(ឧត្តរមានជ័យ)៖ ឯកឧត្តម តុប សុភ័ក អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារទេសចរណ៍ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តឆ្នាំ២០២០ របស់មន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ។
មានមតិបូកសរុបបិទអង្គប្រជុំក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងពីការងារមួយចំនួន ដែលមន្ទីរទេសចរណ៍ត្រូវអនុវត្តបន្តអោយទទួលបានជោគជ័យបន្ថែមទៀតសំរាប់ឆ្នាំថ្មី២០២០ ដូចជា ៖ ការងារសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍, ការងារវិថីលក់ម្ហូបអាហារនិងតូបលក់អាហារ (Food Street & Street Food), ការពង្រឹងការគ្រប់គ្រងអាជ្ញាបណ្ណទេសចរណ៍, ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍និងបដិសណ្ឋារកិច្ច និងជាពិសេសការងារអនាម័យបរិស្ថាន ធ្វើយ៉ាងណាធានាអោយបាននូវភាពស្អាតនិងបៃតង ព្រមទាំងអនាម័យសុវត្ថិភាពចំណីអាហារតាមគោលដៅទេសចរណ៍និងកន្លែងកំសាន្តនានានៅក្នុងខេត្ត។
លើសពីនេះទៀត ត្រូវពង្រឹងគុណភាពផលិតផលទេសចរណ៍និងបង្កើតផលិតផលទេសចរណ៍កែច្នៃបន្ថែមទៀត ព្រមទាំងសហការបង្កើតព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញទេសចរ សំដៅពន្យារពេលស្នាក់នៅរបស់ទេសចរអោយបានយូរ។