គ.ជ.ប.អនុម័តអគ្គលេខាធិការដ្ឋានថ្មី ទេព និថា ជាប្រធាន


  គ.ជ.ប 18 01 16 copy

    គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​១៥​ មករា​នេះ បាន​អនុម័ត​សមាស​ភាព​អគ្គលេខាធិការ​ដ្ឋាន​ថ្មី ​ដោយ​មាន​ប្រធាន​ដឹកនាំ គឺ ​ឯកឧត្តម​ ទេព ​និថា​ ។

     ឯកឧត្តម ទេព និថា គឺ​ជា​អតីត​អគ្គលេខាធិការ​ចាស់​នៃ​ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ដែល​មាន​បទ​ពិសោធន៍​ច្រើន​ជាង​គេ​បង្អស់​ ក្នុង​ដំណើរ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត នៅ​ប្រទេស​កម្ពុជា​។ សមាស​ភាព​ចំនួន​ ៥​រូប​ ក្នុង​អគ្គ​លេខា​ធិការ​ដ្ឋាន​ថ្មី​នេះ​ គឺ​ជា​សមាស​ភាព​ជ្រើស​រើស​ចេញ​ពី​បេក្ខភាព ​ចំនួន ​១២៤​រូប ​ដែល​បាន​ដាក់​ពាក់​ប្រកួត​ប្រជែង​កន្លង​មក​នេះ ​។

     ប្រធាន ​គ.ជ.ប ឯកឧត្តម ស៊ិក ប៊ុនហុក បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​ព័ត៌មាន​ថា លោក ទេព នីថា នឹង​ទទួល​បន្ទុក​រួម​លើ​ផ្នែក​រដ្ឋបាល និង ហិរញ្ញវត្ថុ ​។ ចំណែក​មនុស្ស​ទី២​ ដែល​ទទួល​តំណែង​អគ្គ​លេខា​ធិការ​រង គឺ​បាន​ទៅ​លើ លោក ម៉ៅ សុភារិទ្ធ ដែល​ទទួល​បន្ទុក​នាយក​ដ្ឋាន​គ្រប់​គ្រង​ទិន្នន័យ ​និង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ និង​នាយក​ដ្ឋាន​ប្រតិបត្តិ​ការ ​។

     មន្ត្រី​ទី៣ ​ក្នុង​អគ្គ​លេខា​ធិការ​ដ្ឋាន ឈ្មោះ សោម សូរីដា គឺ​ទទួល​បន្ទុក​នាយក​ដ្ឋាន​សេវា​កម្ម​ច្បាប់​និង​វិវាទ​កម្ម​… ចំណែក​មន្ត្រី​ទី​៤ ឈ្មោះ នី ចរិយា អតីត​បុគ្គលិក​សមាគម​ការពារ​សិទ្ធិ​មនុស្ស ត្រូវ​ទទួល​បន្ទុក​នាយក​ដ្ឋាន​សវនកម្ម​ផ្ទៃ​ក្នុង​… និង មន្ត្រី​ទី​៥ ឈ្មោះ ម៉ុក ដារ៉ា  ដែល​មក​ពី​អង្គការ​និកហ្វិច ត្រូវ​ទទួល​បន្ទុក​នាយក​ដ្ឋាន​បណ្តុះ​បណ្តាល អប់រំ អ្នក​បោះ​ឆ្នោត និង​នាយក​ដ្ឋាន​ព័ត៌មាន និង​ទំនាក់​ទំនង​សាធារណៈ​ ។