដែលបានចូលរួមប្រយុទ្ធ រួមសុខរួមទុក្ខជាមួយកម្ពុជា ក្នុងការតស៊ូរួមដើម្បីឯករាជ្យ និងរំដោះប្រទេសចេញផុតពីនឹមអាណានិគមបរទេស និងរំដោះកម្ពុជាឲ្យចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
លោកជំទាវ បានរំលឹកផងដែរពីជោគជ័យ នៃទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ថ្មីៗនេះនៅវៀតណាម ដែលបង្ហាញពីទំនាក់ទំនងចំណងមិត្តភាព ក្នុងនាមជាអ្នកជិតខាងល្អ។
សូមបញ្ជាក់ថា នៅក្នុងបេសកកម្មរបស់ប្រតិភូកម្ពុជា ដែលដឹកនាំដោយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាពេលនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃរដ្ឋាភិបាលវៀតណាម និងបានចូលដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ និងទស្សនាការិយាល័យធ្វើការរបស់លោកប្រធាន ហូ ជីមិញ នៅទីក្រុងហាណូយ តាមទំនៀមទម្លាប់នៃប្រជាជនវៀតណាម។ ក្រៅពីនេះ គណៈប្រតិភូកម្ពុជា ក៏បានបន្តទស្សនកិច្ចនៅតាមតំបន់មួយចំនួន ដូចជា ៖
ទី១ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនៃធនាគារអភិវឌ្ឍន៍វៀតណាម BIDV នៅទីក្រុងហាណូយ ។
ទី២ទស្សនកិច្ចនៅទីក្រុងដាណាំង ដែលជាទីក្រុងមួយមានការអភិវឌ្ឍន៍យ៉ាងខ្លាំង ជាពិសេសផ្នែកទេសចរណ៍។
ទី៣ទស្សនាវត្តលើខ្នងភ្នំស្វា និងបានថ្វាយបង្គំព្រះបដិមាព្រះម៉ែគង់ស៊ីអ៊ីម ដោយមានការទទួលស្វាគមន៍ពីគណៈកម្មាធិការប្រជាជនទីក្រុងដាណាំង។
ទី៤ទស្សនាសារមន្ទីរប្រវត្តិសាស្ត្រដាណាំង ដែលជាតំបន់ឆ្លងកាត់ច្រើនសម័យកាល ក្នុងនោះមានសម័យកាលសង្គ្រាម ដែលពោរពេញដោយវិនាសកម្ម និងភាពខ្ទេចខ្ទាំ។
ទី៥ទស្សនាមន្ទីរពេទ្យឯកជន យ៉ា អាន ១១៥ (GIA AN 115) នៅទីក្រុងហូជីមិញ ដែលជាមន្ទីរពេទ្យថ្មី និងទំនើប មានបំពាក់ដោយបរិក្ខាទំនើប គ្រូពេទ្យជំនាញ និងផ្តល់សេវាព្យាបាលជូនអតិថិជន ដែលមានកម្រិតជីវភាពបង្គួរ។
បន្ទាប់មកគណៈប្រតិភូអញ្ជើញទស្សនាតំបន់អេកូទេសចរណ៍ចម្រុះ វាមសាត (Vam Sat) ព្រៃកោងកាង ដែលមានផ្ទៃដីចំនួន ជាង៤០ម៉ឺនហិកតា នៅទីក្រុងហូជីមិញ។
ទី៦ថ្ងៃទី១៩ ខែតុលា ដែលជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ច គណៈប្រតិភូបានចូលទស្សនាទីក្រុងហូជីមិញ រួមមាន ហាងទំនិញ និងអគារវិនកុម (Vincom Center) ដែលមានកម្ពស់៨១ជាន់ ឬ៤៣៤ ម៉ែត្រ ដែលខ្ពស់ជាងគេនៅវៀតណាម។
គណៈប្រតិភូបានធ្វើមាតុភូមិនិវត្តន៍ មកដល់កម្ពុជាវិញប្រកបដោយសុវត្ថិភាព នាល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩