ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីបន្តកិច្ចសហការធ្វើឲ្យប្រសើរការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ក្នុងវិស័យអប់រំ


នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៧ ឯកឧត្ដម​បណ្ឌិត​ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​​កីឡា តំណាង​​វិទ្យាស្ថាន​បើក​ទូលាយ និង​មូលនិធិ WordForge បាន​ចុះ​ហត្ថលេខា​​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់ (MoU) ដើម្បី​បន្ត​កិច្ចសហការ​ធ្វើ​ឲ្យ​ប្រសើរ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍​ ក្នុង​វិស័យ​អប់រំ ដែល​គាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍ​ប្រទេស ក្នុង​ការ​ពន្លឿន​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍​ក្នុង​វិស័យ​អប់រំ​ឲ្យ​បាន​ប្រសើរ​ឡើង ។

អនុស្សរណៈ​នៃ​ការ​យោគយល់​នេះ ផ្ដោត​លើ​ការ​ជួយ​គាំទ្រ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការ​លើ​កម្ពស់​គុណភាព​អប់រំ តាម​រយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ ដោយ​ចាប់​ផ្ដើម​ពង្រឹង​ការ​អនុវត្ត​គោលនយោបាយ​ បង្កើត​ផែនការ​សកម្មភាព​ដែល​ត្រូវ​​អនុវត្ត​ ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​បន្ទាប់ ដើម្បី​លើក​កម្ពស់​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ការ​រៀន បង្រៀន និង​គ្រប់គ្រង​រដ្ឋបាល​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ។

ក្នុង​ឱកាស​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី​ ក៏​បាន​ធ្វើ​ការ​កោតសរសើរ​ដល់​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ដែល​បាន​សហការ​យ៉ាង​ជិត​ស្និត​ជា​មួយ​ក្រសួង​អប់រំ យុវជន​ និង​កីឡា នា​រយៈ​ពេល ១០​ឆ្នាំ​កន្លង​មក​នេះ លើ​ការងារ​អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ ក្នុង​វិស័យ​អប់រំ និង​ផ្ដល់​អនុសាសន៍​ បន្ថែម​លើ​ទិស​ដៅ​អនុវត្ត​​​បន្ត​លើ​​ការងារ​ជា​អាទិភាព​មួយ​ចំនួន​ទៀត ដូចជា ការ​សិក្សា​ស្រាវជ្រាវ​និង​អភិវឌ្ឍ​កម្មវិធី​ថ្មី​ដែល​អាច​ជួយ​សិស្ស​ថ្នាក់​ដំបូង​រៀន​សរសេរ និង​អាន​ភាសាខ្មែរ ការ​អភិវឌ្ឍ​កម្មវិធី​សិក្សា ផលិត​មាតិកា​អប់រំ​ឌីជីថល និង​សៀវភៅ​សិក្សា​គោល​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ ការ​អនុវត្ត​គោលនយោបាយ និង​បង្កើត​ផែនការ​សកម្មភាព​ដែល​ត្រូវ​អនុវត្ត ដើម្បី​លើក​កម្ពស់​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុងវិស័យ​អប់រំ​នៅ​កម្ពុជា ។