ចំណតយន្តហោះថ្មី «B» ចំណាយថវិកា៨លានដុល្លារ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ


ចំណតយន្តហោះថ្មី «B» របស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលចំណាយថវិកា សម្រាប់សាងសង់ចំនួន៨លានដុល្លារ ហើយអាចផ្ទុកយន្តហោះចំនួន១២គ្រឿង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃចំនួនភ្ញៀវទេសចរ ក៏ដូចជាកំណើនយន្តហោះនានា មកចុះចតនៅរាជធានីភ្នំពេញ។

ការសម្ពោធដាក់ឱ្យប្រើប្រាស់ចំណតយន្តហោះថ្មី B នេះត្រូវបានធ្វើឡើងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោមវត្តមានឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ព្រមទាំងថ្នាក់ដឹកនាំរបស់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ យ៉ាងច្រើនផងដែរ។

បើតាមលោក អាឡាំង ប្រ៊ង (Alain BRUN) ដែលជានាយកប្រតិបត្តិនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឱ្យដឹងថា ការសម្រេចសាងសង់ ចំណតយន្តហោះថ្មី បន្ថែមនេះ គឺដើម្បីឆ្លើយតបទៅនឹងចំនួនអ្នកដំណើរ និងចំនួនយន្តហោះផងដែរ ហើយលោកសង្ឃឹមថា នៅក្នុងឆ្នាំ២០១៩នេះ ភ្ញៀវទេសចរអាចនឹងកើនឡើងដល់៦លាននាក់ សម្រាប់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

លោក អាឡាំង ប្រ៊ង បានបន្តថា ចាប់តាំងពីឆ្នាំ១៩៩៥ ដែលមានរយៈពេល ២៥ឆ្នាំមកនេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានប្តេជ្ញាចិត្ត កសាងហេដ្ឋារចនាសម្ព័ន្ធដ៏ល្អបំផុតសម្រាប់អាកាសយានដ្ឋានអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះ ការវិនិយោគ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយចំណតយន្តហោះថ្មីនេះ អាចផ្តល់ភាពងាយស្រួល ដល់យន្តហោះណា ដែលត្រូវការពេលយូរសម្រាប់ឈប់ នៅក្នុងព្រលាននេះផងដែរ។

លោកបានបញ្ជាក់ថា ចំណតយន្តហោះថ្មី B មានទំហំបណ្តោយប្រវែង៥៤០ម៉ែត្រ និងទទឹងប្រវែង៨៦ម៉ែត្រ។ លោកថា ក្រោយបញ្ចប់កម្មវិធី អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ព្រលានយន្តហោះ ត្រូវបានបញ្ចប់នោះ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នឹងមានចំណតយន្តហោះ សរុបមានចំនួន៤២ ដែលអាចនឹងបម្រើនូវសេចក្តីត្រូវការនៃការហោះហើរ ដែលកំពុងតែមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនេះ ផងដែរ។

លោក អាឡាំង ប្រ៊ង បានបន្ថែមទៀតថា ការអភិវឌ្ឍសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ ទៅបានដោយសារតែមានការចូលរួម ការគាំទ្រ និងការផ្តល់នូវអនុសាសន៍ផ្សេងៗពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានឱ្យដឹងថា ការសាងសង់ចំណតយន្តហោះថ្មី «B» នេះគឺមានគោលដំណងចំនួន២ រួមមានទី១៖ ដើម្បីជាចំណតដល់យន្តហោះសម្រាប់ទិសដៅពាណិជ្ជកម្ម និងទី២៖ គឺដើម្បីត្រៀមទទួលយន្តហោះរបស់គណៈប្រតិភូបរទេស ដែលអាចនឹងអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅឆ្នាំក្រោយ ព្រមទាំងព្រឹត្តិការណ៍ធំៗផ្សេងទៀតផងដែរ៕