ដល់រដូវប្រមូលផលស្រូវ! ឯកឧត្តម ណុប រ័ត្ននិមល ដឹកនាំយុវជនជាង៦០០នាក់ ចុះជួយច្រូតស្រូវពលរដ្ឋនៅឃុំរកា ស្រុកកណ្ដាលស្ទឹង


(កណ្ដាល)៖ ក្រុមយុវជនមានគ្នាប្រមាណ ៦០៥នាក់ ដែលសុទ្ធសឹងជាក្រុមយុវជនមកពីស្ថាប័ននគរបាល កងរាជអាវុធហត្ថ និងប្រជាការពារនៅស្រុកកណ្តាលស្ទឹង ហើយសកម្មភាពនេះដឹកនាំដោយ ឯកឧត្តម ណុប រ័ត្ននិមល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយយុវជនស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រោយទទួលបានការណែនាំពីឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ឯកឧត្តម ណុប រ័ត្ននិមល បានឱ្យដឹងថា សកម្មភាពចុះជួយច្រូតស្រូវនេះ គឺជួយដល់ប្រជាពលរដ្ឋដែលខ្វះកម្លាំងពលកម្ម ហើយក៏ជាការបង្កើតវប្បធម៌ជួយគ្នា ដើម្បីបង្កើនសាមគ្គីភាព ច្រូតស្រូវក្រោមម្លប់សន្តិភាព។

តាមរបាយការណ៍របស់ ឯកឧត្តម អ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា ការងារបង្ករបង្កើនផលស្រូវវស្សាអនុវត្តបានចំនួន ៧,៨៦៩ហិកតា លើផែនការ ៨,២១១ហិកតា ស្មើនឹង ៩៥.៨៣% ក្នុងនោះស្រូវបង្កើនរដូវអនុវត្តបាន ១,៤៥០ហិកតា ស្រូវកណ្តាលអនុវត្តបាន ៣,៧៦៩ហិកតា ស្រូវធ្ងន់អនុវត្តបាន ២,៦៥០ហិកតា។ ការងារប្រមូលផលស្រូវវស្សាអនុវត្តបានចំនួន ៥,៣៥៩ហិកតា ត្រូវបង្កើនរដូវចំនួន ១,៤៥០ហិកតា ស្រូវកណ្តាលចំនួន ៣,៧៦៩ហិកតា និងស្រូវធ្ងន់ចំនួន ១៤០ហិកតា។

នៅរយៈពេលចុងក្រោយនេះ គ្រោះរាំងស្ងួតបានធ្វើឲ្យប៉ះពាល់ដល់ដំណាំស្រូវចំនួន ៥ឃុំ ស្មើនឹង ៣៦០ហិកតា ក្នុងនោះនៅឃុំរកា ១៥០ហិកតា ឃុំរលាំងកែន ១០០ហិកតា ឃុំថ្មី ៥០ហិកតា ឃុំទ្រា ៥០ហិកតា និងឃុំត្រពាំងវែង ១០ហិកតា។

ឯកឧត្តមអភិបាលស្រុកកណ្តាលស្ទឹងបានបន្តថា ឃុំរកា និងឃុំរលាំងកែន បានបូមទឹកសង្គ្រោះរួច ដោយឡែកនៅឃុំថ្មី ឃុំទ្រា និងឃុំត្រពាំងវែងស្តារប្រឡាយមេប្រវែង ២,៣០០ម៉ែត្រ និងបានបូមទឹកដាក់ប្រឡាយជូនប្រជាជនបូមដាក់ស្រែបន្ត។ ជានិច្ចកាល ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានផ្ដល់ម៉ាស៊ីនបូមទឹកជួយអន្តរាគមន៍បានទាន់ពេលវេលា ក្នុងការជួយសង្រ្គោះស្រូវរបស់ប្រជាពលរដ្ឋទូទាំងស្រុកកណ្ដាលស្ទឹង នៅពេលជួបគ្រោះរាំងស្ងួត។

នាឱកាសនោះ ឯកឧត្តម ណុប រ័ត្ននិមល បានអំពាវនាវដល់យុវជនត្រូវបន្តចូលរួមសកម្មភាពសង្គមជាមួយរដ្ឋាភិបាល ក្នុងការពារសុខសន្តិភាព កសាងអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសយកពេលវេលាទំនេរខិតខំរៀនសូត្រ ជួយការងារសង្គម ជៀសឲ្យឆ្ងាយពីគ្រឿងញៀន យុវជនជាទំពាំងស្នងឫស្សី យុវជនជាសសរទ្រូងរបស់ប្រទេសជាតិ៕