មនុស្សជំនិតក្រុមប្រឆាំងមួយរូបទម្លាយថា អ្នកចូលរួមក្នុងផែនការរបស់ សម រង្ស៊ី អស់សង្ឃឹមនឹងការវាយតម្លៃរបស់លោក អេង ឆៃអ៊ាង ដែលលើកឡើងថា «មិនទទួលជោគជ័យតាមផែនការ»


មនុស្សម្នាក់ដែលសិទ្ធិនឹងមេដឹកនាំអតីតគណបក្សប្រឆាំងបានលួចទម្លាយឲ្យដឹងថា នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក អេង ឆៃអ៊ាង មេដឹកនាំមួយរូបរបស់ក្រុមឧទ្ទាម បានទទួលស្គាល់អំពីភាពបរាជ័យរបស់ខ្លួន ក្នុងការកៀរគរកម្លាំងប្រជាពលរដ្ឋនៅក្នុងប្រទេសថៃ ដើម្បីសម្រុកចូលកម្ពុជា។

ការវាយតម្លៃរបស់លោក អេង ឆៃអ៊ាង នេះធ្វើឲ្យអ្នកដែលបានចូលរួមក្នុងផែនការរបស់ក្រុមឧទ្ទាម សម រង្ស៊ី អស់សង្ឃឹមចំពោះការវាយតម្លៃនេះ ដែលចាត់ទុកសមកម្មភាពខិតខំរបស់ពួកគេ បែរជាការបរាជ័យទៅវិញ។

ការទទួលស្គាល់ និងការវាយតម្លៃនៃការបរាជ័យនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំផ្ទៃក្នុងមួយ តាមរយៈកម្មវិធី Zoom Online ពីប្រទេសម៉ាឡេស៊ី ទៅកាន់ប្រទេសថៃ ជាមួយក្រុមសកម្មជនរបស់ខ្លួន ដើម្បីវិភាគជុំវិញសកម្មភាពរបស់កម្លាំងក្រុមប្រឆាំង នៅក្នុងនិងក្រៅប្រទេស ដែលបានចេញធ្វើសកម្មភាពនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

នៅក្នុងកិច្ចប្រជុំតាម Online នោះលោក អេង ឆៃអ៊ាង បាននិយាយទៅកាន់សកម្មជនរបស់ខ្លួនថា ក្រុមរបស់ខ្លួនមិនបានទទួលជោគជ័យនោះទេ ក្នុងសកម្មភាព លើកនេះដោយសារតែគ្មានមនុស្សចេញធ្វើសកម្មភាព ហើយប្រាប់ក្រុមទាំងនោះឱ្យនៅស្ងៀមសិន។

អ្នកស្និទនឹងមេដឹកនាំអតតីមេបក្សប្រឆាំងដដែលរូបនោះទម្លាយថា មូលហេតុដែលលោក អេង ឆៃអ៊ាង ហ៊ានវាយតម្លៃថា ផែនការត្រូវបរាជ័យនោះគឺ

ទី១៖ ការប្រមូលកម្លាំងមិនបានច្រើនទាំងក្នុង និងក្រៅប្រទេសនោះ គឺដោយសារមូលហេតុជឿការភូតភរពួកមេក្លោងមួយចំនួន ដូចជា លីរនតៈ រស្មី, ម៉ន ផល្លា, ម៉ោញ សារ៉ាត់ ដែលបានអះអាងថា មានពលករច្រើនណាស់ ដែលជាសមាជិករបស់ខ្លួនរាប់សែន រាប់លាននាក់ នឹងចូលរួមគាំទ្រ និងចាំទទួលមេឧទ្ទាម,

ទី២៖ គឺមេឧទ្ទាម សម រង្ស៉ី បានប្រកាសថា ខ្លួននឹងមកកាន់ប្រទេសក្នុងអាស៊ី តាំងពីថ្ងៃទី០៤ វិច្ឆិកា ប៉ុន្តែការពិតដល់ថ្ងៃទី០៧ ខែវិច្ឆិកា មេឧទ្ទាមបានរៀបចំសម្តែង យកលេសថាក្រុមហ៊ុនយន្តហោះអត់ដឹកខ្លួន,

ទី៣៖ គឺអ្នកដែលមកចាំទទួល គឺអ្នកដែលគ្មានបទពិសោធន៍ ជាអ្នកដែលពូកែតែតាម Facebook ប៉ុណ្ណោះ ទើបពួកគេធ្វើជាបាតុករទេសចរណ៍

ទី៤៖ គឺជាបញ្ហាផ្ទៃក្នុងលើការមិនទុកចិត្តគ្នា ចំពោះការគ្រប់គ្រងថវិកា ដែលអ្នកខ្លះបានទទួលថវិកា និងអ្នកខ្លះទៀតមិនបានទទួលថវិកា រួមទាំងការមិននឹងស្មានថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ បានយ៉ាងល្អក្នុងការទប់ស្កាត់ក្រុមមេឧទ្ទាមនេះ។

ទណ្ឌិត សម រង្ស៉ី បានប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈដំណើរមាតុភូមិនិវត្តន៍របស់លោក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយធ្វើចលនាចេញពីទឹកដីថៃ ទម្លុះព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចូលទឹកដីកម្ពុជា។

ប៉ុន្តែទោះជាយ៉ាងនេះក្តី រយៈពេលពេញ១ថ្ងៃ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ស្ថានភាពនៅទូទាំងប្រទេសកម្ពុជា ពិសេសតាមព្រំដែនកម្ពុជា-ថៃ គឺកំពុងដំណើរការបានយ៉ាងល្អ ដូចធម្មតាមិនមានអ្វីប្រែប្រួលទេ ហើយប្រជាពលរដ្ឋសប្បាយរីករាយ នឹងការចូលរួមពិសាអំបុកខ្មែរថែជាតិ សាសនា និងព្រះមហាក្សត្រ។

លោក សម រង្ស៉ី បានចេញពីបារាំង ហើយទៅដល់ព្រលានយន្តហោះនាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅម៉ោង៣៖៥០នាទីរសៀល ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ទោះបីជា លោក សម រង្ស៉ី និងមេដឹកនាំឧទ្ទាមសំខាន់ៗ ទៅដល់ម៉ាឡេស៊ី ដោយប្រើប្រាស់លិខិតឆ្លងដែនបរទេស និងទិដ្ឋាការទេសចរក៏ដោយ ក៏មិនអាចស្តារបរាជ័យរបស់ខ្លួន ដែលសន្យាថាមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩បានឡើយ៕