ឯកឧត្តម សុខ ឥសាន គ្មាន​ឯកសារ​ណា​ច្បាស់ និង​ពិតប្រាកដ​ជាង​ឯកសារ​ដែល​ជនជាប់ចោទ​ទទួលស្គាល់​នោះទេ


ភ្នំពេញ ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា ​គ្មាន​ឯកសារ​ណា​ច្បាស់ និង​ពិតប្រាកដ​ជាង​ឯកសារ​ដែល​ជនជាប់ចោទ​ទទួល ស្គាល់​នោះ​ទេ បញ្ហាសំខាន់ គឺ​សាមី​ជន​ជា​ជនជាប់ចោទ​ទទួលស្គាល់​។

ឯកឧត្តម សុខ ឥសាន ថ្លែង​បែបនេះ​ តាមរយៈ​សារ​អេ​ឡិច​ត្រូ​និ​ច​តេ​ឡេ​ក្រាម​របស់​ខ្លួន នា​រសៀល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ ២០២០ និង​បន្ទាប់ពី​លោក កឹម សុខា បានទទួល​ស្គាល់​សំឡេង និង​រូបភាព​នៅក្នុង​វីដេអូ ដែល​ត្រូវ​បានបង្ហាញ​នៅក្នុង​សវនាការ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៥ ខែមករា ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នោះ​បាន​ថ្លែង​យ៉ាងនេះ​ថា “​គ្មាន​ឯកសារ​ណា​ច្បាស់ និង​ពិតប្រាកដ​ជាង​ឯកសារ​ដែល​ជនជាប់ចោទ​ទទួលស្គាល់​ទាំង​រូបភាព និង​សម្លេង​សា​មីជន​ទេ បញ្ហា​សំខាន់ គឺ​សា​មី​ជន​ជន​ជាប់ ចោទ​ទទួលស្គាល់។ ថា​ជនជាប់ចោទ​អត់​បាន​ប្រព្រឹត្ត​ម៉េច​កើត បើ​ជនជាប់ចោទ​ទទួលស្គាល់​ថា ជា​រូបភាព និង​សម្លេង​របស់ខ្លួន​ពិតប្រាកដ​មែន​ហើយ​”។

ឯកឧត្តម សុខ ឥសាន លើកឡើង​ទៀត​ថា ក្នុងការ​ជំនុំ​ជំ​រះ​ក្តី គេ​យក​ភស្តុតាង ឯកសារ និង​សាក្សី គេ​មិន​យកតាម​ការយល់​ឃើ​ញ​របស់​ជនណាម្នាក់ ឬ​ក្រុម​ជន​ណាមួយ​ឡើយ។ លោក​បន្ត​ថា ការដែល​ជនជាប់ចោទ​ចង់​ឲ្យ​ចាក់​វីដេអូ​ពិស្ដារ​នោះ គឺជា​ការ​ល្អ ហើយ​បើ​ចាក់​ឯកសារ​វែង​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​។ លោក​បញ្ជាក់​យ៉ាង​នេះ​ថា “​ចង់បាន​ការ​ចាក់ផ្សាយ​ឯកសារ​វែង​ទាំងស្រុង ជាការ​ល្អ​ចង់បង្ហាញ​ការ​ពិត​ បើ​យក​ឯ​សារ​ខ្លី​កាត់ត​មិន​គ្រប់គ្រាន់​ទេ មានតែ​យក​ពី​ខ្លឹមសារ​ដើម។ បើ​ចង់​យក​ឯកសារ​ពិស្តារ​មក​សំអាងតិច​ថា​កាន់តែ​ធ្ងន់​ក​ថែម​”។

សូម​បញ្ជាក់​ថា សវនាការ​លើ​សំណុំ​រឿងក្តី “​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​” របស់លោក​កឹម សុខា កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ លោក កឹម សុខា បានប្រកាស​ទទួលស្គាល់​រូបភាព និង​សំឡេង នៅក្នុង​ខ្សែ​វីដេអូ ដែលជា​ឯកសារ​ភស្តុតាង ដើម្បី​ធ្វើការ​ចោទប្រកាន់​លើ​លោក កឹម សុខា ប៉ុន្តែ​លោក​បាន​បដិសេធ ដោយសារតែ​ខ្សែ​វីដេអូ​នោះ​ខ្លី​ពេក ហើយ​ចង់​ឲ្យ​ចាក់ខ្សែ​វីដេអូ​ពេញ​ទាំងមូល៕