នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងវិទ្យាស្ថានបើកទូលាយ និងមូលនិធិ WordForge បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីបន្តកិច្ចសហការធ្វើឲ្យប្រសើរការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ក្នុងវិស័យអប់រំ ដែលគាំទ្រដល់គោលដៅអភិវឌ្ឍប្រទេស ក្នុងការពន្លឿនការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ក្នុងវិស័យអប់រំឲ្យបានប្រសើរឡើង ។
អនុស្សរណៈនៃការយោគយល់នេះ ផ្ដោតលើការជួយគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកម្ពស់គុណភាពអប់រំ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ដោយចាប់ផ្ដើមពង្រឹងការអនុវត្តគោលនយោបាយ បង្កើតផែនការសកម្មភាពដែលត្រូវអនុវត្ត ក្នុងរយៈពេលប្រាំឆ្នាំបន្ទាប់ ដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៀន បង្រៀន និងគ្រប់គ្រងរដ្ឋបាលរបស់ក្រសួងអប់រំ យុវជន និងកីឡា ។
ក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានធ្វើការកោតសរសើរដល់អង្គការវិទ្យាស្ថានបើកទូលាយ ដែលបានសហការយ៉ាងជិតស្និតជាមួយក្រសួងអប់រំ យុវជន និងកីឡា នារយៈពេល ១០ឆ្នាំកន្លងមកនេះ លើការងារអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ក្នុងវិស័យអប់រំ និងផ្ដល់អនុសាសន៍ បន្ថែមលើទិសដៅអនុវត្តបន្តលើការងារជាអាទិភាពមួយចំនួនទៀត ដូចជា ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍកម្មវិធីថ្មីដែលអាចជួយសិស្សថ្នាក់ដំបូងរៀនសរសេរ និងអានភាសាខ្មែរ ការអភិវឌ្ឍកម្មវិធីសិក្សា ផលិតមាតិកាអប់រំឌីជីថល និងសៀវភៅសិក្សាគោលបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ការអនុវត្តគោលនយោបាយ និងបង្កើតផែនការសកម្មភាពដែលត្រូវអនុវត្ត ដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំនៅកម្ពុជា ។