ឯកឧត្តម វេង សាខុន បានអញ្ជើញមកបំពេញបេសកកម្មរយ:ពេល ០២ថ្ងៃគឺចាប់ពីថ្ងៃទី២៧-២៨ ខែធ្នូទៅកាន់ខេត្តរតនគីរី


នៅព្រឹកថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយសហការី បានអញ្ជើញមកបំពេញបេសកកម្មរយ:ពេល ០២ថ្ងៃគឺចាប់ពីថ្ងៃទី២៧-២៨ ខែធ្នូទៅកាន់ខេត្តរតនគីរីក្នុងគោលបំណង៖
១- ដើម្បីចុះត្រួតពិនិត្យរោងចក្រកែច្នៃដំឡូងមីរបស់ក្រុមហ៊ុន។
២- អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញផ្លែចេកអំបូងលឿងស្រស់របស់ក្រុមហ៊ុន ហ័ងអាញអណ្តូងមាស ហ័ងអាញលំផាត់ ក្រុមហ៊ុនដូនពេញអាហ្រ្គីកូ និងក្រុមហ៊ុនប៊ិញហ្វឿកក្រចេះរ៉ាប់ប៊ឿ២ខមភេនី ទៅកាន់ទីផ្សារប្រទេសចិន។
៣- ពិនិត្យ និងតាមដាន និងវាយតម្លៃលើការងារបង្កបង្កើនផល ការអនុវត្តការងារបច្ចេកទេស ការងារដឹកនាំ ការគ្រប់គ្រង និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ។

នៅរសៀលថ្ងៃទី២៧ ដែលជាថ្ងៃទីមួយ នៃដំណើរបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញទៅពិនិត្យរោងចក្រម្សៅដំឡូងមីរបស់ក្រុមហ៊ុន ជា ទូច trading ដែលមានទីតាំងស្ថិតនៅភូមិសោមគល់ ឃុំសោមធំ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។ លោក អ្នកគ្រប់គ្រងទូទៅក្នុងរោងចក្របានឲ្យដឹងថា ក្រុមហ៊ុនបានដាក់ទុនវិនិយោគសាងសង់រោងចក្រនេះអស់ទឹកប្រាក់ចំនួនជាង ៣០ លានដុល្លារអាមេរិក លើផ្ទៃដីជាង ៤០ហ.ត ហើយបានសម្ភោធដាក់ឲ្យដំណើរការសកម្មភាពនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨។ រោងចក្រមានសមត្ថភាពផលិតម្សៅមីបានចំនួន ៣០០តោន/ថ្ងៃ ត្រូវការដំឡូងស្រស់ប្រមាណ ១ ២០០តោន។ បច្ចុប្បន្នបានស្រូបយកកំលាំងពលកម្មនៅមូលដ្ឋាននេះផ្ទាល់បានចំនួន ៦០នាក់។ ផលដំឡូងស្រស់ទាំងអស់ត្រូវបានប្រមូលទិញពីប្រជាកសិករដែលភាគច្រើនជាបងប្អូនជនជាតិដើមភាគតិច ដាំដុះក្នុងតំបន់នេះផ្ទាល់តែម្តងក្នុងតម្លៃ ៣៥០រៀល/គ.ក្រ ដែលត្រូវការទុនប្រមូលទិញ ១ ២០០តោន x ៣៥០រៀល/គ.ក្រ = ៤២០លានរៀល/ថ្ងៃ។ បច្ចុប្បន្នទីផ្សារម្សៅមីធំគឺឥណ្ឌា៤៨០ ដុល្លារ/តោន និងចិន ៤០០ដុល្លារ/តោន។

លោកស្រី ជា តូច បានជម្រាបប្រាប់ឯកឧត្តមរដ្ឋមន្រ្តីអំពីបញ្ហាប្រឈមមួយចំនួនដល់ដំណើរការប្រមូលទិញគឺទុន ដែលត្រូវការក្នុងមួយថ្ងៃជាង ៤២០លានរៀលប្រាក់សុទ្ធក្នុងមួយថ្ងៃ និងជា ពិសេសនៅរដូវប្រមូលផល។ ដោយឡែកការនាំចេញមានការជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួនដូចជា ការដឹកជញ្ជូនផ្លូវឆ្ងាយ និងចំណាយលើសេវាក្រៅផ្លូវការចំនួន ៤០ដុល្លារក្នុងតោន ហើយនឹងភ្លើងនៅ មានតម្លៃខ្ពស់នៅឡើយ។ ដូច្នេះ តាមរយ:ឯកឧត្តមរដ្ឋមន្ត្រី លោកស្រីបានស្នើសុំឲ្យរាជរដ្ឋាភិបាល ជួយកាត់បន្ថយចំណាយក្រៅផ្លូវការ និងស្នើសុំឲ្យធនាគារអភិវឌ្ឍន៍ជនបទឬមួយធនាគារSME ជួយផ្តល់ប្រាក់កម្ចីធ្វើជាទុនសម្រាប់ប្រមូលទិញដំឡូងមីដើម្បីរក្សាអាជីវកម្មឲ្យមាននិរន្តរភាព និងជួយពិនិត្យតម្លៃអគ្គិសនីសម្រាប់អាជីវកម្មកៃច្នៃកសិផល។

បន្ទាប់ពីបានអញ្ជើញពិនិត្យខ្សែច្រវាក់ផលិតកម្មក្នុងរោងចក្ររួចមក ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោកស្រីដើម្បីបង្កើតរោងចក្រកែច្នៃដំឡូងមីដ៏ធំមួយនេះ ដែលជាប្រយោជន៍ស្រូបយកវត្ថុធាតុដើមក្នុងស្រុកធ្វើការកែច្នៃ បង្កើនតម្លៃបន្ថែម ជួយរកទីផ្សារដំឡូងមី និងបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ រាល់បញ្ញាដែលលោកស្រីបានលើកឡើងចំពោះវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យនាយកដ្ឋានកសិឧស្សាហកម្មចុះមកណែនាំប្រជាពលរដ្ឋ និងក្រុមហ៊ុនឲ្យអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា អគ្គនាយកដ្ឋានកសិកម្មត្រូវសិក្សាស្រាវជ្រាវអំពីពូជដំឡូងមីធន់ជំងឺ និងគ្មានជំងឺដែលអាចផ្សព្វផ្សាយជូនបង ប្អូនប្រជាពលរដ្ឋដាំ ទទួលបានទិន្នផលខ្ពស់ សិក្សាស្រាជ្រាវដាំដំណាំឆ្លាស់ដើម្បីកែលម្អគុណភាពដីសម្រាប់ដំណាំដំឡូងមី។ ដោយឡែក បញ្ហាដែលស្ថិតនៅក្រៅសមត្ថកិច្ចរបស់ ក្រសួង ឯកឧត្តមរដ្ឋមន្ត្រីថានឹងធ្វើរបាយការណ៍ដាក់ជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យពិចារណាដោះស្រាយជូនជាបន្តបន្ទាប់។