គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី១៥ មករានេះ បានអនុម័តសមាសភាពអគ្គលេខាធិការដ្ឋានថ្មី ដោយមានប្រធានដឹកនាំ គឺ ឯកឧត្តម ទេព និថា ។
ឯកឧត្តម ទេព និថា គឺជាអតីតអគ្គលេខាធិការចាស់នៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានបទពិសោធន៍ច្រើនជាងគេបង្អស់ ក្នុងដំណើរការរៀបចំការបោះឆ្នោត នៅប្រទេសកម្ពុជា។ សមាសភាពចំនួន ៥រូប ក្នុងអគ្គលេខាធិការដ្ឋានថ្មីនេះ គឺជាសមាសភាពជ្រើសរើសចេញពីបេក្ខភាព ចំនួន ១២៤រូប ដែលបានដាក់ពាក់ប្រកួតប្រជែងកន្លងមកនេះ ។
ប្រធាន គ.ជ.ប ឯកឧត្តម ស៊ិក ប៊ុនហុក បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា លោក ទេព នីថា នឹងទទួលបន្ទុករួមលើផ្នែករដ្ឋបាល និង ហិរញ្ញវត្ថុ ។ ចំណែកមនុស្សទី២ ដែលទទួលតំណែងអគ្គលេខាធិការរង គឺបានទៅលើ លោក ម៉ៅ សុភារិទ្ធ ដែលទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទិន្នន័យ និងបញ្ជីឈ្មោះអ្នកបោះឆ្នោត និងនាយកដ្ឋានប្រតិបត្តិការ ។
មន្ត្រីទី៣ ក្នុងអគ្គលេខាធិការដ្ឋាន ឈ្មោះ សោម សូរីដា គឺទទួលបន្ទុកនាយកដ្ឋានសេវាកម្មច្បាប់និងវិវាទកម្ម… ចំណែកមន្ត្រីទី៤ ឈ្មោះ នី ចរិយា អតីតបុគ្គលិកសមាគមការពារសិទ្ធិមនុស្ស ត្រូវទទួលបន្ទុកនាយកដ្ឋានសវនកម្មផ្ទៃក្នុង… និង មន្ត្រីទី៥ ឈ្មោះ ម៉ុក ដារ៉ា ដែលមកពីអង្គការនិកហ្វិច ត្រូវទទួលបន្ទុកនាយកដ្ឋានបណ្តុះបណ្តាល អប់រំ អ្នកបោះឆ្នោត និងនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ។