ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការ កោតសរសើរ និងអបអរសាទរកីឡាការិនីតេក្វាន់ដូកម្ពុជា កញ្ញា ស៊ន សៀវម៉ី ដែលដណ្តើម បានមេដាយមាស ១គ្រឿង នៅព្រឹត្តិការណ៍កីឡា SEA Games 2019 ក្រោយយកឈ្នះគូប្រជែងម្ចាស់ផ្ទះហ្វីលីពីន ខណៈកីឡាការិនី ២រូបទៀតរបស់កម្ពុជាដណ្តើមបានត្រឹមប្រាក់។
នៅលើបណ្ដាញទំនាក់ទំនសង្គមហ្វេសប៊ុក កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចតេជោបានសរសេរថា កម្ពុជាសូមអបអរសាទរកីឡាការិនី ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាស ខណៈកីឡាការិនី ២រូបទៀត ដណ្តើមបានត្រឹមមេដាយប្រាក់។ សម្ដេចតេជោក៏សូមកោតសរសើរ និងអបអរសាទរកីឡាការិនីតេក្វាន់ដូកម្ពុជា កញ្ញា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាស ១គ្រឿង នៅព្រឹត្តិការណ៍កីឡា SEA Games 2019 ក្រោយយកឈ្នះគូប្រជែងម្ចាស់ផ្ទះហ្វីលីពីន។ សម្ដេចតេជោបានគូសបញ្ជាក់ថា នេះជាការការពារមេដាយមាសបានសម្រេចនៅវគ្គផ្តាច់ព្រ័ត្រដែលត្រូវបានធ្វើឡើង នៅល្ងាចថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ឈ្នះមេដាយមាសលើកដំបូងក្នុង SEA Game 2017 នៅប្រទេសម៉ាឡេស៊ី ក្នុងកីឡាតេក្វាន់ដូទម្ងន់លើស៧៣គីឡូក្រាម។
សូមរម្លឹមថា កីឡាការិនី ស៊ន សៀវម៉ី ជាអតីតម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ ឆ្នាំ២០១៧ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី។
សម្ដេចតេរជោបានបន្តថា គិតត្រឹមល្ងាចថ្ងៃអាទិត្យទី០៨ ខែធ្នូ ឆ្នាំ២០១៩ ចំពោះមេដាយបណ្ដោះអាសន្ន និងអត្តពលិក ដែលកម្ពុជាដណ្ដើមបានព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីនមានចំនួន៣៥គ្រឿង (មាស៣, ប្រាក់៦ និងសំរឹទ្ធិ២៦)៕